ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » វត្តអារញ្ញារាម ខេត្តត្បូងឃ្មុំបញ្ចុះខណ្ឌសីមាព្រះវិហារ​ និង សម្ពោធសមិទ្ធផលផ្សេងៗក្រោមអធិបតីភាព សម្តេចប្រធានរដ្ឋសភា
វត្តអារញ្ញារាម ខេត្តត្បូងឃ្មុំបញ្ចុះខណ្ឌសីមាព្រះវិហារ​ និង សម្ពោធសមិទ្ធផលផ្សេងៗក្រោមអធិបតីភាព សម្តេចប្រធានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/8/2018 7:04:36 AM )

ប្រជាពលរដ្ឋនៅក្នុងភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាចំណុះជើងវត្តអារញ្ញារាមហៅវត្តមេម៉ៃ មានក្តីសប្បាយរីករាយជាខ្លាំង ក្នុងការធ្វើបុណ្យទាន នៅពេលព្រះវិហារថ្មីរបស់វត្ត ត្រូវប្រារព្ធពិធីកាត់ឬសសីមា ដាក់​អោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នោះ។ មិនត្រឹមព្រះវិហារថ្មីទើបសាងសង់ហើយបានសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាស្រែបុណ្យនោះទេ នៅក្នុងឱកាសនេះ សមិទ្ធផលថ្មីៗផ្សេងទៀតបម្រើដល់វិស័យព្រះពុទ្ធ ក៏ត្រូវបានប្រកាសឧបត្ថម្ភសាងសង់បន្ថែមក្រោម ការយកចិត្តទុកដាក់ពីសំណាក់សម្តេចប្រធានរដ្ឋសភាផងដែរ។

ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ការជួបជុំពលរដ្ឋក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នាពេលនេះ មិនត្រឹមឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព វិស័យព្រះពុទ្ធសាសនានោះទេ តែបានបង្ហាញឲ្យឃើញពីការរីកចម្រើនរបស់ប្រទេសជាតិគ្រប់ វិស័យ ទាំងខាងអាណាចក្រ​ និងពុទ្ធចក្រ ក្រោមការយកចិត្តទុកដាក់ពីស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ព្រះវិហារថ្មីដែលប្រារព្ធពិធីបញ្ចុះខណ្ឌសីមានាឱកាសនេះ បានចំណាយថវិកាសាងសង់អស់ជាង១៨ម៉ឺនដុល្លារ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវសេចក្តីកោតសរសើរប្រគេនចំពោះព្រះតេជព្រះគុណ ព្រះគ្រូចៅ អធិការវត្តអារញ្ញារាម ប្រជាពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ទាំងអស់​ ដែលបានរួមចំណែកប្រកបដោយសទ្ធាជ្រះថ្លា ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលនានាជាច្រើន រួមមាន ព្រះវិហារថ្មី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងវត្តអារញ្ញារាមនេះ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជា ក្រៅពីជោគជ័យលើការពង្រឹងនីតិរដ្ឋ និងលទ្ធិ ប្រជាធិបតេយ្យហើយ គឺកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់​ និងបានក្លាយជាប្រទេសគោលដៅដែលមានភាពទាក់ទាញបំផុត សម្រាប់វិស័យ ទេសចរណ៍ និងវិនិយោគ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាវឌ្ឍនភាពដ៏ប្រសើរនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានឱកាសបង្កើនកម្រិតជីវភាពរស់នៅ និងមានប្រាក់ ចំណូលកាន់តែសមរម្យឡើង ឆ្លើយតបនឹងការវិវឌ្ឍនៃសាកលភាវូបនីយកម្ម។ នៅឆ្នាំ២០១៨នេះ ប្រាក់បៀវត្សរ៍មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ បានកើនដល់ជាង១លានរៀល ហើយប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការី និយោជិត ក៏បានកើនឡើងដល់១៧០ដុល្លារក្នុង មួយខែផងដែរ។

សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍ និងជីវភាពរស់នៅកាន់តែប្រសើរឡើង។ នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបំពាក់គ្រឿងឥស្សរិយយសកសាងជាតិ ប្រគេនព្រះសង្ឃ ជនសប្បុរសជន មន្រ្តីរាជការ ដែលបានចូលរួម ចំណែកថវិកា និងកម្លាំងកាយចិត្ត ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

សម្តេចបានប្រគេនបច្ច័យ៦០លានរៀល ដល់វត្តអារញ្ញារាមសម្រាប់កសាងសមិទ្ធផលបន្ថែម ឧបត្ថម្ភលោកគ្រូអ្នកគ្រូ ចំនួន៧០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស៥០០នាក់ម្នាក់ៗទទួលបានសៀវភៅ ប៊ិច និងថវិកា៥ពាន់រៀល។ យុវជនកាកបាទក្រហម៥០នាក់ សិស្សកាយរិទ្ធ៥០នាក់​ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល។ ជូនសាលាស្រុកពញាក្រែកថវិកា១លានរៀល ជូនកម្លាំងការពារថវិកា១លានរៀល ឧបត្ថម្ភក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត សម្តេច អគ្គមហាពញាចក្រី​ ហេង​ សំរិន ៥០ម៉ឺនរៀល និងជូនលោកយាយលោកតា១០០នាក់ម្នាក់ៗទទួលបានក្រណាត់សមួយដុំថវិកា១ម៉ឺនរៀល៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh