ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាស្នើសុំភាគីវៀតណាមចែករំលែកបទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF
អគ្គលេខាធិការដ្ឋានរដ្ឋសភាស្នើសុំភាគីវៀតណាមចែករំលែកបទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/26/2018 2:50:16 AM )

នៅពេលភាគីប្រទេសវៀតណាម បានអញ្ជើញធ្វើដំណើរមកប្រគល់ទង់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ជូនដល់រដ្ឋសភាកម្ពុជា ជានិមិត្តរូបបង្ហាញថា ចាប់ពីពេលនេះទៅសភាកម្ពុជាគឺជាប្រធានAPPF បន្តពីប្រទេសវៀតណាមនោះ ភាគីកម្ពុជាក៏បានស្នើសុំភាគីវៀតណាមចែករំលែក បទពិសោធន៍ដែលខ្លួនធ្វើជាប្រធានAPPF ពិសេសការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៦ ដែលសភាប្រទេសវៀតណាម បានរៀបចំរួចហើយ កាលពីដើម ឆ្នាំ២០១៨នេះ ផងដែរ។

នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និង ឯកឧត្តម Vu Hai Ha អនុប្រធានគណៈកម្មាធិការកិច្ចការ បរទេសរដ្ឋសភាវៀតណាម នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឡេង ប៉េងឡុង បានលើកឡើងពីសំណើនេះ ហើយភាគីវៀតណាម ជាពិសេស ឯកឧត្តម Vu Hai Ha ដែលបានដើរតួនាទីសំខាន់នៅក្នុងការរៀបចំកិច្ចប្រជុំលើកទី២៦ APPF មានក្តីរីករាយ និងស្វាគមន៍ក្នុងការចែករំលែកបទពិសោធន៍ទំាងអស់នោះ ដល់សភាកម្ពុជា។

សូមជម្រាបថា ក្នុងនាមជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ប្តូរវេននេះ សភាកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំានៃវេទិកាសភាធំមួយនេះ។ តាមគម្រោងកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ គ្រោងធ្វើនៅខេត្តសៀមរាប ទឹកដីអង្គរ នាដើមខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិ នៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ APPFជាវេទិកាសភាមួយ ដែលប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋ ដើម្បីជំរុញលើកកម្ពស់សន្តិភាព និង ការអភិវឌ្ឍដោយចីរភាព។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ខុសពីអង្គការ ឬវេទិកាសភាដ៏ទៃ ដោយសារ APPF មិនមានលេខាធិការដ្ឋានជាអចិន្រ្តៃយ៍ ដូចអង្គការសភាដ៏ទៃ ដែលបញ្ហានេះ បានធ្វើឲ្យប្រទេសទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំ មានការលំបាកបន្តិចក្នុងការរៀបចំ ពិសេសបញ្ហាលើឯកសារ និងរបៀប វារៈកិច្ចប្រជុំជាដើម។

ទោះជាយ៉ាងណា នៅក្នុងជំនួបពិភាក្សាការងារជាមួយភាគីវៀតណាម ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានលើកឡើងថា ក្នុងការ ត្រៀមរៀបចំកិច្ចប្រជុំលើកទី២៧APPFនេះ រហូតមកដល់នេះរដ្ឋសភាកម្ពុជា បានបង្កើតក្រុមលេខាធិកាដ្ឋានមួយ ដើម្បីចាត់ចែងរៀបចំការងារមួយ ឆ្ពោះទៅបើកកិច្ចប្រជុំប្រចំាឆ្នាំនោះ នៅក្នុងនោះ មានក្រុមការងារឯកសារ និងទំនាក់ទំនងអន្តរជាតិជាដើម។

ឯកឧត្តម Vu Hai Ha បានឯកភាពទៅតាមសំណើ ឯកឧត្តម ឡេង ប៉េងឡុង ហើយរដ្ឋសភាវៀតណាមនឹងផ្តល់កិច្ចសហប្រតិបត្តិការគ្រប់បែបយ៉ាង តាមសំណើភាគីកម្ពុជា។

សួមជម្រាបថា នៅរសៀលថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៨ លោកជំទាវ តុង ធីហ្វុង អនុប្រធានសភាប្រទេសវៀតណាម ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានAPPF ត្រូវចប់អាណត្តិ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់សភាប្រទេសវៀតណាម អញ្ជើញមកប្រគល់ទង់APPF ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជានិមិត្តិរូបនៃការផ្ទេរ តំណែងប្រធានប្តូរវេន ដឹកនាំ APPF ពីសភាប្រទេសវៀតណាម ជូនដល់សភានៃព្រះរាជាណាចក្រកម្ពុជា។

ពិធីផ្ទេរនិងទទួលតួនាទីជាប្រធាន APPF បានប្រារព្ធធ្វើនៅវិមានរដ្ឋសភា ដោយបានរៀបចំពិធីផ្លូវការយ៉ាងអធិកអធម ដោយមានវត្តមាន ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសជប៉ុន ប្រចាំនៅកម្ពុជា ដែលជាប្រទេសស្ថាបនិក APPF ចូលរួមជាសាក្សីផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh