ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយ ប្រធានស្ថាប័ននីតិប្បញ្ញត្តិថៃ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយ ប្រធានស្ថាប័ននីតិប្បញ្ញត្តិថៃ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/1/2018 6:44:35 PM )

នៅ​ពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្រ្តចារ្យ ផនពេជ្រ វិចិតឆុលឆ័យ (Pornpetch Wichitcholchai) ប្រធាន​សភា​នីតិ​ប្បញ្ញត្តិថៃ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញប្រទេសថៃជួយគំាពារពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសនេះ។

សម្តេចបាន​លើក​ឡើងថា កម្ពុជាសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិ​បាលថៃ ក៏ដូចជាអាជ្ញាធរ​មានសមត្ថកិច្ចពាក់ព័ន្ធរបស់ថៃ ដែលបានបង្កលក្ខណៈ ងាយស្រួល ទំាង​លក្ខខ័ណ្ឌ​ការ​ងារ ក៏ដូចជាកិច្ច​ការពារ ចំពោះពលករកម្ពុជា ដែល​​​កំពុងធ្វើការនៅប្រទេសថៃ។ ទំាងនេះគឺជា​យុទ្ធ​សា​ស្រ្ត ឈ្នះ ឈ្នះ ទំាង​អស់គ្នា ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ព្រោះថាប្រទេសថៃត្រូវការកម្លំាង​ពលកម្ម ហើយ​ពលក​រ​កម្ពុជាក៏ត្រូវការ​ប្រាក់​ចំណូល ដើម្បី​រួម ចំណែកអភិវឌ្ឍន៍ទំាងអស់គ្នា។

សម្ដេច​អគ្គមហាពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៃព្រះរា​ជា​ណាច​ក្រ​ក​ម្ពុជា បានដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញ​ទស្សន​កិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណា​ចក្រថៃ រយៈ​ពេលបីថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ តបតាម​ការ​អញ្ជើញ​របស់ ​ឯកឧត្តម​សាស្រ្តាចារ្យ ផនពេជ្រ វិចិត​ឆុលឆ័យ (Pornpetch Wichitcholchai) ប្រធាន​សភា​នីតិប្បញ្ញត្តិ​ថៃ

ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងពូនជ្រុំ លើ​កកម្ពស់​ទំនាក់ទំនងចំណងមិត្តភាព និង​​កិច្ចសហ​ប្រតិបត្តិការរវាងប្រទេស និងប្រជាជាតិទំាងពីរ កម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំខ្លាំងក្លាទ្វេដងទៀត ជា​ពិសេសពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញតិយើងទំាងពីរ ឲ្យកាន់តែជិតស្និត និង ស៊ីជម្រៅ​ទៀត។

ក្នុងជំនួបដែលធ្វើនៅវិមានរដ្ឋសភាថៃ ឯកឧត្តមសាស្រ្តាចារ្យ ផនពេជ្រ វិចិតឆុលឆ័យ ប្រធាន​សភា​នីតិប្បញ្ញត្តិរបស់ប្រទេសថៃ បានស្វា​គមន៍យ៉ាង កក់ក្តៅចំពោះដំណើរទស្សន​កិច្ចរប​ស់សម្តេចប្រធាន​រដ្ឋសភា និងគណៈប្រតិភូ។ ឯកឧត្តមបានលើកឡើងថា កាលពី៨ឆ្នាំមុនសម្តេចធ្លាប់បាន​អញ្ជើញ មកទស្ស​ន​កិច្ច​នៅ​ប្រទេសថៃម្តង ហើយពេលនេះ ឯកឧត្តមមានកិត្តិយសយ៉ាងក្រៃលែង​ ដែលបានជួបពិភាក្សាផ្ទាល់​ជា​មួយ​​សម្តេច នៅ​ក្នុង​ការ​ពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំឡើងរវាង​ប្រ​ទេស​​​ទំាងពីរ ពិសេសស្ថាប័ននីតិប្បញ្ញត្តិ។

ឯកឧត្តមសាស្រ្តាចារ្យ ផនពេជ្រ វិចិតឆុលឆ័យ បានលើកឡើងបន្តថា ឯកឧត្តមធ្លាប់​បានដឹកនាំ​គណៈ​ប្រតិ​​ភូសភាថៃ មកចូលរួមប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០របស់​សភាតំបន់​អាស៊ី​(APA) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ​កាលពី​ឆ្នាំ២០១៧។ និយាយជារួមសភា ប្រទេសកម្ពុជា ​និង​សភា​ប្រទេសថៃ បានរួមសហការជាមួយគ្នាយ៉ាងច្រើននាពេលកន្លងមក ទំាងក្នុង​ក្របខ័ណ្ឌទ្វេភាគី និង​ពហុ​​ភាគី​​។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កម្ពុជា-ថៃ ជាប្រទេសភូមិផងរបងជាមួយ ហើយប្រជាជនប្រទេសទំាងពីរ មានទំ​នាក់​ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នាតំាងពីបូរម្យបូរាណ មានប្រពៃ​ណី សិល្បៈ វប្បធម៌ស្រដៀងគ្នា ​ដែល​អាច​និយាយបានថា ជាប្រទេ​សបងប្អូនជាមួយគ្នា។

“ខ្ញុំពិតជាមោទនភាពបំផុត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសយើង​ទំាង​ពីរ កម្ពុជា-ថៃ មាន​ការរីកចម្រើនជាលំដាប់លើ​គ្រប់​​វិស័យ គ្រប់កំរិត ក្នុង​ស្មារតីភាតរភាពស្និទ្ធស្នាលក្នុង​ភាព​ជាដៃគូរ ហើយ​កិច្ចសហប្រតិបត្តិការនេះបាន​គ្រប​ដណ្តប់លើគ្រប់វិស័យ ដែលបានផ្តល់ផល​ប្រយោជ​ន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីឧត្តម​ភាព​ទំាង​សង​ខាង” នេះជាការគូសបញ្ជាក់របស់សម្តេច ប្រធានរដ្ឋសភា។

ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ នៃ​ប្រទេស​​​ទាំងពីរវិញ សម្តេចអគ្គមហាពញា​ចក្រី បានលើកឡើងថា សភាប្រទេស ទំាងពីរ គួរបង្កើនកិច្ចសហប្រតិបត្តិការជា​មួយ​​គ្នា​ឲ្យកាន់​តែល្អ​ប្រសើរ​ថែម​ទៀត។ កិច្ចសហប្រតិបត្តិការនេះ គួរតែធ្វើនៅគ្រប់កំរិត កំរិតថ្នាកដឹកនាំ ជាន់ខ្ពស់ ក្រុម​មិត្តភាព​សភា​ទំាងពីរ គណៈកម្មការជំនាញនានានៃរដ្ឋសភា រហូតដល់អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភាផងដែរ។ សម្តេច​បន្តថា អគ្គលេខា- ធិការរដ្ឋសភាកម្ពុជា និងថៃ គួរពិនិត្យកែលម្អចំណុចខ្វះខាត​នៃអនុស្សរណៈនៃកិច្ច​ព្រម​ព្រៀងដែលមានស្រាប់ សំដៅធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែ​រ​លូន និងស៊ីជម្រៅ។

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានលើកឡើងពីស្ថានការណ៍ន​យោបាយ​នៅក្នុងប្រទេសកម្ពុជាជម្រាបជូនភាគីថៃ ផងដែរ។ សម្តេចបានគូសបញ្ជាក់ថា​ សភាពកា​រណ៍ន​យោបាយនៅ​កម្ពុជាបច្ចុប្បន្ន មានលក្ខណៈកាន់តែល្អប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាល​កម្ពុជាបាន ទប់ស្កាត់​ទាន់​ពេលវេ​លានូវឧបាយកលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបំផុស​ធ្វើបដិវត្តន៍ពណ៌​​របស់បក្ស​ប្រឆំាង ដោយ​មានការ ជួយជ្រោមជ្រែងពីខាងក្រៅ។ កន្លងមកបក្ស​នេះ​តែងតែបំពាន ញុះញង់ បង្កឲ្យមាន​អស្ថិរភាព អសន្តិ​សុខ រំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ ដែល​បង្ខំ​ឲ្យ​​តុលា​ការកំពូលចាត់ការតាមនីតិវិធីច្បាប់រំលាយ​គណបក្សនេះ និងហាមឃាត់សិទ្ធិធ្វើនយោបាយរយៈ​ពេល៥ឆ្នាំ។ ហើយប្រធានបក្សប្រឆំាង ត្រូវបាន ចាប់​ខ្លួន ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស ដែលជាបទ​ល្មើស​ក្បត់ជាតិ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាខិតខំរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រយៈពេលវែង ព្រមទំាងធ្វើកិច្ចសហការល្អជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក ដើម្បីធ្វើការអភិវឌ្ឍប្រទេស​ជាតិឲ្យកាន់តែថ្កុំថ្កើងឡើង។ ជាចុងក្រោយ សម្តេចបានអញ្ជើញ ឯកឧត្តមសាស្រ្តាចារ្យ មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។

ឯកឧត្តមសាស្រ្តាចារ្យ ផនពេជ្រ វិចិតឆុលឆ័យ បានទទួលយកការអញ្ជើញរបស់សម្តេច និងបានគំាទ្រ​ការលើកឡើងរបស់សម្តេច ពីវិធានការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពន​យោបា​យ​​នៅក្នុងប្រទេស។ ឯកឧត្តមប្រធានសភានីតិប្បញ្ញត្តិរបស់ប្រទេសថៃ បានមាន ប្រសាសន៍ថា ជាធម្មតា​​នៅក្នុង​សង្គម​ប្រជា​ធិបតេយ្យ គឺរដ្ឋាភិបាលមានកាតព្វកិច្ចថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមជូន​ពលរដ្ឋ​ និងប្រទេសជាតិ​៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh