ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩ ជាផ្លូវការ
សភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩ ជាផ្លូវការ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/20/2018 7:01:52 AM )

ហាណូយ៖ សភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៧ នៅឆ្នាំ២០១៩ ជាផ្លូវការ ខណៈ ដែលប្រទេសវៀតណាម បានបញ្ចប់ការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៦របស់(APPF) នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ នាទីក្រុង ហាណូយ។

លោកជំទាវ ង្វៀន ធីគឹមងិន (Nguyen ThiKim Ngan) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក លើកទី២៦ បានប្រកាសប្រគល់ភារកិច្ចជូនសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាប្រធានវេទិកាសភាដែលមានសមាជិក២៧ប្រទេសនេះ បន្តពីវៀតណាម ហើយសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាប្រចំាឆ្នាំលើកទី២៧របស់(APPF)នៅឆ្នាំ២០១៩។

សភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានរៀបចំកិច្ចប្រជុំប្រចំាឆ្នាំរបស់(APPF) លើកទី២៦ នាទីក្រុងហាណូយ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ដែលមានសមាជិកវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំនួន២១ប្រទេសចូលរួម ប្រទេសអ្នកសង្កេតការណ៍ និងមានអង្គការសភា ជាដៃគូធំៗមួយចំនួនទៀតចូលរួមផងដែរ សរុបអ្នកចូលរួមមានចំនួនប្រមាណ៤០០នាក់។

កិច្ចប្រជុំប្រចំាំឆ្នាំ លើកទី២៦ (APPF) នាពេលនេះ បានពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចចំនួន៤៥ ដែលនៅក្នុងកិច្ចប្រជុំបានផ្លាស់ប្តូរ បទពិសោធន៍ពីគ្នាទៅវិញទៅមក និងជំរុញការលើកកម្ពស់យន្តការសភា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ទំាងនៅក្នុងរង្វង់គ្រួ​សារ (APPF) និងទ្វេភាគី ដើម្បីដោះស្រាយបញ្ហារួមនៅក្នុងវិស័យសេដ្ឋកិច្ច បរិស្ថាន ការប្រែប្រួលអាកាសធាតុ ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម លើកកម្ពស់​សមភាពយេនឌ័រ ទេសចរណ៍ វប្បធម៌ សិទ្ធិមនុស្ស ជាដើម។

ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំសមាជិកសភាកម្ពុជា ចូលរួមនៅក្នុងវេទិកានេះ បានប្រកាស ទទួលជាផ្លូវការ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧របស់(APPF) នៅឆ្នាំ២០១៩។ ក្នុងឱកាសឡើងទទួល រៀបចំបន្តពីសភាវៀតណាមនេះ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានលើកឡើងថា ការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំ(APPF) លើកទី២៦ នាពេលនេះ សបញ្ជាក់ឲ្យឃើញពីជំហានថ្មីទៀត ដែលវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកសម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោកជំទាវប្រធាន រដ្ឋសភាវៀតណាម និងជាប្រធាន(APPF)លើកទី២៦ និងដោយមានការចូលរួមវិភាគទានដ៏ថ្លៃថ្លា ក្នុងការផ្លាស់ប្តូរយោបល់ទស្សនៈដ៏មានសារៈសំខាន់ ជាច្រើនពីគ្រប់សមាជិក(APPF) ប្រទេសសង្កេតការណ៍ និងដៃគូពាក់ព័ន្ធនានា។​​

ឯកឧត្តមប្រធានគណៈប្រតិភូ បានមានប្រសាសន៍គូសបញ្ជាក់ថា ជោគជ័យថ្មីៗទំាងនេះ បានឆ្លុះបញ្ចំាងពីស្មារតីទទួលខុសត្រូវរួម ប្រកបដោយឆន្ទៈ នយោបាយខ្ពស់ ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យក្នុងការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្របតាមបំណង ប្រាថ្នារបស់ពលរដ្ឋទំាងអស់គ្នា។

ក្នុងនាមសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទេព ងន បានប្រកាសជាផ្លូវការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧របស់វេទិកា សភាតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ បន្ទាប់ពីប្រទេសវៀតណាម។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅចំពោះមុខសមាជិក និងដៃគូរបស់(APPF)ថា “យើងខ្ញុំសង្ឃឹមថា ការរៀបចំកិច្ចប្រជុំលើកទី២៧ នៅលើទឹកដីអច្ឆរិយនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការគំាទ្រ និងចូលរួមពីសំណាក់ ប្រទេសជាសមាជិក ប្រទេសជាអ្នកសង្កេតការណ៍ និងផ្នែកពាក់ព័ន្ធទំាងអស់”។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានជម្រាបវេទិកា(APPF)លើកទី២៦ថា ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ សមាជិក (APPF)និងប្រទេសសង្កេតការណ៍ទំាងអស់ អញ្ជើញចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងសៀមរាប ព្រះរាជាណាចក្រ កម្ពុជា នាខែមករា ឆ្នាំ២០១៩ខាងមុខនេះ។ ប្រជាជនកម្ពុជា និងសភាកម្ពុជារង់ចំាទទួលស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដោយសោមនស្សរីករាយ និងកក់ក្តៅបំផុត។

បន្ទាប់ពីប្រសាសន៍របស់ឯកឧត្តម ប្រធានគណៈប្រតិភូសភាកម្ពុជា ដែលបានថ្លែងទទួលជាផ្លូវការ ក្នុងការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧របស់ (APPF)រួចមក សភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាក់បញ្ចំាងវីដេអូឯកសារដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលនឹងត្រូវធ្វើជាប្រធានរបស់(APPF) លើកទី២៧ នាពេលខាងមុខនេះ បានគោរពអញ្ជើញ សមាជិក ដៃគូ និងអ្នកសង្កេតការណ៍របស់(APPF)ទំាងអស់ ចូលរួមកិច្ចប្រជុំ(APPF) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះផងដែរ។

នៅក្នុងវីដេអូឯកសារ ដែលមានរយៈពេលប្រមាណជា៧នាទីនោះ ក៏បានលើកឡើងពីសុខសន្តិភាព ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលទទួលបាន យ៉ាងលំបាក បន្ទាប់ពីប្រទេសនេះ បានជួបប្រទះនូវសង្រ្គាមអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ។ នៅក្នុងសារវីដេអូនោះ ក៏បានលើកឡើងពី លទ្ធភាព សមត្ថភាពរបស់សភាកម្ពុជាក្នុងការរៀបចំ និងចូលរួមមហាសន្និបាត កិច្ចប្រជុំ វេទិកាជាលក្ខណៈអន្តរជាតិ ដែលសភាកម្ពុជាជាសមាជិក និងជាស្ថាបនិកសំខាន់ៗនៃអង្គការ និងវេទិកាសភាជាច្រើន មានដូចជាអន្តរសភាអាស៊ាន សភាតំបន់អាស៊ី សហភាពអន្តរសភា សភានិយាយភាសា បារំាងជាដើម និងវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះជាដើម​។ តាមរយៈសមាជិកអង្គការសភាទំាងនោះ សភាកម្ពុជាបានរៀបចំកិច្ចប្រជុំមហា សន្និបាតប្រចាំឆ្នាំជាច្រើនលើកមកហើយ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តា ប្រទេសដែលជាសមាជិក ដើម្បីធានានូវស្ថិរភាព សន្តិភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួយជំរុញដល់វិស័យពាណិជ្ជកម្ម និងវិនិយោគ បង្កើនកិច្ចសហ ប្រតិបត្តិការក្នុងតំបន់លើវិស័យនានា ដូចជាការពារបរិស្ថាន ការទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម និងការផ្លាស់ប្តូរវប្បធម៌ ព្រមទំាងការអប់រំ ជាដើម។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum”  បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេស ជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន(APPF) មាន សមាជិកពេញសិទ្ធចំនួន២៧ប្រទេស៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh