ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធាននីតិកម្មសភាប្រជាជនចិនក្រុងសៀងហៃសិក្សាស្វែងយល់ពីការវិនិយោគចិននៅកម្ពុជា
ប្រធាននីតិកម្មសភាប្រជាជនចិនក្រុងសៀងហៃសិក្សាស្វែងយល់ពីការវិនិយោគចិននៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/1/2017 12:47:41 AM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាប្រជាជនចិន នៃទីក្រុងសៀងហៃ ដឹកនាំដោយ ឯកឧត្តម ង៊ូ ហានមីន ប្រធាននីតិកម្មនៃគណៈកម្មាធិការអចិន្រ្តៃយ៍ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ឯកឧត្តម ង៊ូ ហានមីន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា។ ឯកឧត្តមប្រធានគណៈប្រតិភូ បានកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី និងការថែររក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយរបស់កម្ពុជានៅទូទំាងប្រទេស។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជានៅក្នុងរយៈពេលជិត៥អាណត្តិមកនេះ បានអនុម័តច្បាប់ និងកិច្ចព្រមព្រៀង សន្ធិសញ្ញាជាច្រើន សម្រាប់កសាងកម្ពុជាជានីតិរដ្ឋ និងជាការទាក់ទាញការពារផលប្រយោជន៍អ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលបានបណ្តាក់ទុន នៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ច្បាប់ដែលរដ្ឋសភាបានអនុម័តគឺដើម្បីកសាងសុខសន្តិភាព និងវឌ្ឍនភាពរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការបានលើកឡើងថា កម្ពុជាបានប្រកាន់គោលនយោបាយចិនតែមួយ ហើយទំនាក់ទំនងការទូតកម្ពុជា-ចិន ដែល មានរយៈពេល៦០ឆ្នាំមកហើយនោះ បានឈានដល់ចំនុចកំពូលមិនធ្លាប់មានគឺជាទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានកោតសរសើរពីថ្នាក់ដឹកនាំ និងប្រជាជនចិន ដែលបានចាត់ទុកកម្ពុជាគឺជាមិត្តដ៏ល្អ។ ការគាំទ្ររបស់ប្រទេសចិន ចំពោះកម្ពុជាមិនត្រឹមតែបានរួមចំណែកជួយដល់ការអភិវឌ្ឍរបស់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកជួយកម្ពុជា ក្នុងការពង្រឹងឯករាជ្យ ភាពជាតិ និងការលើកមុខមាត់នៅលើឆាកអន្តរជាតិទៀតផង៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh