ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិក្ខាកាមមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស មកសិក្សាស្វែងយល់អំពីតួនាទីភារកិច្ចរបស់រដ្ឋសភា
សិក្ខាកាមមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស មកសិក្សាស្វែងយល់អំពីតួនាទីភារកិច្ចរបស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/21/2017 12:59:04 AM )

សិក្ខាកាមមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៣ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៨៧នាក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានមក សិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅវិមានរដ្ឋសភា។ ដំណើរទស្សនកិច្ចនេះ ជាផ្នែកសំខាន់មួយ ដែលអាចធ្វើឲ្យសិក្ខាកាមបាន ស្វែងយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញជូនសិក្ខាកាមមន្រ្តី នគរបាលនៅពេលនេះ។ លោកឧត្តមសេនីយ៍ត្រី សៀង ប៊ុនរិទ្ធ នាយរងគ្រប់គ្រងវគ្គបណ្តុះបណ្តាល​ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលមន្រ្តីនគរបាល យុត្តិធម៌ជំនាន់ទី២៣នេះ មានរយៈពេល៥ខែស្មើនឹង១៥៩ថ្ងៃ។ វគ្គបណ្តុះបណ្តាលបានចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧​។ នៅក្នុងវគ្គសិក្សានេះ សិក្ខាកាមបានសិក្សាអំពីច្បាប់សំខាន់ៗ វិទ្យាសាស្រ្តសង្គម និងត្រូវធ្វើទស្សនកិច្ចសិក្សាតាមស្ថាប័នសំខាន់ៗរបស់ជាតិ ដែលមាន ដូចជា រដ្ឋសភា ព្រឹទ្ធសភា ជាដើមនោះ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បាន​ថ្លែងការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ ចំពោះ​ក​ង​រាជអាវុធ​ហ​ត្ថលើផ្ទៃប្រទេស ​ដែល​បាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់​បំពេញ​ការ​ងារស​ម្រេច​ជោគ​​​​ជ័យ​ជាប​ន្ត​ប​ន្ទាប់ ព្រមទំាងបានបណ្តុះបណ្តាលក​សាង​ស​ម​ត្ថ​ភាពដល់កងកម្លំាងរបស់ខ្លួន​ជាប្រចំាក្នុងការបង្កើនសមត្ថភាព ចំណេះដឹង ដើម្បីបម្រើប្រទេសជាតិ សង្គមឲ្យកាន់តែមានប្រសិទ្ធភាព។

ទាក់ទងនឹងការងាររបស់រដ្ឋសភា ឯកឧត្តមបណ្ឌិតបានលើកឡើងថា ក្នុងរយៈពេល៥អាណត្តិមកនេះ រដ្ឋសភាកម្ពុជាបានអនុម័ត​ច្បាប់ជាង៤៩៥ នឹង កំពុងបន្តពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ជាច្រើនទៀត ដើម្បីកសាងកម្ពុជាជានីតិរដ្ឋមួយ។  ច្បាប់ជាយន្តការដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាលយកទៅ អនុវត្ត ក្នុងការគ្រប់​គ្រងដឹកនាំប្រ​ទេសជាតិ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានជម្រាបសិក្ខាកាមថា រដ្ឋសភាគឺជាស្ថាប័នកំពូល ជាអង្គនីតិប្បញ្ញត្តិមួយរបស់កម្ពុជា ដែលមានរដ្ឋសភា និងព្រឹទ្ធសភា។ រដ្ឋសភាកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅក្នុងរយៈពេល៥ឆ្នាំម្តង។ រដ្ឋសភាមានតួនាទីភារកិច្ចសំខាន់ៗបី គឺជាអ្នកតាក់តែង និងឣនុម័ត ច្បាប់។ តាមដានការឣនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងភាពតំណាងរបស់ពលរដ្ឋ។ ក្រៅពីការកសាង​ និងអនុម័តច្បាប់នៅក្នុងរដ្ឋសភា សមាជិក សមាជិការដ្ឋសភា បានចុះស្វែងយល់ពីសុខទុក្ខ តម្រូវការរបស់ពលរដ្ឋនៅតាមមូលដ្ឋាន។ រដ្ឋសភាក៏ត្រូវបំពេញតួនាទីនៅលើកិច្ចការការទូតសភាផង ដែរ។ ការបង្កើតកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងសភាប្រទេសនានា ក៏ដូចជាតាមរយៈវេទិកាសភាទំាងឡាយ មិនត្រឹមតែជាចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងសភាបណ្តាប្រទេសនានានោះទេ តែជាទំនាក់ទំនងរវាងប្រទេស និងប្រទេសផង​ដែរ។

លោកឧត្តមសេនីយ៍ត្រី សៀង ប៊ុនរិទ្ធ តំណាងសិក្ខាកាមទំាងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ដែលបាន ចំណាយពេលវេលា ធ្វើបទបង្ហាញយ៉ាងលម្អិតដល់សិក្ខាកាម។ លោកឧត្តមសេនីយ៍ត្រី បានចាត់ទុកដំណើរទស្សនកិច្ចដោយផ្ទាល់មកកាន់វិមាន រដ្ឋសភានេះ បានបង្កើតចំណេះដឹងដល់សិក្ខាកាមបន្ថែមទៀត សម្រាប់យកទៅអនុវត្តការងារជាក់ស្តែង។

សូមជម្រាបថា នៅពេលមានវគ្គសិក្សាម្តងៗ សិក្ខាកាមនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែអញ្ជើញមកសិក្សាស្វែងយល់ពីតួនាទី ភារកិច្ចរបស់រដ្ឋសភាជាប្រចំា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh