ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភារំលឹកពីការឈឺចាប់ដោយសង្រ្គាមក្នុងទិវាចងចាំ២០ឧសភា ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តក្បាលដំរី ខេត្តត្បូងឃ្មុំ
សម្តេចប្រធានរដ្ឋសភារំលឹកពីការឈឺចាប់ដោយសង្រ្គាមក្នុងទិវាចងចាំ២០ឧសភា ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តក្បាលដំរី ខេត្តត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/20/2018 6:29:45 AM )

នៅក្នុងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃទិវាចងចាំ២០ឧសភា ចំពោះរបបខ្មែរក្រហម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ដោយនៅក្នុងឱកាសនោះ សម្តេចបានរំលឹកពីការឈឺចាប់ និងការបាត់បង់របស់ប្រទេសកម្ពុជានៅក្នុងភ្លើងសង្រ្គាម ពិសេសរបបប៉ុលពត។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា បើទោះបីពេលវេលាបានកន្លងផុតច្រើនទសវត្សរ៍ហើយក៏ដោយ តែពលរដ្ឋខ្មែរនៅតែចងចាំជានិច្ចពីមហាសោក នាដកម្ម និងគ្រោះមហន្តរាយរបស់ជាតិបណ្តាលមកពីភ្លើងសង្រ្គាម ដោយរដ្ឋប្រហាររបស់ពួក លន់ នល់ នៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់ បរទេស និងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

សម្តេចលើកឡើងថា អនុស្សាវរីយ៍ជូរចត់ទាំងឡាយ ក្នុងរបបទាំងពីរនេះ ខ្មែរចងចាំមិនអាចបំភ្លេចបាន គឺផ្តើមចេញពីថ្ងៃ២០ឧសភា ឆ្នាំ១៩៧៥ ដែលមេ ដឹកនាំកម្ពុជាប្រជាធិបតេយ្យ បានដាក់ចេញនូវគោលនយោបាយដ៏ខ្មៅងងឹត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត គឺការជម្លៀសប្រជាជនចេញពីភូមិដ្ឋានដោយ បង្ខំ លុបបំបាត់រូបិយវត្ថុ លុបចោលរបបទីផ្សារ ផ្សឹកព្រះសង្ឃ បិទវត្តអារ៉ាម លុបបំបាត់សាសនា លុបបំបាត់កម្មសិទ្ធិឯកជន បង្កើតផ្ទះបាយរួមទូទាំង ប្រទេស បណ្តេញជនបរទេស បិទមន្ទីរពេទ្យ បិទសាលារៀនគ្រប់កម្រិត និងកាប់សម្លាប់ប្រជាជនឯង ដោយគ្មានត្រាប្រណី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា ស្ថិតក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនោះ បណ្តាកម្លាំងអ្នកសេ្នហាជាតិដ៏បរិសុទ្ធ ដែលនៅសល់ ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោកឈរតស៊ូប្រកបដោយវីរភាព ប្រឆាំងនឹងរបបនេះ ហើយបានរួមគ្នាបង្កើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិ កម្ពុជា» នៅថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការតស៊ូរំដោះប្រទេសជាតិ រហូតទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ “ផ្តើមចេញពីការតស៊ូដ៏អង់អាចក្លាហាន​ និងការពលីសាច់ស្រស់ឈាមស្រស់របស់អ្នកស្នេហាជាតិខ្មែរជាច្រើន ទើបធ្វើអោយប្រជាជន កម្ពុជាមានជីវិតជាថ្មី ដូច្នេះសូមបងប្អូនចេះរួបរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍឲ្យបានគង់វង្សស្ថិតស្ថេរ” នេះជាការបញ្ជាក់របស់សម្តេច ប្រធានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រីបានលើកឡើងបន្តថា មហាជ័យជំនះ៧មករា ១៩៧៩ បានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុង ប្រវត្តិសាស្រ្តកម្ពុជា ហើយបើកឡើងវិញនូវទំព័រសករាជថ្មីគឺសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ៣៩ឆ្នាំកន្លងមកនេះ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិសម្រេចបាននូវសមិទ្ធផលធំៗ និងសំខាន់ៗជាប្រវត្តិសាស្រ្ត ហើយកម្ពុជាបានកំពុងបោះ ជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ សេដ្ឋកិច្ចសង្គមមាន ការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសម្រេចបានកំណើនសេដ្ឋកិច្ចថេរជាមធ្យមក្នុងរង្វង់៧% ក្នុង១ឆ្នាំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអំពាវដល់ពលរដ្ឋ ចូលរួមថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍទាំងអស់គ្នា ដោយទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ តាមបែបលទ្ធិប្រជាធិបតេយ្យក្នុងការជ្រើស រើសមេដឹកនាំដ៏ត្រឹមត្រូវសម្រាប់ដឹកនាំប្រទេសជាតិបន្តទៀត។

សូមជម្រាបថា សមិទ្ធផលនៅក្នុងវត្តក្បាលដំរី ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ បានចំណាយថវិកាសាងសង់ប្រមាណជាង២១០ លានរៀល៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន