គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ចាប ញ៉ាលីវុធ ប្រធានគណៈកម្មការ បានចុះបំពេញបេសកកម្មសិក្សា ស្វែងយល់វិស័យការងារ ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ គណៈកម្មការនៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។ ក្នុងដំណើរបំពេញបេសកកម្មនេះ គណៈប្រតិភូបានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត និងបានចុះសិក្សាស្វែងយល់ដោយផ្ទាល់ពីសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ ជួបសំណេះសំណាលជាមួយពលរដ្ឋដែលជា អ្នកជំងឺផងដែរ។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងសាលាខេត្ត ឯកឧត្តមអភិបាលបានមាន ប្រសាសន៍ជម្រាបជូន គណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភា អំពីស្ថានភាពទូទៅរបស់ខេត្តកំពង់ឆ្នាំង ពិសេសស្ថានភាពភូមិសាស្រ្តខេត្ត។ ខេត្តកំពង់ឆ្នាំងមានផ្ទៃដីសរុបចំនួន ៥៥២ ១០០ ហិកតា មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ចាម ខាងជើងជាប់នឹងខេត្តកំពង់ធំ និងខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
ខេត្តកំពង់ឆ្នាំមានក្រុងមួយ ស្រុក៧ មានសង្កាត់ចំនួន៤ និងឃុំ៦៦ ស្មើនឹង ៥៦៩ភូមិ។ លោកអភិបាលខេត្ត បានឲ្យដឹងបន្តថា ខេត្តកំពង់ឆ្នាំងមាន ចំងាយ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ចំពោះវិស័យសុខាភិបាលនៅខេត្តកំពង់ឆ្នាំង បានផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្រីក្រ និងកម្មករ កម្មការិនី បានយ៉ាងច្រើន។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានគូសបញ្ជាក់ថា ដោយមានការគាំទ្រពីកម្មវិធីមូលនិធិសមធម៌ ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ខេត្តមានលទ្ធភាពក្នុងការព្យាបាលជំងឺជូនពលរដ្ឋដោយមិនគិតថ្លៃបានចំនួនច្រើន ក្នុងនោះបានលើកលែងថ្លៃសេវាព្យាបាលចំនួន៥៧៩៣ករណីបង់ថ្លៃ ជំនួសចំនួន២៤៨៤៧ករណី និងពិនិត្យព្យាបាលជូនកម្មករ កម្មការិនីនៅតាមរោងចក្រក្នុងខេត្តចំនួន១២០លើក ដែលមានចំនួនសរុប២៦៩០៤នាក់ ស្រី២៣២៧៨នាក់ និងព្យាបាលអ្នករងគ្រោះដោយសារគ្រឿងញៀន១២៦នាក់ និងបានចុះចែកមុងជ្រលក់ថ្នាំនៅតាមតំបន់គ្រុនចាញ់ចំនួន៣៣១៤០ មុង និងពិនិត្យតាមដានការចែកចាយថ្នាំទម្លាក់ព្រូនដល់កុមារនៅតាមមណ្ឌលសុខភាព និងសាលារៀន។
ឯកឧត្តម ចាប ញ៉ាលីវុធ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានវាយតម្លៃនិងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឲ្យមានការ រីកចម្រើនគួរឲ្យកត់សម្គាល់ និងបានខិតខំផ្តល់ សេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដូចជាសេវា សុខាភិបាល ជាដើមនោះ។
ឯកឧត្តមប្រធានគណៈកម្មការ បានជំរុញនិងលើកទឹកចិត្តអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់លើកកម្ពស់ជីវភាព និងសុខសន្តិភាពជូនពលរដ្ឋ បន្តទៀតតាមរយៈយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តរួចហើយ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានចុះទៅពិនិត្យមើលការផ្តល់សេវាសុខាភិបាល ជូនពលរដ្ឋដោយផ្ទាល់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបានសំណេះសំណាលជាមួយពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ នេះផងដែរ។
សូមបញ្ចាក់ថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានចុះបំពេញបេសកកម្មសិក្សាស្វែងយល់ពីវិស័យការងារដែលគណៈកម្មការទទួលបន្ទុក នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ៕
អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន








