ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ស្នើឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ជំរុញ និងទាក់ទាញអ្នកវិនិយោគ អ្នកទេសចរខ្លួនមកកម្ពុជាឲ្យបានច្រើន
ឯកឧត្តម ឈាង វុន ស្នើឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ជំរុញ និងទាក់ទាញអ្នកវិនិយោគ អ្នកទេសចរខ្លួនមកកម្ពុជាឲ្យបានច្រើន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/20/2017 5:58:55 PM )

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានស្នើដល់ ឯកឧត្តម Anar Imanov ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហា​ណូយ ​ប្រទេសវៀត​ណាម ជួយជំរុញទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរប្រទេសរបស់ខ្លួនមកកម្ពុជាឲ្យច្រើន ខណៈដែលចំណងមិត្តភាពប្រទេសទំាងពីរ មានការរីកចម្រើនជា លំដាប់នោះ។

ការស្នើសុំនេះ បានធ្វើឡើងនៅពេល ឯកឧត្តមប្រធានគណៈកម្មការកិច្ចការបរទេស បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Anar Imanov នៅវិមាន រដ្ឋសភា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០១៧ នេះ។

ឯកឧត្តម Anar Imanov បានកោតសរសើរ ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលបានជម្រុញការអភិវឌ្ឍរបស់កម្ពុជាទៅមុខយ៉ាងល្អ​គួរឲ្យ កត់សម្គាល់។  ឯកឧត្តមក៏បានរំលឹកថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីពេលកន្លងទៅនេះ បានធ្វើឲ្យចំណងមិត្តភាពនៃប្រទេសទាំងពីរ មានការរីកចម្រើនរឹងមាំឡើងជាលំដាប់។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា អាស៊ែបៃហ្សង់ចង់ឃើញទំនាក់ទំនងកម្ពុជា និងអាស៊ែបៃហ្សង់ មានការរីកចម្រើនគ្រប់វិស័យ ហើយនៅក្នុង បេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំជំរុញទំនាក់ទំនងប្រទេសទំាងពីរឲ្យរឹងមាំថែមទៀត ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តមបានគូសបញ្ជាក់ថា ពិតណាស់កន្លងមកនេះ កម្ពុជា និងអាស៊ែបៃហ្សង់ បានគំាទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ នេះជាចំនុចវិជ្ជមាន មួយនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ។

ឯកឧត្ដម ឈាង វុន បានគូសបញ្ជាក់ថា អាស៊ែបៃហ្សង់គឺជាមិត្តល្អរបស់កម្ពុជា។ ប្រទេសទំាងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នារហូតមក។ ឯកឧត្ដមប្រធាន បានស្នើសុំដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញទាក់ទាញអ្នកវិនិយោគ អ្នកទេសចរអាស៊ែបៃហ្សង់មកវិនិយោគ និងមកទស្សនា កម្ពុជាឲ្យបានច្រើនឡើង។ កម្ពុជាមានសក្តានុពលខ្លំាងណាស់ចំពោះវិស័យទេសចរណ៍ មានទំាងរមណីយដ្ឋានបុរាណ ធម្មជាតិ វប្បធម៌ និងអេកូ ទេសចរណ៍។ ចំពោះការវិនិយោគ ឯកឧត្តម ឈាង វុន បានស្នើសុំឲ្យមានអ្នកវិនិយោគអាស៊ែបៃហ្សង់ចាប់អារម្មណ៍ការបណ្តាក់ទុនក្នុងវិស័យក​សិកម្ម ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរ។ ជាមួយគ្នានេះ ឯកឧត្ដមបានជម្រាបឯកឧត្តមអគ្គរដ្ឋទូតថា រដ្ឋសភាកម្ពុជា នឹងរៀបចំឡើង វិញនូវក្រុមមិត្ត​ភាពសភាកម្ពុជា និងសភាអាស៊ែបៃហ្សង់ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ដែលធ្លាប់មានអាសនៈនៅក្នុងរដ្ឋសភាត្រូវបានតុលា​ការ រំលាយចោល ដោយរកឃើញថា បានជាប់ពាក់ព័ន្ធការគាំទ្រពីបរទេសក្នុង​ចេតនាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ។

ភាគីទំាងពីរបានប្តេជ្ញាថា នឹងខិតខំជំរុញទំនាក់ទំនងប្រទេសទំាងពីរឲ្យរឹងមាំឡើងជាលំដាប់។ ជាចុងបញ្ចប់ ឯកឧត្ដម ឈាង វុន បានស្នើដល់ឯកឧត្តម ឯកអគ្គរដ្ឋទូត ជួយជំរុញ​ពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរបន្ថែមទៀត ពិសេសការបង្កើតឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅ វិញទៅមក៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh