ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ពីរដ្ឋាភិបាលចំនួន៤មកពិនិត្យសិក្សា និងបានអនុម័តក្រមសីលធម៌តំណាងរាស្រ្ត
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ពីរដ្ឋាភិបាលចំនួន៤មកពិនិត្យសិក្សា និងបានអនុម័តក្រមសីលធម៌តំណាងរាស្រ្ត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/21/2018 8:18:10 PM )

ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋសភាបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលរាជរដ្ឋាភិបាលបានស្នើសុំរដ្ឋសភាអនុម័តមកពិនិត្យ និងសិក្សា មុននឹងឈានដល់ការដាក់ឬមិនដាក់ជូនរដ្ឋសភាពិភាក្សា និងអនុម័តនេះ។

ក្រៅពីការទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤នោះហើយ កិច្ចប្រជុំគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានអនុម័តលើសេចក្តីសម្រេចស្តីពីក្រមសីលធម៌អ្នកតំណាងរាស្រ្តផងដែរ។ ក្រមសីលធម៌អ្នកតំណាងរាស្រ្តដែល តាក់តែងឡើងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារតំណារាស្រ្ត ក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ចំនួន៤ ដែលរដ្ឋសភាទទួលយកមកពិនិត្យ និងសិក្សានោះ មានសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភា សម្រេច ប្រគល់ដល់គណៈកម្មការកិច្ចការបរទេស សហប្រតិ​បត្តិ​​ការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យសិក្សា ដោយ​សហ​ការ​ជា​មួយ​គណៈ​កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ហើយ​ធ្វើ​របាយ​ការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវិញ។

សេចក្តីព្រាងច្បាប់មួយទៀត គឺសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការ
អចិន្ត្រៃយ៍សម្រេចប្រគល់ដល់​គណៈកម្មការមហាផ្ទៃ ការ​ពារ​ជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ​គណៈ​កម្មការ​នីតិ​កម្ម និងយុត្តិធម៌ នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

សេចក្តីព្រាងទី៣ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រគល់ទៅឲ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើ របាយការណ៍ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាវិញ គឺសេចក្តីព្រាច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ​គណៈរដ្ឋមន្រ្តី ។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចប្រគល់ដល់ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃស​ណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរ​បាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន