ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » បើកសម័យប្រជុំរដ្ឋសភាលើកទី១០៖ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា រដ្ឋសភាបានបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព
បើកសម័យប្រជុំរដ្ឋសភាលើកទី១០៖ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា រដ្ឋសភាបានបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/8/2018 8:14:29 PM )

ក្នុងព្រះរាជសារផ្ញើជូនសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលលើកឡើងថា រដ្ឋសភាក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ បានបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនប្រកប ដោយប្រសិទ្ធភាព ជាពិសេសបានអនុវត្តតួនាទីរបស់ខ្លួនក្នុងមុខងារនីតិកម្ម ធ្វើជាអ្នកតំណាង និងតាមដានការអនុវត្តច្បាប់សម្រេចការងារបានយ៉ាង ល្អប្រសើរ។

រដ្ឋសភាបានបើកសម័យប្រជុំលើកទី១០ នីតិកាលទី៥ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ។ នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ ផ្ញើជូនសម័យ ប្រជុំរដ្ឋសភាលើកទី១០នេះ ទ្រង់បានគូសបញ្ជាក់បន្តថា ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នរដ្ឋកំពូលៗ មានព្រឹទ្ធសភា ក្រុមប្រឹក្សា ធម្មនុញ្ញ រាជរដ្ឋាភិបាល អង្គការអន្តរជាតិនានា និងអង្គការក្រៅរដ្ឋាភិបាល រដ្ឋសភាបានបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ក្នុងការតាក់តែង និងអនុម័តច្បាប់ឲ្យស្របទៅនឹងស្ថានភាពរបស់សង្គមជាតិ។

ព្រះរាជសារលិខិតបានបន្តថា “នៅក្នុងនីតិកាលទី៥នៃរដ្ឋសភានេះ ខ្ញុំព្រះករុណាខ្ញុំសង្កេតឃើញថា ប្រទេសកម្ពុជាបានទទួលជោគជ័យ ក្នុងការ សម្រេចបានកំណើនផលិតផលក្នុងស្រុក តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលបានបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យសុខាភិបាល សំដៅលើកស្ទួយអនាម័យ សុខភាព សុខុមាលភាពរបស់ប្រជាជនបានកាន់តែល្អប្រសើរ ជាពិសេសប្រជាជនក្រីក្រ ស្រ្តី និងកុមារ។ លើសពីនោះ ក៏បានអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ប្រព័ន្ធសុវត្ថិភាពសង្គម ការគំាពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ ការការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងគោលនយោបាយ ជាតិសម្រាប់មនុស្សចាស់”។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ទ្រង់បានមានព្រះរាជបន្ទូលបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៥នេះ ក៏បានប្រឹងប្រែងអភិវឌ្ឍន៍បណ្តាញ ហេដ្ឋារចនាសម័្ពន្ធគមនាគមន៍ដឹកជញ្ជូនគ្រប់ប្រភេទ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទីក្រុងឲ្យក្លាយទៅជាប្រព័ន្ធភស្តុភាកម្មមួយដ៏រស់រវើក រួមចំណែក លើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជន។ ជាមួយគ្នានេះ ព្រះអង្គក៏បានមានព្រះរាជបន្ទូលបន្តថា “ខ្ញុំសូម កោតសរសើរចំពោះលទ្ធផលនៃការអភិវឌ្ឍទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្ពុជា ស្អាត និងបៃតង ដែលជាការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ”។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងាររបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទំាងថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការដ្ឋសភាទំាងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនក្នុងការបម្រើសង្គមជាតិ។

ព្រះករុណាព្រះមហាក្សត្រមានព្រះរាជអង្គការថា “ខ្ញុំសូមអបអរសាទរដល់រាជរដ្ឋាភិបាល ដែលតែងតែបានប្រកាន់ភ្ជាប់នូវគោលការណ៍សាមគ្គីជាតិ ដើម្បីរួបរួមពួតដៃគ្នារវាងប្រជាជាតិកម្ពុជាទំាងអស់ ទំាងក្នុង និងក្រៅប្រទេសលើគ្រប់មជ្ឈដ្ឋាន និងនិន្នាការនយោបាយ ដើម្បីកសាង និងការពារជាតិ សមិទ្ធផលសង្គម និងការធានាឲ្យមានឯកភាពជាតិ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព”៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន