ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ «កុំចាំដល់ពេលមានអាសន្ន បរិច្ចាគឈាមថ្ងៃនេះ ដើម្បីខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍របស់អ្នក»
មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ «កុំចាំដល់ពេលមានអាសន្ន បរិច្ចាគឈាមថ្ងៃនេះ ដើម្បីខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍របស់អ្នក»
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/29/2017 2:28:26 AM )

កម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «កុំចាំដល់ពេលមានអាសន្ន បរិច្ចាគឈាមថ្ងៃនេះ ដើម្បីខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍របស់អ្នក» បានរៀបចំ ធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការចូលរួមបរិច្ចាគឈាមពីមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូប។

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញជាអធិបតីបើកកម្មវិធីបរិច្ចាគឈាមនេះ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ មន្ត្រីដែលចូលរួមបរិច្ចាគឈាមគ្រប់រូប ដោយឯកឧត្ដមបានចាត់ទុកថា នេះជាកាយវិការមនុស្សធម៌ ជាអំពើបុណ្យកុសលដ៏ធំមិនអាចកាត់ថ្លៃបាន។

ឯកឧត្ដមអគ្គលេខាធិការ បានអំពាវនាវចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ ពិសេសយុវជន ដែលជាមន្ត្រីរាជការនៃអគ្គលេខា ធិការដ្ឋានរដ្ឋសភា សូមចូលរួមយ៉ាងសកម្ម និងដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលត្រូវការឈាមដើម្បី សង្គ្រោះជីវិត។

នៅក្នុងឱកាសនេះដែរ លោក សេង សេងហៃ និង លោក ទន់ សាខន មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលធ្លាប់បានប្រើប្រាស់ប័ណ្ណបរិច្ចាគឈាម ដើម្បីទទួលបានឈាមយកទៅជួយសង្រ្គោះជីវិតម្ដាយ និងភរិយារបស់ពួកគាត់ បានឡើងថ្លែងអំណរគុណ ចំពោះអ្នកធ្លាប់បានផ្ដល់ប័ណ្ណបរិច្ចាគឈាម ឲ្យពួកគាត់យកទៅស្នើសុំឈាមពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ហើយក៏សូមអរគុណចំពោះមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលបានជួយសម្រួលផ្ដល់ ឈាមឲ្យពួកគាត់បានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះជីវិតក្រុមគ្រួសាររបស់ពួកគាត់។

ចំណែក លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានមានប្រសាសន៍ឲ្យដឹងថា ការបរិច្ចាគឈាមមិនមានផលប៉ះពាល់អ្វី ដល់សុខភាពអ្នកបរិច្ចាគនោះទេ ផ្ទុយទៅវិញគឺវាបានធ្វើឲ្យកាន់តែមានសុខភាពល្អប្រសើរថែមទៀត។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ តាងនាម ឲ្យជនរងគ្រោះទាំងអស់ លោកសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដែលបានសហការជាបន្តបន្ទាប់ជាមួយ នឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការលើកកម្ពស់ដល់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ និងក៏សូមអរគុណចំពោះមន្ត្រីនៃអគ្គលេខាធិការដ្ឋាន រដ្ឋសភាដែលមានទឹកចិត្តសប្បុរស ចូលរួមផ្តល់ឈាមក្នុងបុព្វហេតុជួយជីវិតមនុស្សដោយគ្មានការរើសអើង នៅទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ធ្លាប់បានសហការគ្នារៀបចំកម្មវិធីអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាមដោយស្ម័គ្រចិត្ត សម្រាប់មន្ត្រីនៃអគ្គលេខា​ធិការ​ដ្ឋានរដ្ឋសភា។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh