ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានពិភាក្សាការងារជាមួយសភាអីុរ៉ង់ និងសភារុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិស័យការទូតសភា និងសេដ្ឋកិច្ច
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានពិភាក្សាការងារជាមួយសភាអីុរ៉ង់ និងសភារុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិស័យការទូតសភា និងសេដ្ឋកិច្ច
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/25/2017 9:25:51 PM )

ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី១០នៃសភាតំបន់អាស៊ីនៅប្រទេសតួកគី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា និងជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាអីុរ៉ង់ និងព្រឹទ្ធសភារុស្ស៊ី ដាច់ដោយឡែកពីគ្នា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពវិស័យការទូតសភា និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជា និងប្រទេសទំាងពីរនោះ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស្តេផាន់ ហ្ស៊ីរ៉ាយកូវ (Stepan Zhiryakov) សមាជិកគណៈកម្មាធិការគោលនយោបាយកសិកម្ម និងអាហារ និងការគ្រប់គ្រងបរិស្ថាន នៃព្រឹទ្ធសភារុស្ស៊ី (The Council of the Federation of Russia) ភាគីទំាងពីរបានជជែកពីបញ្ហាសំខាន់ៗ ចំនួនពីរ គឺទី១ គម្រោងដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភារុស្ស៊ីមកកម្ពុជា។ និងបញ្ហាទី២ គឺបំណុលកម្ពុជាដែលបានជំពាក់រុស្ស៊ីពីអតីតកាល។

ឯកឧត្តម ស្តេផាន់ បានជម្រាប ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ថា លោកជំទាវប្រធានព្រឹទ្ធសភារុស្ស៊ី គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជានាខែមីនា ឬមេសា ឆ្នាំ២០១៨ខាងមុខនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ី បានកំពុងខិតខំជំរុញពង្រឹងពង្រីក ទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ដោយបានជំរុញដល់អ្នកវិនិយោគទុនរុស្ស៊ី ទៅបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យបានច្រើន។

ឯកឧត្តម ស្តេផាន់ ហ្ស៊ីរ៉ាយកូវ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា និងរុស្ស៊ី បានចុះកិច្ចព្រមព្រៀងជាមួយគ្នាចំនួនជាង២០គម្រោង ក្នុងនោះមាន ការបង្កើតឲ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ។ បង្កើតរោងចក្រអគ្គិសនីប្រើដោយថាមពលនុយក្លេអ៊ែរ។ សាងសង់រោងម៉ាស៊ីនកិនស្រូវ និង ការនាំចូលម្រេច កាហ្វេ ពីកម្ពុជាទៅរុស្ស៊ីជាដើម។

ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលណាដែលគម្រោងសាងសង់រោងចក្រអគ្គិសនីចាប់ផ្តើមភ្លាម ពេលនោះការហោះហើរត្រង់រវាងប្រទេសទំាងពីរ ក៏នឹងចាប់ផ្តើមដែរ។ ការហោះហើរត្រង់នេះ នឹងជួយបង្កើនបន្ថែមចំនួនអ្នកទេសចរណ៍ អ្នកវិនិយោគរុស្ស៊ីមកកម្ពុជាយ៉ាងពិតប្រាកដ។

ចំពោះបំណុលដែលកម្ពុជាបានជំពាក់រុស្ស៊ីពីអតីតកាលវិញ ឯកឧត្តម ស្តេផាន់ បានគូសបញ្ជាក់ថា បញ្ហានេះត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជួបពិភាក្សាជាមួយគ្នាជាបន្តបន្ទាប់មកហើយ។ ប្រទេសរុស្ស៊ីបានកំពុងឲ្យអ្នកឯកទេសសិក្សាលើការងារនេះ។ សមាជិកព្រឹទ្ធសភារុស្ស៊ីសង្ឃឹមថា បញ្ហា បំណុលកម្ពុជានឹងមានលទ្ធផលវិជ្ជមានក្នុងពេលខាងមុខនេះ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគំាទ្រចំពោះកិច្ចព្រមព្រៀងដែលរាជរដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីបានធ្វើជាមួយគ្នា ដោយឯកឧត្តមបានវាយតម្លៃថា កិច្ចព្រមព្រៀងទំាងនោះមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តម បណ្ឌិត បានស្វាគមន៍ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់លោកជំទាវប្រធានព្រឹទ្ធសភារុស្ស៊ី ទៅបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតអនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចនោះ សមិទ្ធផលថ្មីៗ ពិសេសការពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការប្រទេសទំាងពីរនឹងកាន់តែរឹងមាំឡើង ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាអីុរ៉ង់ ដឹកនាំដោយ ឯកឧត្តម អាលី ប្រធានរដ្ឋសភាអីុរ៉ង់។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទំាងពីរ ទាំងក្នុងក្របខ័ណ្ឌសភា និងរដ្ឋាភិបាលឲ្យ កាន់តែសកម្ម និងរឹងមាំថែមទៀត។

នៅក្នុងក្របខ័ណ្ឌសភា ភាគីទាំងពីរបានឯកភាពថា ខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ក្នុងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងក្រុមមិត្តភាពសភា ព្រមទំាងអគ្គលេខាធិការដ្ឋាននៃសភាប្រទេសទំាងពីរ។

ក្នុងនាមរដ្ឋសភាអីុរ៉ង់ ឯកឧត្តម អាលី តាមរយៈ ឯកឧត្តមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា បានគោរពអញ្ជើញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសអីុរ៉ង់ ក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត។

ចំណែកកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទំាងពីរវិញ ឯកឧត្តមប្រធានរដ្ឋសភាអីុរ៉ង់បានបញ្ជាក់ថា អីុរ៉ង់បានជំរុញកិច្ចសហប្រតិបត្តិ ការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យប្រេងឆៅ និងបានស្នើឲ្យមានមន្រ្តីជំនាញកម្ពុជា ផ្លាស់ប្តូរទស្សនកិច្ចជាមួយប្រទេសអីុរ៉ង់។ ឯកឧត្តម អាលី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសភាកម្ពុជាដែលបានធ្វើជាប្រធានអេភីអេរយៈពេល២ឆ្នាំ ប្រកបដោយជោគជ័យ និងទទួល បានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគំាទ្រចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានរដ្ឋសភាអីុរ៉ង់ និងបានសន្យាថា នឹងពំានាំសំណូមពរ និងការគោរព អញ្ជើញរបស់ឯកឧត្តម មកជម្រាបជូនសម្តេចប្រធានរដ្ឋសភា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh