ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាគាំទ្រមេត្រីភាពរវាងខេត្តសៀមរាប និងទីក្រុងម៉ាកាវ
សម្តេចប្រធានរដ្ឋសភាគាំទ្រមេត្រីភាពរវាងខេត្តសៀមរាប និងទីក្រុងម៉ាកាវ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/7/2018 11:03:17 PM )

សម្តេចប្រធានរដ្ឋសភា បានជម្រាបប្រធានប្រតិបត្តិរដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋ ប្រជាមានិតចិនថា សម្តេចគាំទ្រចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីក្រុងម៉ាកាវ ដែលជាតំបន់រដ្ឋបាលពិសេស របស់ប្រទេសចិននោះ។ ជាពិសេសសម្តេចក្នុងនាម ប្រធានរដ្ឋសភា សូមគាំទ្រចំពោះមេត្រីភាពរវាងខេត្តសៀមរាប និងទីក្រុងម៉ាកាវ ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បែបនេះ នៅពេលសម្តេចទទួលជួបសវនាការជាមួយ ឯកឧត្តម ឆយ ស៊ឺអន (Chui Sai On) ប្រធានប្រតិបត្តិរដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តម ឆយ ស៊ឺអន ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅកម្ពុជា ពិសេសបានអញ្ជើញ ធ្វើដំណើរទៅដល់ខេត្តសៀមរាប។ឯកឧត្តម ឆយ ស៊ឺអន បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សម្តេច។ ឯកឧត្តមបានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា ពេលនេះ ឯកឧត្តមបានចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ក្នុងនោះមានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអប់រំ ជាដើម។

ឯកឧត្តម ឆយ ស៊ឺអន បានលើកឡើងថា ខួប៦០ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិន ក្នុងឆ្នាំ២០១៨នេះ បាននាំមកនូវផ្លែផ្កាជាច្រើន រវាងប្រទេសទាំងពីរ ទាំងវិស័យការទូត និងពាណិជ្ជកម្ម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះតំបន់រដ្ឋបាលពិសេសម៉ាកាវ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប របស់កម្ពុជា។ សម្តេចគូសបញ្ជាក់ថា ចំណងមេត្រីភាពនេះ គឺជាការតភ្ជាប់តំបន់ប៉ូលទេសចរណ៍រវាងម៉ាកាវ និងខេត្តសៀមរាប ហើយក៏ជាការជំរុញ ផ្នែកពាណិជ្ជកម្ម និងវិនិយោគមកកម្ពុជាផងដែរ។ សម្តេចបានសំណូមពរ ឯកឧត្តម ប្រធានគណៈប្រតិភូ ជួយជំរុញ ផ្នែកវិនិយោគ និងទេសចរណ៍ មកកម្ពុជា ជាពិសេសជួយជំរុញឲ្យមានការហោះហើរត្រង់ ពីម៉ាកាវមកកម្ពុជា ។

ឯកឧត្តម ឆយ ស៊ឺអន បានសន្យាថានឹងខិតខំឆ្លើយតបរាល់សំណូមពររបស់សម្តេចប្រធានរដ្ឋសភា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ាកាវតាមពេលវេលាសមស្របណាមួយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន