ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចចក្រី ហេង សំរិន៖ សាលាភូមិន្ទរដ្ឋបាលបានបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ចូលរួមកសាង និងអភិវឌ្ឍន៍ស្ថាប័នជាតិ
សម្តេចចក្រី ហេង សំរិន៖ សាលាភូមិន្ទរដ្ឋបាលបានបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ចូលរួមកសាង និងអភិវឌ្ឍន៍ស្ថាប័នជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/25/2017 11:52:44 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការបណ្តុះបណ្តាលធនធានមនុស្សរបស់សាលា ភូមិន្ទរដ្ឋបាលថា បានចូលរួមចំណែកកសាងសមត្ថភាពមន្រ្តីរាជការ និងនិស្សិត ប្រកបដោយចំណេះដឹង ចំណេះធ្វើ ជំរុញលើកកម្ពស់គុណភាពការងារ នៅស្ថាប័នរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាបែបនេះ បានធ្វើឡើងនៅពេល លោក យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល ដឹកនាំគណៈគ្រប់គ្រង សាលា ព្រមទាំងតំណាងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភា នៅវិមាន រដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលនាពេលកន្លងមក បានរួមចំណែកយ៉ាងច្រើន ក្នុងការកសាង និងអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួន ក៏ដូចជាបានរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

សូមជម្រាបថា សាលាភូមិន្ទរដ្ឋបាលជាសាលាគោល ខាងបណ្តុះបណ្តាលភ្នាក់ងារ នៃរដ្ឋបាលសាធារណៈ ទទួលបន្ទុកមុខងារមួយយ៉ាងសំខាន់ គឺជ្រើសរើសបណ្តុះបណ្តាល និងធ្វើវិក្រិត្យការមន្ត្រីរាជការ ដែលត្រូវបម្រើរដ្ឋបាល នៃព្រះរាជាណាចក្រកម្ពុជា។ សាលាភូមិន្ទរដ្ឋបាលបានបំពេញ បេសកកម្មបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស និងអ្នកជំនាញឯកទេសនានា ប្រកបដោយជំនាញ និងមនសិការវិជ្ជាជីវៈខ្ពស់ ជួយដល់ ការអនុវត្តបេសកកម្មអភិបាលកិច្ចល្អ លើកកម្ពស់គុណភាព តម្លាភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា “អ្វីដែលសាលាភូមិន្ទរដ្ឋបាលសម្រេចបាននាពេលកន្លងមក ជាពិសេសអំពីវិភាគទាន ដ៏មានតម្លៃក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សដែលជាកត្តាមួយដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ”។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្តថា “លោក លោកស្រីទាំងអស់ដែលមានវត្តនៅទីនេះ ពិតជាមានភ័ព្វសំណាង ដែលបានកើតមកក្នុងសម័យ មួយដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជឿនលឿនសព្វបែបយ៉ាង និងមានឱកាសបរិបូរណ៍ក្នុងការសិក្សា ស្រាវជ្រាវ ស្វែងយល់ ដកស្រង់បទពិសោធន៍ ទំាងចំណេះដឹង និងចំណេះធ្វើ ដើម្បីប្រែក្លាយខ្លួនទៅជាមន្រ្តីអ្នកផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនអង្គភាព ក៏ដូចជាជូនប្រជាជននៅមូលដ្ឋាន”។

សម្តេចប្រធានរដ្ឋសភា ក៏បានផ្តាំផ្ញើដល់សិក្ខាកាម មន្រ្តីរាជការទំាងអស់ ដែលកំពុងសិក្សានៅសាលាភូមិន្ទរដ្ឋបាលនេះ ត្រូវធ្វើជាមន្រ្តីរាជការល្អ ក្នុងការបម្រើពលរដ្ឋ។ “ខ្ញុំមានជំនឿយ៉ាងមុតមាំថា បន្ទាប់ពី លោក លោកស្រីទាំងអស់ បានបញ្ចប់វគ្គសិក្សា លោក លោកស្រីនឹងយកចំណេះដឹង និងជំនាញផ្សេងៗដែលទទួលបាន យកទៅរួមចំណែកដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួន ដែលនឹងរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍ សង្គមជាតិ ក៏ដូចជាជួយដល់ខ្លួនឯង និងក្រុមគ្រួសារ”។

សម្តេចបានមានប្រសាសន៍ថា ការគ្រប់គ្រង និងការដឹកនាំជាកត្តាកំណត់នូវភាពជោគជ័យរបស់អង្គភាពឬស្ថាប័ន មិនថាអង្គភាពនោះតូចឬធំក៏ដោយ។ ដើម្បីសម្រេចបាននូវភាពជោគជ័យដល់អង្គភាពឬស្ថាប័ន អ្នកគ្រប់គ្រងឬដឹកនាំ ចាំបាច់ត្រូវមានលក្ខណៈសម្បត្តិសំខាន់ជាច្រើន ដែលក្នុងនោះត្រូវមាន ការកំណត់គោលដៅច្បាស់លាស់ ការធ្វើជាគំរូ សីលធម៌ ចរិយាធម៌ និងមេត្តាធម៌ និងការកសាងទំនុកចិត្តជាដើម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh