ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » កិច្ចប្រជុំ APPF ឆ្នាំ២០១៩ អាចជ្រើសយកមូលបទ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”
កិច្ចប្រជុំ APPF ឆ្នាំ២០១៩ អាចជ្រើសយកមូលបទ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/4/2018 9:05:05 PM )

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) នៅខែមករា ដើមឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងខេត្តសៀមរាប ទឹកដីអង្គរ ហើយមូលបទនៃកិច្ចប្រជុំនោះ ទំនងជាអាចជ្រើសរើសយកមូលបទ “ពង្រឹង​ភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។

នៅក្នុងកិច្ចប្រជុំមួយ នៃក្រុមការងារទទួលបន្ទុកខ្លឹមសាររួម សម្រាប់រៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះ ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុម ការងារទទួលបន្ទុកខ្លឹមសាររួមនៃកិច្ចប្រជុំលើកទី២៧ APPF បានឯកភាពជ្រើសយកមូលបទថា “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព​ សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព” សម្រាប់កិច្ចប្រជុំលើកទី២៧ APPF ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះនោះ។ កិច្ចប្រជុំក៏បានពិភាក្សាអំពីនិម្មិតសញ្ញានៃ កិច្ចប្រជុំ(LOGO) កាលបរិច្ឆេទ និងកម្មវិធីជាដើម។

ការជ្រើសរើសមូលបទខាងលើនេះ បានធ្វើឡើងដោយមានការពិភាក្សាគ្នាចេញពីមូលបទចំនួន៨ ដែលក្រុមការងារបានស្រាវជ្រាវ និងបានដាក់លើតុ ជជែកគ្នា។ មូលបទដែលជ្រើសរើសបាននេះ នឹងដាក់ជូនថ្នាក់ដឹកនាំសម្រេចបន្តទៀត។

សូមជម្រាបថា វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។

ក្នុងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APPF នៅក្នុងឆ្នាំ២០១៩ខាងមុខនោះ ចាប់ពីពេលនេះទៅ សភាកម្ពុជាមានកិច្ចការជាច្រើនត្រូវអនុវត្ត ក្នុងនោះការជ្រើសរើសមូលបទធំសម្រាប់កិច្ចប្រជុំ ការជ្រើសរើសប្រធានបទនីមួយៗសម្រាប់វិស័យនានា ដែលនឹងត្រូវប្រជុំនៅក្នុងកិច្ចប្រជុំប្រចំាឆ្នាំ នោះ មានដូចជា ១/ នយោបាយ-សន្តិសុខ ២/សេដ្ឋកិច្ច-ពាណិជ្ជកម្ម ៣/កិច្ចសហប្រតិបត្តិការក្នុងតំបន់ ៤/ អំពីការងារ APPFអមដោយសេចក្តីប្រកាស និង៥/ ការងារស្រ្តី។ សភាកម្ពុជានឹងត្រៀមរៀបចំពិធីទទួលតំណែងជាប្រធាន APPFផ្លូវការ ពីប្រទេសវៀតណាម នៅក្នុងខែឧសភា ឆ្នាំ២០១៨នេះ ផងដែរ៕

អត្ថបទនិងរូបភាព​ដោយនាយកដ្ឋានព័ត៌មាន