ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តជនីរង្សី ខេត្តត្បូងឃ្មុំ
សម្តេចប្រធានរដ្ឋសភាអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តជនីរង្សី ខេត្តត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/8/2018 7:50:17 PM )

ព្រះវិហារដែលបានចំណាយថវិកាសាងសង់អស់ប្រមាណ១៣ម៉ឺនដុល្លារ រួមនឹងសមិទ្ធផលជាច្រើនទៀត បម្រើដល់វិស័យព្រះពុទ្ធសាសនា ក្នុងការ គោរពប្រតិបត្តិរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងវត្តជនីរង្សី ហៅវត្តកំពង់រាំង ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ ដាក់ឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

ហេដ្ឋារចនាសម្ព័ន្ធដ៏ស្កឹមស្កៃក្នុងវិស័យព្រះពុទ្ធសាសនា ដែលលេចជារូបរាងនាឱកាសនេះ បានបង្ហាញពីការរីកចម្រើនវិស័យព្រះពុទ្ធសាសនា និង ជីវភាពរបស់ពលរដ្ឋ ដោយសារថាសមិទ្ធផលទំាងអស់នោះ កើតឡើងពីសទ្ធាពុទ្ធបរិស័ទ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ មាន ប្រសាសន៍ក្នុងឱកាសសម្ពោធសមិទ្ធផលទំាងនោះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា កាលពីឆ្នាំ១៩៧៩ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស កម្ពុជាបានខ្ទេចខ្ទីស្ទើរទំាងអស់ ពលរដ្ឋមានតែបាតដៃទទេ។ ឆ្លងកាត់ការលំបាកអស់ពេលវេលាជាច្រើនឆ្នាំ កម្ពុជាបានកសាងសង្គមមួយឲ្យសម្បូរ សប្បាយ កសាងលទ្ធិប្រជាធិបតេយ្យ ពលរដ្ឋបានរស់នៅក្រោមម្លប់សុខសន្តិភាព តាមយុទ្ធសាស្រ្តឈ្នះៗ។

សម្តេចបានសង្កត់ធ្ងន់ថា “ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជា ក្រៅពីជោគជ័យលើការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ រួមមានការអនុវត្តច្បាប់ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត បើធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់ គឺយើងបានធ្វើសមាហរណកម្មខ្លួន យ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក ហើយបានក្លាយជាប្រទេសគោលដៅដែលមានភាពទាក់ទាញបំផុត សម្រាប់វិស័យទេសចរណ៍ និង វិនិយោគ”។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា បន្ទាប់ពីពិធីកាត់ឬសសីមាព្រះវិហារដ៏ថ្មីស្រឡាងនេះ នឹងក្លាយជាកន្លែងសម្រាប់ភិក្ខុសង្ឃ ជួបប្រជុំគ្នា ធ្វើព្រះសង្ឃកម្ម ឬឧបោសថកម្ម និងបវារណាកម្ម បំបួសកូននាគ ទទួលអង្គកថិនទាន និងបំពេញព្រះធម្ម ព្រះវិន័យ តាមពុទ្ធានុញ្ញាតរបស់ ព្រះសម្មាសម្ពុទ្ធ។ ព្រះវិហារ និងសេនាសនៈ ដែលទទួលបាននៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលពលរដ្ឋទទួលបាននៅក្នុងខេត្តត្បូងឃ្មុំនេះ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រជាជនខ្មែរប្រមាណ៩៥%គោរពព្រះពុទ្ធសាសនា ហើយចាត់ទុកវត្តអារាមមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ ទីវត្តអារាមមិនត្រឹមជាទីកន្លែងសម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះ បណ្តាលចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់សាមគ្គីគ្នាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រថែមទៀតផង។ ជាមួយនេះដែរ វត្តអារាម មានតួនាទីមិនត្រឹមតែធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែក យ៉ាងសកម្ម នៅក្នុងការពង្រឹងសណ្តាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ និងថែរក្សាការពារអត្តសញ្ញាណជាតិថែមទៀតផង។

វត្តជនីរង្សី ហៅវត្តកំពង់រាំង បានកសាងឡើងនៅក្នុងឆ្នាំ១៩៥០ តែមិនខុសពីទីអារាមដ៏ទៃទៀតនៅក្នុងប្រទេសនោះទេ វត្តជនីរង្សីត្រូវបានបំផ្លិចបំផ្លាញ នៅក្នុងរបបខ្មែរក្រហម។ ក្រោមការយកចិត្តទុកដាក់ និងលើកម្ពស់ពីរដ្ឋាភិបាល ដោយមានការគំាទ្រពីប្រជាពលរដ្ឋ វិស័យព្រះពុទ្ធសាសនាបានរស់ រានឡើងវិញនៅក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩។ វត្តអារាមបានជួសជុលកសាងឡើងបន្តបន្ទាប់ ហើយកាន់តែមានសោភណ្ឌភាព គុណភាព នៅពេល ជីវភាពពលរដ្ឋកាន់តែរីកចម្រើន ប្រទេសជាតិមានសេដ្ឋកិច្ចល្អប្រសើរនោះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh