ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញធ្វើបាឋកថា ពីការអនុវត្តមុខងាររបស់រដ្ឋសភា ដល់សិស្សសាលាភូមិន្ទរដ្ឋបាល
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញធ្វើបាឋកថា ពីការអនុវត្តមុខងាររបស់រដ្ឋសភា ដល់សិស្សសាលាភូមិន្ទរដ្ឋបាល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/16/2018 6:46:17 AM )

ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ បានអញ្ជើញធ្វើបាឋកថា ស្តីពីការអនុវត្តមុខងារស្ថាប័នរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដល់កម្មសិក្សាការីជាន់ខ្ពស់ កម្មសិក្សាការីមធ្យម សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១០ ដែលសរុបមានគ្នាជិត៥០០នាក់។

បទបង្ហាញនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមាន ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ក៏បានអញ្ជើញទៅធ្វើបាឋកថា អំពីតួនាទីនិងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនដល់សិក្ខាកាមដែលជា សិស្សសាលាភូមិន្ទរដ្ឋបាលផងដែរ។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលតែងតែជំរុញ និងលើកទឹកចិត្តដល់ការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលឲ្យមាន គុណភាព ប្រសិទ្ធិភាព ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមនាយកសាលា ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តម ឡេង ប៉េងឡុង ដែលបានចំណាយពេលវេលា ដ៏មមាញឹកក្នុងការងារ អញ្ជើញមកធ្វើបាឋកថា ដ៏មានតម្លៃនាឱកាសនេះ។

នៅក្នុងបាឋកថាយ៉ាងលម្អិត ដែលលើកឡើងពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានគូសបញ្ជាក់ថា រដ្ឋសភា​នីតិកាល​ទី៥ កើតចេញពីការបោះឆ្នោតសក​ល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ តាម​ប្រព័ន្ធសមាមាត្រ មាន២៤មណ្ឌល រាជធានី-ខេត្ត មានគណបក្ស នយោបាយចំនួន៨​ចូលរួម។ ប្រជាពលរដ្ឋបាន​ចុះ​ឈ្មោះ​បោះឆ្នោត ចំនួនជាង៩លាននាក់ និងបានទៅបោះឆ្នោត ជាង៦លាននាក់ ដែលស្មើនឹង ៦៩,៦១%។

ឯកឧត្តមប្រធានគណៈកម្មការ បានលើកឡើងថា អាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ហើយ​គណបក្ស សង្រ្គោះជាតិ ទទួលបាន៥៥អាសនៈ។ ប៉ុន្តែកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេច​រំលាយគណបក្សសង្រ្គោះជាតិ និងហាម​ឃាត់សិទ្ធិធ្វើនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សនេះ ចំនួន១១៨រូប តាម​បណ្តឹង​របស់គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងថា អតីតគណបក្សសង្គ្រោះជាតិ បានរៀបចំឧបាយកលដ៏ខ្មៅងងឹត​ជា​ចលនា និង​យុទ្ធ​សាស្រ្តជាប្រព័ន្ធ សំដៅបង្កឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។ ឧបាយកល​ធ្វើបដិវត្តន៍​ពណ៌​របស់​អតីត​គណបក្សប្រឆាំង ដែលជ្រោមជ្រែងដោយមជ្ឈដ្ឋានអគតិខាងក្រៅ ប៉ុនប៉ងផ្តួល​រំលំ​រាជរដ្ឋាភិ​បាល​ស្រប​ច្បាប់ ដែលផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ ពីគោលការណ៍ប្រជាធិបតេយ្យ និង​នីតិរដ្ឋ និងពី​ឆន្ទៈប្រជាជន ត្រូវបាន រាំងស្កាត់ទាន់ពេលវេលាតាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ និង​ប្រសិទ្ធភាព ។

ឯកឧត្តមបន្តថា ការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងហាមឃាត់បុគ្គលថ្នាក់​ដឹកនាំ ​នៃ​គណបក្សនយោបាយ​នេះ ចំនួន១១៨រូប មិនឲ្យធ្វើ សកម្មភាពនយោបាយរយៈពេល៥ឆ្នាំ តាមអំណាចសាល​ដីកា​ស្ថាពររបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានធ្វើឲ្យអង្គការចាត់តាំង​បដិវត្តន៍​ពណ៌​នៅកម្ពុជាត្រូវរលាយ ហើយបញ្ឈប់មិនឲ្យរាលដាលទៅមុខទៀត នូវចលនាជ្រុល​និយម​ដ៏​គ្រោះថ្នាក់ ដោយមានក្រុមប្រឆាំងធ្វើជាស្នូល ដែលនឹងធ្វើឱ្យអន្តរាយដល់សន្តិភាព ស្ថិរភា​ព ឯកភាព​ជាតិ និងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានលើកឡើងពីរចនាសម្ព័ន្ធ និងតួនាទីរបស់រដ្ឋសភា ជូនដល់សិក្ខាកាម ដែលកំពុងសិក្សានៅ សាលាភូមិន្ទរដ្ឋបាលថា សភានៃព្រះរាជាណាចក្រកម្ពុជា ជាតំណាងអង្គនីតិប្បញ្ញត្តិ ដែលមានរដ្ឋសភា និងព្រឹទ្ធសភា។ រដ្ឋសភានាពេលបច្ចុប្បន្នមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធាន និងមានអនុប្រធានពីររូបគឺ ឯកឧត្តម យូ ហុកគ្រី ជាអនុប្រធានទី១ និង ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជាអនុប្រធានទី២។ ក្បាលម៉ាស៊ីនដឹកនាំសំខាន់​របស់រដ្ឋសភា គឺគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលមាន សម្តេចប្រធានរដ្ឋសភា ជាប្រធាន ហើយ អនុប្រធានរដ្ឋសភាទំាងពីរ និងប្រធានគណៈកម្មការជំនាញរបស់​រដ្ឋសភាទំាង១០ ជាសមាជិក។

ចំណែក ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាវិញ ឯកឧត្តមបានធ្វើបាឋកថា អំពីតួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាថា អគ្គលេខាធិការដ្ឋានរដ្ឋសភាគឺជាសេនាធិការរបស់រដ្ឋសភា។ ជាអង្គភាពរដ្ឋបាល មិនមែននយោបាយនោះទេ ដែលមានភារកិច្ចផ្តល់សេវាបច្ចេកទេស និងថវិកា ជូនដល់ថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការដ្ឋសភា ក្នុងការបំពេញភារកិច្ច តួនាទីជូនប្រទេសជាតិ និងពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា អគ្គលេខាធិការដ្ឋានរដ្ឋសភា មានរចនាសម្ព័ន្ធ និងបានបែងចែកតួនាទីអង្គភាពចំណុះច្បាស់លាស់នៅក្នុង ការបំពេញមុខងាររបស់ខ្លួន។ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានអគ្គនាយកដ្ឋានចំនួន៤ និងមាននាយកដ្ឋានមួយចំនួនជាចំណុះ នៅក្នុងការបំពេញ ការងារជាប្រចំាថ្ងៃតាមភារកិច្ចរៀងៗខ្លួន៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh