ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការក្រុមប្រឹក្សានយោបាយប្រជាជនចិន ក្រុងសៀងហៃ សន្យាថានឹងជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា
គណៈកម្មាធិការក្រុមប្រឹក្សានយោបាយប្រជាជនចិន ក្រុងសៀងហៃ សន្យាថានឹងជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/26/2018 3:01:18 AM )

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ឯកឧត្តម Zhou Hanmin ប្រធានគណៈប្រតិភូនៃគណៈកម្មាធិការក្រុមប្រឹក្សានយោបាយប្រជាជនចិន(CPPCC) ប្រចាំទីក្រុង​សៀងហៃ ប្រទេសចិន បានអះអាងថា នឹងខិតខំជំរុញអ្នកវិនិយោគពីក្រុងសៀងហៃ ឲ្យមកបណ្តាក់ទុននៅកម្ពុជា ឲ្យច្រើនឡើងបន្ថែមទៀត។

ឯកឧត្តម Zhou Hanmin បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ខណៈដែល ឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម Zhou Hanmin បានលើកឡើងពីយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិនថា បានចូលរួមចំណែកក្នុងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងប្រ​ទេសនានាក្នុងតំបន់។

ឯកឧត្តម Zhou Hanmin និង ឯកឧត្តម ឈាង វុន បានសម្តែងក្តីរីករាយរួមគ្នា ចំពោះចំណងមិត្តភាពកម្ពុជា-ចិន ដែលបានកើតឡើងតំាងពីយូរ មកហើយ ហើយត្រូវបានថ្នាក់ដឹកនាំប្រទេសទំាងពីរនាពេលបច្ចុប្បន្ននេះ បន្តខិតខំពូនជ្រុំឲ្យឈានដល់កម្រិតមួយ ដែលមិនធ្លាប់មាន គឺជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ។

ឯកឧត្តម ឈាង វុន បានជម្រាប ឯកឧត្តម Zhou Hanmin និងគណៈប្រតិភូ ពីជំហររបស់កម្ពុជាក្នុងការគំាទ្រគោលន​យោ​បាយចិនតែមួយ។ កម្ពុជាបានទទូចសូមឲ្យមានការដោះស្រាយបញ្ហាសមុទ្រចិនដោយសន្តិវិធី រវាងប្រទេសចិននិងប្រទេសដែលមានបញ្ហា​ ដោយមិនត្រូវឲ្យមានភាគីទី៣ លូកដៃនោះឡើយ។

ឯកឧត្តម Zhou Hanmin បានលើកឡើងថា ទីក្រុងសៀងហៃ បានចូលរួមចំណែកជួយអភិវឌ្ឍន៍វិស័យទឹកស្អាតដល់ប្រទេសកម្ពុជា តាមរយៈ សំណូមពរពីរដ្ឋសភាកម្ពុជា។ ជាទិសដៅបន្ថែម ឯកឧត្តមនឹងខិតខំជំរុញឲ្យអ្នកវិនិយោគពីទីក្រុងសៀងហៃ មកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើន ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍កម្ពុជាឆ្ពោះទៅមុខជានិច្ច៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh