ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជារៀបចំសិក្ខាសាលាភាសាបារាំង និងការងារសភា
សភាកម្ពុជារៀបចំសិក្ខាសាលាភាសាបារាំង និងការងារសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/17/2018 3:13:58 AM )

អគ្គលេខាធិការដ្ឋានសភាកម្ពុជា ដែលមានអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា ក្រោមកិច្ចសហការរៀបចំដោយក្រុមសភាជាតិកម្ពុជានៃសភា និយាយភាសាបារាំង និងកម្មវិធីណូរីយ៉ា(Noria-APF) បានរៀបចំសិក្ខាសាលាសភា ស្តីពី“្រហ្វង់កូហ្វូនី ភាសាបារាំង និងការងារសភា” ដែលមានវាគ្មិន ជាតិ​ និងអន្តរជាតិ និយាយភាសាបារាំងមកពីវិស័យការងារផ្សេងៗគ្នា មកចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងទិសដៅមួយដើម្បីពង្រឹងការ ប្រើប្រាស់ភាសាបារាំង ក្នុងចំណោមបណ្តាប្រទេសសភានិយាយភាសាបារាំង APF។

សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានី ភ្នំពេញ។ ឯកឧត្ដម យូ ហុក គ្រី អនុប្រធានទី១រដ្ឋសភា​ និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលានេះ នាព្រឹកថ្ងៃទី១៧ ឧសភានេះ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលានេះនឹងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាលើ ការអនុវត្តល្អៗទាក់ទងនឹងអភិបាលកិច្ចល្អតាមបែបប្រជាធិបតេយ្យ ដែលអាចនឹងចូលរួមចំណែករកឲ្យឃើញ​ និងបង្កើតបាននូវរបៀបវាយតម្លៃមួយលើ លទ្ធផលជាអទិភាពសំរាប់ការអនុវត្តផែនការយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍស្ថាប័នសភា និងវិស័យការងារនានា។ ឯកឧត្តមអគ្គលេខាធិការ ក៏បានគូស បញ្ជាក់ថា សិក្ខាសាលានេះជាផ្នែកសំខាន់មួយ ដើម្បីគាំទ្រភាសាបារាំងសម្រាប់ការងារសភានៅក្នុងវេទិកាជាតិ​ និងអន្តរជាតិ។

លោកស្រី មៀរីយឹះ អេហ្សា នាយិកាកម្មវិធីណូរីយ៉ានៃសភានិយាយភាសាបារាំង បានលើកឡើងថា​ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៦ APF តាមរយៈ កម្មវិធី Noria ដែលជាកម្មវិធីកិច្ចសហប្រតិបត្តិការ​ និងលើកកម្ពស់ការសិក្សាភាសាបារាំង បានជួយគាំទ្រដល់ការបណ្តុះបណ្តាលភាសាបារាំងនៅក្នុង ជួរមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានសភាកម្ពុជា ដែលជាផ្នែកសំខាន់ នៅក្នុងការភ្ជាប់ទំនាក់ទំនងទៅនឹងសហគមន៍និយាយភាសាបារាំងក្នុងពិភព លោក។ តែលោកស្រីបន្តថា ការសិក្សាភាសាបារាំងគឺមានការស្មុគស្មាញបើប្រៀបធៀបនឹងភាសាដ៏ទៃទៀត ដូច្នេះទាមទារការព្យាយាម។

លោកស្រី មៀរីយឹះ អេហ្សា បានវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលានាឱកាសនេះ ថាបានបញ្ជាក់ឡើងវិញនូវគោលដៅជាក់លាក់របស់កម្មវិធី Noria ពោលគឺសំដៅធ្វើឲ្យសម្រេចនូវលទ្ធផលរំពឹងទុកដូចជាការពង្រឹង និងធ្វើឲ្យកាន់តែប្រសើរឡើងនូវដំណើរការរបស់ការិយាល័យ្រហ្វង់កូហ្វូនី និងពង្រឹង សមត្ថភាពរបស់មន្រ្តីនៃស្ថាប័នសភាទាំងពីរកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម យូ ហុកគ្រី បានមានប្រសាសន៍ថា គោលដៅសំខាន់របស់សិក្ខាសាលាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងគោលដៅទី១របស់អង្គការ អន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង គឺ“ផ្តល់គុណតម្លៃដល់ការប្រើប្រាស់​ និងឥទ្ធិពលរបស់ភាសាបារាំង ក្នុងបរិបទនៃពិពិធភាពភាសា និងវប្បធម៌”។ ឯកឧត្តមបន្តថា ដើម្បីសម្រេចគោលដៅនេះ សិក្ខាសាលានឹងពិភាក្សាលើប្រធានបទសំខាន់ៗដែលបានគ្រោងទុក ដោយអ្នកចូលរួម ដែលមកពីកន្លែងផ្សេងៗគ្នា ប្រទេសផ្សេងៗគ្នា តែនិយាយភាសាបារាំងតែមួយ នឹងចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមក។

សូមជម្រាបថា សិក្ខាសាលាដែលមានគោលបំណងពង្រឹងការប្រើប្រាស់ភាសាបារាំងជាសំខាន់នេះ នឹងជជែកលើប្រធានបទសំខាន់ៗដូចជា លំហនៃ ប្រទេសនិយាយភាសាបារាំង កាលានុវត្តភាពអន្តរជាតិសម្រាប់សភាកម្ពុជា។ ភាសាបារាំង វ៉ិចទ័រការងារការទូតសភា​ និងឧបករណ៍នៃការផ្លាស់ប្តូរ ផ្នែកសេដ្ឋកិច្ច ផ្នែកឧត្តមសិក្សា និងផ្នែកវប្បធម៌។​ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងក្រុមប្រទេសនិយាយភាសាបារាំង និងប្រទេសសមាជិកអាស៊ាន (ASEAN)។ ភាសាបារាំង​ និងមធ្យោបាយការងារសភា។ ហើយក៏ជជែកផងដែរពីភាសាបារាំង និងការវិវត្តវិជ្ជាជីវៈរបស់មន្រ្តីសភាកម្ពុជា។​ ទាំងនេះគឺជា សូចនាករស្តង់ដានៃការវាយតម្លៃ គោលនយោបាយសាធារណៈ​ និងលក្ខណៈវិនិច្ឆ័យ ដែលមានទំនាក់ទំនងជាមួយនឹងអភិបាលកិច្ច តាមបែប ប្រជាធិបតេយ្យ​ ក្នុងនោះក៏មានរួមបញ្ចូលទាំងទិដ្ឋភាពវប្បធម៍ដែរ ដោយផ្តោតលើសសរស្តម្ភចំនួន៣គឺ សង្គម សេដ្ឋកិច្ច​ និងវប្បធម៍។

ឯកឧត្តមអនុប្រធានទី១រដ្ឋសភាបានគូសបញ្ជាក់ថា ​សិក្ខាសាលានេះនឹងរួមចំណែកដល់ការអភិវឌ្ឍ្រហ្វង់កូហ្វូនីក្នុងប្រទេស​ និងរដ្ឋជាសមាជិកទាំង អស់របស់ខ្លួនចំនួន៨៤ប្រទេសក្នុងវិស័យធំៗចំនួន៦ស្របតាមលក្ខន្តិកៈរបស់្រហ្វង់កូហ្វូនី​ ក្នុងនោះទី១គឺភាសាបារាំង និងភាសាជាដៃគូ។ ឯកឧត្តម យូ ហុកគ្រី មានជំនឿយ៉ាងមុតមាំថា សិក្ខាសាលានាពេលនេះនឹងដំណើរការទៅក្នុងស្មារតីសាមគ្គីភាព និងទទួលបាននូវលទ្ធផលល្អៗ ជាគុណប្រយោជន៍ ដល់ការពង្រឹងសហប្រតិបត្តិការរវាងសភានិយាយភាសាបារាំង និងសភាកម្ពុជា។

គួររំលឹកថា អ្នកចូលរួមសិក្ខាសាលានេះមានសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភា វាគ្មិនជាតិ អន្តរជាតិ តំណាងមកពីក្រសួងអប់រំ​ យុវជន និងកីឡា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានបារាំងនៅកម្ពុជា ដេប៉ាតឺម៉ង់ភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ទីភ្នាក់ងារឧត្តមសិក្សានៃប្រទេសប្រើភាសាបារាំង(AUF) អង្គការអន្តរជាតិ្រហ្វង់កូហ្វូនី(OIF) និងមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា ដែលធ្លាប់សិក្សាភាសាបារាំងក្នុងគម្រោងជំនួយរបស់កម្មវិធីណូរីយ៉ា(Noria) ជាដើម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh