ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សុខ សូកាន៖ ដើម្បីការពារសន្តិភាព ប្រជាធិបតេយ្យ ពលរដ្ឋត្រូវចូលរួមបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ ខាងមុខនេះ
ឯកឧត្តម សុខ សូកាន៖ ដើម្បីការពារសន្តិភាព ប្រជាធិបតេយ្យ ពលរដ្ឋត្រូវចូលរួមបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ ខាងមុខនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/19/2018 6:38:53 PM )

ឯកឧត្តម សុខ សូកាន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានសំណូមពរដល់ប្រជាពលរដ្ឋ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ និងដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីទទួលបានការអភិវឌ្ឍបន្តទៀត។ ឯកឧត្តមតំណាងរាស្រ្តបានលើក ឡើងថា កាតព្វកិច្ចសំខាន់មួយរបស់ពលរដ្ឋក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ តាមបែបប្រជាធិបតេយ្យនេះ គឺពលរដ្ឋត្រូវចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ការលើកឡើងរបស់តំណាងរាស្រ្តមណ្ឌលខេត្តតាកែវបែបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ សាលាធម្មសភា កុដិ និងសមិទ្ធផលជាច្រើនទៀតនៅក្នុងវត្តឧទុម្ពរ ដែលស្ថិតនៅក្នុងភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង្ស ខេត្តតាកែវ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នេះ។

នៅចំពោះមុខព្រះសង្ឃ លោកយាយលោកតា ប្រជាពុទ្ធបរិស័ទ្ធ ឯកឧត្តម សុខ សូកាន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំជាង៣ទសវត្សរ៍របស់ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រទេសកម្ពុជាមានភាពម្ចាស់ការពេញលេញក្នុងការដឹកនាំជោគវាសនារបស់ខ្លួន ជាមួយសុខសន្តិភាព វឌ្ឍនភាព ជាលំដាប់។ កម្ពុជាមានសន្តិភាពពេញផ្ទៃប្រទេស ហើយមានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានប្រជាធិបតេយ្យពិតប្រាកដ។

ឯកឧត្តមតំណាងរាស្រ្តបានលើកឡើងបន្តថា ឈរលើមូលដ្ឋានសុខសន្តិភាព ដែលមានពេញផ្ទៃប្រទេស កម្ពុជាមានឱកាសសម្រាប់ការអភិវឌ្ឍលើគ្រប់ វិស័យ ទំាងខាងអាណាចក្រ និងពុទ្ធចក្រ។ សិទ្ធិសេរីភាព និងជំនឿសាសនាត្រូវបានបើកចំហ ដែលបានធ្វើឲ្យវិស័យសាសនានៅកម្ពុជាមានការ រីកចម្រើនសម្បូរ និងមានសុខដុមនីយកម្មសាសនាគួរជាទីមោទនៈ។ ដោយឡែក ចំពោះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនោះ មានការរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលបច្ចុប្បន្ននេះ កម្ពុជាមានវត្តអារាមចំនួនជាង៤០០០នៅទូទាំងប្រទេស ដែលផ្ទុយស្រឡះពីរបបប៉ុលពត ដែលមិនអនុញ្ញាតឲ្យមានសាសនាជំនឿអ្វីនោះឡើយ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ សូកាន បានរំលឹកពីអនុស្សាវរីយ៍ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពុទ្ធសាសនាដែលបានអប់រំ និងផ្តល់ ចំណេះដឹងជាច្រើនដល់រូបឯកឧត្តមផ្ទាល់ក៏ដូចជាឪពុករបស់ឯកឧត្តមគឺ សម្តេចវិបុលបញ្ញា សុខ អាន។ ទំាងឪពុក និងរូបឯកឧត្តម សុទ្ធតែធ្លាប់បាន បួសរៀន និងស្នាក់អាស្រ័យជាមួយវត្តអារាមនៅក្នុងស្រុកគិរីវង់នេះ នាពេលកន្លងមក។

សូមជម្រាបថា បច្ចុប្បន្នស្រុកគិរីវង្ស ខេត្តតាកែវ ជាតំបន់មួយដែលមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ការអភិវឌ្ឍនេះ ទទួលបានចាប់តំាងពីពេលដែល សម្តេចវិបុលបញ្ញា សុខ អាន នៅជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវមកម្ល៉េះ។ ស្រុកគិរីវង្ស ជាគឺស្រុកកំណើតផ្ទាល់ សម្តេចវិបុលបញ្ញា សុខ អាន។ ស្រុកគិរីវង្សមានសហគមន៍កសិកម្ម ហើយសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន បានសាងសង់នៅទីនេះ មានដូចជា វត្តអារាម ស្ពាន ថ្នល់ ប្រឡាយទឹក សាលារៀន ។

ជាមួយគ្នានេះ ឯកឧត្តម សុខ សូកាន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ព្រះគ្រូរតនសាសនមុនី លឹម គឹមឡុង ព្រះចៅ អធិការវត្តឧទុម្ពរ ដែលនឹងត្រូវផ្លាស់ទៅកាន់តំណែងជាព្រះមេគុណខេត្តត្បូងឃ្មុំ ព្រះតេជ្ជគុណ គណៈកម្មការអាចារ្យវត្ត សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តឧទុម្ពរទាំងអស់ ដែលបានរួមកម្លំាងកាយចិត្ត និងថវិកា ក្នុងការកសាងសមិទ្ធផលជាច្រើន ដែលបានដាក់ សម្ពោធនាឱកាសនេះ។

បើតាមការឲ្យដឹងរបស់ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ សមិទ្ធផលដែលសម្ពោធក្នុងពេលនេះ បានចំណាយថវិកាសាងសង់ អស់ជាង៣០ម៉ឺនដុល្លារ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh