ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មូលនិធិ Konrad សន្យានៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា
មូលនិធិ Konrad សន្យានៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (1/18/2018 2:38:36 AM )

«មូលនិធិខុនរ៉ាដនៅតែបន្តជួយឧបត្ថម្ភគាំទ្រ ដល់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាបន្តទៀត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ» ខាងលើនេះជាការ លើកឡើងរបស់លោក RENE GRADWOHL ប្រធានមូលនិធិខុនរ៉ាដប្រចាំកម្ពុជា នៅក្នុងឱកាស ដែលលោកចូលជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

លោក RENE GRADWOHL បានមានប្រសាសន៍បន្តថា លោកបានមកបំពេញការងារនៅប្រទេសកម្ពុជា អស់រយៈពេលពីរឆ្នាំមកហើយ។ នៅពេលនេះ អាណត្តិរបស់លោកត្រូវបានបញ្ចប់ ហើយលោកក៏សូមណែនាំជូននូវ វត្តមានប្រធានមូលនិធិខុនរ៉ាដថ្មី ប្រចាំកម្ពុជា ដែលត្រូវមកបន្តការងារចាប់ពី ឆ្នាំ២០១៨ នេះតទៅ។ លោកក៏បានមានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការល្អ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាជាមួយមូលនិធិខុនរ៉ាដ នាពេលកន្លងមក ដោយខុនរ៉ាដបានជួយដល់សភាកម្ពុជា ជាពិសេសលើផ្នែកទំនាក់ទំនងសាធារណៈ ការលើកកំពស់សមត្ថភាពរបស់មន្ត្រី នៃនាយកដ្ឋានព័ត៌មាន ក្នុងការ ពង្រឹងវិស័យផ្សព្វផ្សាយព័ត៌មានអំពីរដ្ឋសភា ទៅដល់សាធារណជនជាដើម។ លោកបានបន្តទៀតថា ទោះបីលោកបញ្ចប់ អាណត្តិក៏ពិតមែន តែក្រោមការ ដឹកនាំរបស់ប្រធានមូលនិធិខុនរ៉ាដថ្មី ខុនរ៉ាដនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយសភាកម្ពុជាជាបន្តទៀត។ នៅក្នុងឱកាសនោះដែរ លោកប្រធាន មូលនិធិខុនរ៉ាដថ្មី ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមជាមួយនឹងការសន្យាបន្តកិច្ចហសប្រតិបត្តិការ ពេញលេញនិងអស់ពីចិត្ត ចំពោះសភាកម្ពុជា ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តទៀតនេះផងដែរ។


ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមូលនិធិខុនរ៉ាដ ក៏ដូចជាប្រធានមូលនិធិ ខុនរ៉ាដ ទាំងបច្ចុប្បន្ន និងប្រធានមុនៗដែលចប់អាណត្តិទៅ ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន ចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជាពិសេស លើការលើកកំពស់សមត្ថភាពមន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh