ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុប្រធានទី២រដ្ឋសភា សម្ពោធសមិទ្ធផលពុទ្ធសាសនារាប់ម៉ឺនដុល្លារក្នុងវត្តដូង ខេត្តកំពង់ធំ
អនុប្រធានទី២រដ្ឋសភា សម្ពោធសមិទ្ធផលពុទ្ធសាសនារាប់ម៉ឺនដុល្លារក្នុងវត្តដូង ខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/8/2018 6:52:48 PM )

ឧបដ្ឋានសាលា២ខ្នង មានទំហំ៣២ម៉ែត្រគុណ ២៨ម៉ែត្រ កម្ពស់១៣ម៉ែត្រកន្លះ រួមជាមួយសមិទ្ធផលនានាមួយចំនួន ដែលចំណាយថវិកាអស់ជិត ៧០០លានរៀល និង១៥ម៉ឺនដុល្លារ ស្ថិតនៅក្នុងវត្តព្រះស្រីឯកោរាមាធិបតី ហៅវត្តដូង ស្ថិតក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានប្រារព្ធ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា និងជា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ

មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនៅក្នុងពិធីបុណ្យដ៏ជ្រះថ្លានេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានលើកឡើងពី ការរីកចម្រើនវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ថាបានកើតឡើងដោយសារការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និង ប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់។ ឯកឧត្តមបានលើកឡើងថា វត្តអារាមថ្មី និងចាស់បានកសាង និងជួសជុលក្រោយរបបប៉ុលពតគឺក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩មក។ សមិទ្ធផលថ្មីៗត្រូវបានសាងសង់ឡើង យ៉ាងល្អប្រណិតនៅតាមវត្តអារាមទូទំាងប្រទេស ដើម្បីពលរដ្ឋគោរពបូជាតាមសទ្ធារៀងៗ​ខ្លួន។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា ពិធីសម្ពោធសមិទ្ធផលនៅក្នុងវត្តដូងនាពេលនេះ មិនត្រឹមឆ្លុះបង្ហាញឲ្យឃើញអំពីវឌ្ឍនភាព ជំនឿសាសនារបស់ពលរដ្ឋចំពោះព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែបានបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព វប្បធម៌ចែករម្លែក និងការគាំទ្រ របស់ប្រជាពលរដ្ឋ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានតស៊ូគ្រប់ឧបសគ្គ ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់ពួកអគតិ ដែលតែងតែប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈសកម្មភាពបដិវត្តន៍ពណ៌។ ឯកឧត្តមបានលើកឡើងថា ពួកនោះមិនដែលទទួលស្គាល់ការពិតពីការខិតខំរបស់រដ្ឋាភិបាល ហើយមើលមិន ឃើញពីសមិទ្ធផលប្រទេសជាតិនោះទេ។ ផ្ទុយទៅវិញពួកនោះបានបំផ្លើសការពិត ញុះញង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគោរពរដ្ឋធម្មនុញ្ញ ថែរក្សាសុខសន្តិភាព និងខិតខំអភិវឌ្ឍន៍ លើកកម្ពស់ជីវភាព ពលរដ្ឋ ដូច្នេះសូមពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចូលរួមថែរក្សាការពារសុខសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍបន្តទៀត។

មុនបញ្ចប់កម្មវិធី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានបំពាក់គ្រឿងឥស្សរិយយសមេដាយស្ថាបនាជាតិប្រគេន ព្រះសង្ឃ ជូនមន្ត្រីរាជការ សប្បុរសជន ដែលបានចូលរួមចំណែកថវិកា និងកម្លាំងកាយចិត្តក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន