សារលិខិតអបអរសាទរ ជូនចំពោះ ឯកឧត្តម លី ចានស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន លើកទី១៣ នៃសាធារណរដ្ឋប្រជាមានិតចិន__ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨__ មន្រ្តីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ សិក្សាកិច្ចការសភានៅកម្ពុជា ដោយត្រូវមកស្វែងយល់ដោយផ្ទាល់នៅវិមានរដ្ឋសភា__ ឯកឧត្តម ចាយ បូរិន៖ អាជ្ញាធរមូលដ្ឋាន អ្នកសង្កេតការណ៍ មានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយពីការបោះឆ្នោតជូនដល់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » វត្តខ្មែរក្នុងប្រទេសនេប៉ាល់ និងឥណ្ឌា បញ្ចុះខ័ណ្ឌសីមា និងសម្ពោធសមិទ្ធផល ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ណេង តំណាងសម្តេចនាយករដ្ឋមន្រ្តី
វត្តខ្មែរក្នុងប្រទេសនេប៉ាល់ និងឥណ្ឌា បញ្ចុះខ័ណ្ឌសីមា និងសម្ពោធសមិទ្ធផល ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ណេង តំណាងសម្តេចនាយករដ្ឋមន្រ្តី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/27/2018 12:55:43 AM )

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈ នៃរដ្ឋសភា និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា សម្ពោធឆ្លងព្រះវិហារ វត្តខ្មែរលុម្ពិនី ស្ថិតនៅក្នុងប្រទេសនេប៉ាល់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ ពិធីនេះបានប្រារព្ធរួមគ្នាសម្រាប់ការសម្ពោធ សមិទ្ធផលនានាក្នុងវត្តខ្មែរចំនួន៧ទៀត ដែលស្ថិតនៅប្រទេសឥណ្ឌាផងដែរ។

ពិធីបុណ្យព្រះពុទ្ធសាសនានេះ ក៏មានការនិមន្តចូលរួមពីសំណាក់ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ផងដែរ។ វត្តខ្មែរលុម្ពិនី បានសាងសង់ លើផ្ទៃដីទំហំ២ហិចតា ដែលបានទទួលសម្បទានរបស់រដ្ឋាភិបាលនេប៉ាល់ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម ជាង អ៊ឹងងួន ឯកអគ្គ រាជទូតកម្ពុជាប្រចាំនៅក្រុងញូដេលី ក្នុងទសវត្សរ៍ឆ្នាំ២០០៤។ វត្តខ្មែរលុម្ពិនី បានចាប់ផ្តើមកសាងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៦ ដោយបានសាងសង់ រួចរាល់នូវសមិទ្ធផលជាច្រើន សម្រាប់បម្រើវិស័យព្រះពុទ្ធសាសនា និងបានចំណាយថវិកាអស់ចំនួន២ ៥៧៦ ៥០០ ដុល្លារ។ ក្នុងនោះ មហាឧបាសិកា ប៊ុន សៀងលី ត្រូវជាមាតាបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារបានចូលបច្ច័យចំនួន ១៥ ០០០ ដុល្លារ  ក្នុងការកសាងព្រះវិហារ តាមរយៈឯកឧត្តម គ្រី ទូច ។

ព្រះតេជព្រះគុណ ពឿយ មេត្តា ព្រះរាជាគណៈថ្នាក់កិត្តិយស បានមានសង្ឃដីកាថា សុខសន្តិភាពរបស់ប្រទេសកម្ពុជា មិនត្រឹមតែបានធ្វើឲ្យវិស័យ ព្រះពុទ្ធសាសនារីកចម្រើននៅកម្ពុជាប៉ុណ្ណោះទេ។ ក្នុងនាមជាប្រទេសមួយដែលបានគោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន កម្ពុជាបានចូលរួមថែរក្សា ប្រតិបត្តិ និងអភិវឌ្ឍន៍ វិស័យព្រះពុទ្ធសាសនានៅក្រៅប្រទេសទៀតផង។ ការកសាងវត្តអារាមខ្មែរ នៅប្រទេសនេប៉ាល់ ប្រទេសឥណ្ឌា និងនៅតាម ប្រទេសនានា ដែលមានពលរដ្ឋខ្មែររស់នៅគឺកើតចេញពីការរីកចម្រើន សុខសន្តិភាព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេស សម្តេចនាយករដ្ឋមន្រ្តី។

លោក SAROS BHARTARAI ប្រធានមូលនិធិអភិវឌ្ឍលុម្ពិនី ព្រមទំាងសហគមន៍ខ្មែរនៅប្រទេសនេប៉ាល់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបញ្ចុះខ័ណ្ឌសីម៉ាព្រះវិហារ និងការសម្ពោធសមិទ្ធផលនានា នៅក្នុងឱកាសនេះ។

ជាមួយការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេន និងជូនចំពោះព្រះសង្ឃ និងពលរដ្ឋខ្មែរទំាងអស់ ដែលបានចូលរួមកម្មវិធីនេះ ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍លើកឡើងថា ព្រះពុទ្ធសាសនាបានដើរតួយ៉ាងសំខាន់ លើគ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច សង្គមកិច្ច អប់រំ សុខាភិបាល និងបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមនៅគ្រប់ទីកន្លែងផងដែរ។

ឯកឧត្តមបន្តថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យពុទ្ធសាសនា ចាប់តំាងពី ឆ្នាំ១៩៧៩មក។ “ព្រះវិហារ និងសមិទ្ធផលនានា ដែលយើងទទួលបាននៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយដែលមិនធ្លាប់មានពីមុនមក កំពុងតែបង្ហាញ រូបរាងបែបសិល្បៈ វប្បធម៌ខ្មែរនៅទឹកដីពុទ្ធភូមិ និងបានបង្ហាញពីភាពរឹងម៉ាំនៃចំណងមិត្តភាពជាអមតៈរវាងប្រជាជាតិទាំងបី កម្ពុជា នេប៉ាល់ និង ឥណ្ឌា”។

ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនិងសកម្មភាពទាំងអស់នេះ បានធ្វើឲ្យប្រជាជាតិទាំងបីដែលមានជំនឿសាសនា ទំនៀមទម្លាប់ស្រដៀងគ្នា មានទំនាក់ទំនងកាន់តែល្អរឹងមាំថែមទៀត។ “តាមរយៈលទ្ធផលទាំងអស់នេះគឺជាមោទនភាពដ៏ធំធេងរបស់យើងទាំងអស់គ្នា ដែលបានចូលរួមយ៉ាង សស្រាក់សស្រាំក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបាននូវជោគជ័យជាផ្លែផ្កាគួរជាទីមោទនៈ” នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ណេង

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងលោកជំទាវ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគេនបច្ច័យចំនួន៣០ម៉ឺនដុល្លារ សម្រាប់ទុកការកសាងសមិទ្ធផល ក្នុងវត្តបន្ថែមទៀត។ ឯកឧត្តមក៏បានបំពាក់គ្រឿងឥស្សរិយយសប្រគេនជូនព្រះសង្ឃ និងសប្បុរសជន និងទស្សនាពិព័រណ៍សមិទ្ធផលរបស់វត្តខ្មែរ លុម្ពិនី និងវត្តខ្មែរទាំង៧នៅប្រទេសឥណ្ឌាផងដែរ។

សូមបញ្ជាក់ផងដែរថា វត្តខ្មែរនៅក្នុងប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌានេះ ដឹកនាំកសាងដោយ ព្រះតេជគុណ ពឿយ មេត្តា ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទជាច្រើនទៀត ចាប់តាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០០៤មក ដោយចំណាយថវិកាអស់ប្រមាណជាង៩លានដុល្លារ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន