ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » វត្តឥន្ទ្រីយសំវរៈ នៅខេត្តកំពង់ធំ ផ្តើមសាងសង់ព្រះវិហារថ្មីមួយ ជំនួសព្រះវិហារចាស់ដែលទ្រុឌទ្រោម
វត្តឥន្ទ្រីយសំវរៈ នៅខេត្តកំពង់ធំ ផ្តើមសាងសង់ព្រះវិហារថ្មីមួយ ជំនួសព្រះវិហារចាស់ដែលទ្រុឌទ្រោម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/30/2017 7:18:21 PM )

វត្តឥន្ទ្រីយសំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានចាប់ផ្តើមកសាងព្រះវិហារថ្មីមួយ ដើម្បីជាទីគោរព សក្ការៈ តាមគន្លងព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។​ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះបឋមសីលាសាងសង់ព្រះវិហារថ្មីនេះ​។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ព្រះវិហារចាស់របស់វត្តឥន្ទ្រីយសំវរៈ មានសភាពទ្រុឌទ្រោមខ្លាំង ដោយឃើញនូវការលំបាកក្នុងការប្រតិបត្តិព្រះពុទ្ធសាសនា និងពិធីសាសនាផ្សេងៗ ទើបបានព្រះសង្ឃ ពុទ្ធបរិស័ទ មូលមតិគ្នារុះរើព្រះវិហារចាស់ និង បានឯកភាពគ្នាកសាងព្រះវិហារថ្មីឡើងវិញ នៅកន្លែងចាស់ដដែល។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងធម្មការ និងសាស​នា បានចេញប្រកាសអនុញ្ញាតឱ្យសាងសង់ព្រះវិហារថ្មីឡើងវិញ តាមរយៈលិខិតលេខ ១៦៨/១៧ ក.ធ.ស.ប្រក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។ គម្រោងសាងសង់ព្រះវិហារថ្មីនេះ មានបណ្តោយប្រវែង ៣៨,៣៦ ម៉ែត្រ ទទឹង ២៦,១៤ ម៉ែត្រ និងកម្ពស់ ៤១ម៉ែត្រ  ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានសម្តែងក្តីរីករាយយ៉ាងក្រៃលែង ដែលបានឃើញសមិទ្ធផលថ្មី បម្រើដល់វិស័យព្រះពុទ្ធសាសនាសាងសង់បន្ថែមទៀត នៅក្នុង​វត្តឥន្ទ្រីយសំវរៈនេះ នៅក្នុងកាលៈទេសៈវិស័យព្រះពុទ្ធសាសនា និងសាស​នា​ដទៃទៀត កំពុងមានការរីកចម្រើន និងបានដើរតួនាទីយ៉ាង សំខាន់នៅក្នុងការអប់រំ អភិវឌ្ឍន៍ប្រទេសកម្ពុជា។

នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត លើកឡើងពីស្ថានការណ៍នយោបាយនៅក្នុងប្រទេស និងក្រៅប្រទេស ជម្រាបជូនពលរដ្ឋផងដែរ។ ឯកឧត្តមបាន ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទំាងអស់ បន្តចូលរួមថែរក្សាសុខសន្តិភាព ដែលបានមកដោយលំបាក ជាមួយរាជរដ្ឋាភិបាលបន្តទៀត ដើម្បីទទួលបាន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើនទៅមុខទៀត។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានជួយឧបត្ថម្ភថវិកាចំនួន២២លានរៀល សម្រាប់ការកសាងសមិទ្ធផលនានាជាបន្តទៀតនៅក្នុងវត្តកំពង់ធំនេះ។

សូមជម្រាបថា វត្តឥន្ទ្រីយសំវរៈ ហៅវត្តកំពង់ធំ ត្រូវបានកសាងឡើងនៅឆ្នាំ១៩៤៨។ នៅក្នុងរបបប្រល័យពូជសាសន៍ ទីអារាមនេះមិនខុសពីវត្តនានា នៅក្នុងប្រទេសកម្ពុជានោះទេ ត្រូវពួកប៉ុលពតទុកចោល និងវាយកម្ទេចសមិទ្ធផលក្នុងវត្តស្ទើរអស់ លុះមកដល់ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ទើប ពុទ្ធបរិស័ទ ព្រះសង្ឃ អាជ្ញាធរ បាននាំគ្នាជួសជុល និងផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តបណ្តើរៗ សម្រាប់ប្រជាពលរដ្ឋគោរពបូជារហូតមក៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh