ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា៖ យុទ្ធសាស្រ្តផ្លូវមួយខ្សែក្រវ៉ាត់មួយ និងយុទ្ធសាស្រ្តចតុកោណ បាននាំអ្នកទេសចរ អ្នកវិនិយោគទុនចិន មកកម្ពុជា
សម្តេចប្រធានរដ្ឋសភា៖ យុទ្ធសាស្រ្តផ្លូវមួយខ្សែក្រវ៉ាត់មួយ និងយុទ្ធសាស្រ្តចតុកោណ បាននាំអ្នកទេសចរ អ្នកវិនិយោគទុនចិន មកកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/20/2018 5:56:04 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាទាំងរាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តដល់អ្នក វិនិយោគទុនបរទេសទាំងអស់ ដែលមកបណ្តាក់ទុននៅកម្ពុជា។ សម្តេចបានលើកឡើងបែបនេះ នៅក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឲ្យ គណៈប្រតិភូអ្នកវិនិយោគទុនចិនមួយក្រុមចូលជួបសម្តែងការគួរសម នារសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ នៅឯភូមិគ្រឹះសម្តេចផ្ទាល់ក្នុង រាជធានីភ្នំពេញ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា តាមរយៈការហោះហើរត្រង់ពីបណ្តាប្រទេសជាច្រើនមកកម្ពុជា ពិសេសប្រទេសចិនផងនោះ កម្ពុជាបាន កំពុងទទួលអ្នកទេសចរ អ្នកវិនិយោគក្រុមហ៊ុនធំៗ ជាច្រើនមកបណ្តាក់ទុននៅគ្រប់វិស័យ ក្នុងនោះសំណង់​អគារធំៗខ្ពស់ៗ បានកំ ពុងសាងសង់យ៉ាង ព្រោងព្រាតនៅក្នុងរាជធានីភ្នំពេញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងបន្តថា កម្ពុជា និងចិនមានចំណងមិត្តភាពជាពិសេស និងយូរអង្វែងមកហើយ ហើយបាន ឈានដល់ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនាសម័យកាលនេះ។ ប្រទេសចិនមានយុទ្ធសាស្រ្តផ្លូវមួយខ្សែក្រវ៉ាត់មួយ ចំណែកកម្ពុជាមានយុទ្ធសាស្រ្ត ចតុកោណ។ យុទ្ធសាស្រ្តទាំងពីរនេះ បានផ្សាភ្ជាប់គ្នា និងបានជំរុញឲ្យអ្នកទេសចរ និងអ្នកវិនិយោគទុនចិនច្រើនឡើងមកបណ្តាក់ទុន និងកម្សាន្តនៅ កម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា​ ប្រទេសចិនបានស្ថិតនៅលេខរៀងលើគេក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា។

គណៈប្រតិភូអ្នកវិនិយោគិនចិន ដែលបានចូលជួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភានាឱកាសនេះ ជាប្រតិភូមកពីក្រុមហ៊ុនធំ ដែលមាន លក្ខណៈជាសាជីវកម្ម ធ្វើជំនួញចម្រុះច្រើនវិស័យ ដូចជាកសិកម្ម អចលនទ្រព្យ និងហិរញ្ញវត្ថុជាដើម។ តំណាងគណៈប្រតិភូបានជម្រាបសម្តេចថា នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ គណៈប្រតិភូបានជួបពិភាក្សាជាមួយអ្នកវិនិយោគទុនខ្មែរជាច្រើន និងបានពិនិត្យឃើញលទ្ធភាព វិនិយោគជាច្រើនវិស័យនៅកម្ពុជា ពិសេសការវិនិយោគទៅលើដំណាំកសិកម្មបែបបុរាណ ប្រពៃណី ជាមួយនិងឧស្សាហកម្មបែបទំនើប។

លោក Chem Xun Jeng តំណាងគណៈប្រតិភូ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជាកាល ពីឆ្នាំកន្លងទៅ និងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់ប្រទេសចិន បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់អ្នកវិនិយោគទុនចិននៅ កម្ពុជា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh