ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េចប់អាណត្តិ ជម្រាបសម្តេចប្រធានរដ្ឋសភា ពីសក្តានុពលកសិកម្ម និងទេសចរណ៍របស់កម្ពុជា
អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េចប់អាណត្តិ ជម្រាបសម្តេចប្រធានរដ្ឋសភា ពីសក្តានុពលកសិកម្ម និងទេសចរណ៍របស់កម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/29/2017 9:35:41 PM )

ឯកឧត្តម គីម វុនជិន ( Kim Weon-Jin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវចប់អាណត្តិ បានជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថា ប្រទេសកម្ពុជា មានសក្តានុពលជាច្រើននៅក្នុងការអភិវឌ្ឍប្រទេសជាតិ នៅក្នុងនោះមានវិស័យកសិកម្ម និងទេសចរណ៍ជា សំខាន់។

ក្នុងឱកាសចូលជម្រាបលាសម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលឯកឧត្តម ត្រូវចប់អាណត្តិការទូតពីកម្ពុជា ឯកឧត្តម គីម វុនជិន លើកឡើងថា ការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលកសិកម្មកាលពីពេលថ្មីៗនេះរបស់រាជរដ្ឋាភិបាល នៅក្នុងខេត្តកំពង់ស្ពឺ ជាផ្នែកសំខាន់ ដែលនិងអាចជំរុញប្រាក់ចំណូលរបស់កសិករ ពីព្រោះការបណ្តុះបណ្តាលនៅទីនោះ នឹងធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងថា ពលរដ្ឋខ្មែរដែលបានចេញទៅធ្វើការនៅប្រទេសកូរ៉េ បានផ្តល់ប្រាក់ចំណូលមកកម្ពុជាផងដែរ។ រហូតមក ដល់ពេលនេះ មានពលរដ្ឋខ្មែរប្រមាណ៤៥០០០នាក់ កំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមឯកអគ្គរដ្ឋទូតអះអាងថា ឯកឧត្តមនឹងខិតខំជំរុញ រដ្ឋាភិបាលកូរ៉េ ក្នុងការបង្កើនចំនួនកូតាពលករខ្មែរឲ្យបានកាន់តែច្រើនថែមទៀត។

ចំពោះវិស័យទេសចរណ៍វិញ ឯកឧត្តម គីម វុនជិន បានលើកឡើងថា កម្ពុជាមិនមែនមានតែប្រាសាទអង្គរវត្តនោះទេ កម្ពុជាមានប្រាសាទរាប់រយនៅ ទូទំាងប្រទេសដូចជា ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ដែលទើបត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាល ពីពេលថ្មីៗនេះ សុទ្ធសឹងជាសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ។ ប្រជាជនកូរ៉េបានស្ថិតនៅក្នុងចំនួនច្រើននៃអ្នកទេសចរបរទេស ដែលបានមក ទស្សនាកម្ពុជា ហើយកូរ៉េបានបង្កើតអគ្គកុងស៊ុលរបស់ខ្លួននៅទីក្រុងសៀមរាបរួចហើយ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិការទូត របស់ ឯកឧត្តម គីម វុនជិន ថាពិតជាបានរួមចំណែកដ៏ធំធេង សំដៅបន្តពូនជ្រំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន យើងទំាងពីរ កម្ពុជា-កូរ៉េ មានការរីកចម្រើនជាបន្តបន្ទាប់ ។

សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជាបានសង្កេតឃើញដោយពេញចិត្តក្នុងរយៈពេល២០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ រវាងប្រទេស យើងទំាងពីរ កម្ពុជា-កូរ៉េ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីមានការវិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ទំាងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ និងទេសចរណ៍ បានប្រែក្លាយទៅជាទំនាក់ទំនង "ភាពជាដៃគូយុទ្ធសាស្រ្ត" ដែលបង្កើតបានជាសមិទ្ធិផល ជាក់ស្តែងយ៉ាងច្រើន ដើម្បីឧត្តមប្រយោជន៍ជាតិទំាងសងខាង ជាពិសេសបានរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។

ទោះជាត្រូវទៅបំពេញបេសកកម្មនៅប្រទេសផ្សេងពីកម្ពុជា ក៏ ឯកឧត្តម គីម វុនជិន បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ឯកឧត្តមនឹងខិតខំជំរុញ កិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងកូរ៉េឲ្យរឹងមាំឡើង ពិសេសឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាបានច្រើនថែមទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh