ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានជម្រាបសភាតំបន់អាស៊ីថា ការស្វែងរកសន្តិភាពលំបាក តែការថែរក្សាសន្តិភាពកាន់តែលំបាកទៀត
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានជម្រាបសភាតំបន់អាស៊ីថា ការស្វែងរកសន្តិភាពលំបាក តែការថែរក្សាសន្តិភាពកាន់តែលំបាកទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/25/2017 8:22:18 PM )

នៅមុនពិធីបិទមហាសន្និបាតលើកទី១០នៃសភាតំបន់អាស៊ី ដែលបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល រដ្ឋធានីដ៏ស្រស់ស្អាត និងជាប្រវត្តិសាស្រ្ត នៃប្រទេសតួកគី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់អង្គមហាសន្និបាតថា សន្តិភាព និង ស្ថិរភាពជាកត្តាគន្លឹះ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម និងប្រទេសជាតិនៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍បន្តថា បើគ្មានសន្តិភាពទាំងក្នុងប្រទេស និងក្នុងតំបន់នោះទេ ការអភិវឌ្ឍមិនអាចកើតមានឡើងបានឡើយ។

“ការស្វែងរកសន្តិភាពដើម្បីផ្តល់ឱកាសដល់ការអភិវឌ្ឍសង្គមជាតិ ជាកិច្ចការមួយដ៏សែនលំបាក និងមិនងាយសម្រេចបានឡើយ ប៉ុន្តែការថែរក្សានូវ សន្តិភាពដែលទទួលបានសម្រាប់បន្តការអភិវឌ្ឍនេះ វាជាការងារមួយដែលរឹតតែលំបាកខ្លាំងទ្វេដង” នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល

សភាប្រទេសតួកគី បានទទួលរៀបចំមហាសន្និបាតលើកទី១០នៃសភាតំបន់អាស៊ី ក្រោមប្រធានបទថា “ការទ្រទ្រង់សន្តិភាព និងការអភិវឌ្ឍនៅក្នុង តំបន់អាស៊ី”។ នៅមុនពិធីបិទមហាសន្និបាតនោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានចែករំលែកបទពិសោធន៍ និងបានផ្តល់អនុសាសន៍សំខាន់ៗទៅ ដល់មហាសន្និបាត ដើម្បីលើកកម្ពស់ ថែរក្សា និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោកនោះដែរ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ ថែរក្សា និងការអភិវឌ្ឍ គេត្រូវការពារមិនឲ្យកើតឡើងនូវអំពើហិង្សា ដែលមានមូលដ្ឋានមកពី ភាពជ្រុលនិយម និងការប្រកាន់ពូជសាសន៍ និងសាសនាជាដើម។ ត្រូវទប់ស្កាត់ឧបាយកលនយោបាយទុច្ចរិត ដែលញុះញង់ឲ្យមានការស្អប់ខ្ពើមគ្នា ឲ្យមានភាពជ្រុលនិយមផ្នែកនយោបាយ ដែលអាចបង្កចលាចល បំបែកបំបាក់ផ្ទៃក្នុងជាតិ និងសង្គម ឬការបំផុសឲ្យមានសង្រ្គាមប្រឆាំងសហគមន៍ បរទេសជាដើម។ ត្រូវប្រកាន់យកមូលដ្ឋានមួយឲ្យបានច្បាស់លាស់ តាមរយៈការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សំដៅធ្វើយ៉ាងណាឲ្យមានការជឿ ទុកចិត្តគ្នានៅក្នុងសង្គម គ្មានការរើសអើង និងមានភាពយុត្តិធម៌ សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសមធម៌ក្នុងសង្គម។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្ថែមថា ដើម្បីបានស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ គេត្រូវការពារជាដាច់ខាតនូវការជ្រៀតជ្រែករបស់បរទេស ទៅក្នុងការងារផ្ទៃក្នុងប្រទេសណាមួយ។ បន្តអនុវត្តន៍គោលការណ៍នៃការគោរពគ្នាទៅវិញទៅមក គោរពឯករាជ្យអធិបតេយ្យភាព គោរពបូរណភាព ទឹកដីរវាងគ្នានឹងគ្នា និងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃបណ្តាប្រទេសដទៃទៀត។ ប្រកាន់យកការដោះស្រាយវិវាទទាំងក្នុងប្រទេស និងអន្តរជាតិ ដោយគោលការណ៍សន្ដិវិធី។

សុន្ទរកថារបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានទទួលការស្វាគមន៍ និងកោតសរសើរពីសមាជិកដែលបានចូលរួមមហាសន្និបាត និងបានចាត់ទុកថា នេះជាវិភាគទានគំនិតដ៏សំខាន់ ដើម្បីកសាងសុខសន្តិភាព និងការការពារនូវសេចក្តីសុខ ការរីកចម្រើននៃគ្រប់ជាតិសាសន៍។

សូមជម្រាបថា មហាសនិ្នបាតលើកទី១០ដែលសភាតួកគីទទួលធ្វើជាម្ចាស់ផ្ទះ ក៏បានប្រារព្ធពិធីបិទនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយក្នុងនោះ មហាសន្និបាតបានសម្រេចបានលទ្ធផលជាច្រើនដូចជា បានអនុម័តយល់ព្រមឲ្យសភាតួកគីធ្វើជាប្រធានអេភីអេ សម្រាប់អាណត្តិ(២០២០-២០២១) បន្ទាប់ពីសភាតួកគី បានអនុម័តយល់ព្រមចំពោះការជ្រើសតាំងអនុប្រធានអេភីអេចំនួន៣ប្រទេស ដើម្បីធ្វើជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ចំនួនបីនៃសភាតំបន់អាស៊ី ក្នុងនោះមានបីប្រទេស រួមមាន គណៈកម្មាធិការអចិន្រ្តៃយ៍កិច្ចការនយោបាយ ដឹកនាំដោយព្រឹទ្ធសភាប៉ាគីស្ថាន។ គណៈកម្មាធិការអចិន្រ្តៃយ៍កិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ដឹកនាំដោយរដ្ឋសភាសាយប្រឹស និងគណៈកម្មាធិការអចិន្រ្តៃយ៍ទទួល បន្ទុកបទប្បញ្ញត្តិហិរញ្ញវត្ថុ និងគ្រប់គ្រងបុគ្គលិក ដឹកនាំដោយរដ្ឋសភាអីុរ៉ាក់។

មហាសន្និបាតក៏បានអនុម័តទទួលយកបេក្ខភាពអង្គការចំនួន២គឺ អង្គការអន្តរសភានៃសមាជិកសភានៃរដ្ឋឯករាជ្យ (IPA CIS) និងអង្គការសភានៃ ប្រទេសនិយាយភាសាតួកគី (TurkPA) ជាដៃគូសង្កេតការណ៍របស់អេភីអេ ហើយសំខាន់ជាងនេះទៅទៀត មហាសន្និបាតលើកទី១០ បានឯកភាពជា ឯកច្ឆន្ទ និងអនុម័តនូវសេចក្តីប្រកាសទីក្រុងអីុស្តង់ប៊ុល (Istanbul Declaration) ដោយបាននិយាយអំពីភាពចាំបាច់នៃសន្តិភាព និងស្ថិរភាព ដែលជា បុរេលក្ខណៈចាំបាច់ សម្រាប់ការអភិវឌ្ឍទាំងនៅក្នុងប្រទេស តំបន់ និងពិភពលោកទាំងមូល។

ជាមួយគ្នានេះ មហាសន្និបាតក៏បានចេញសេចក្តីប្រកាសសម្តែងនូវក្តីបារម្ភ និងកង្វល់ចំពោះបញ្ហាប្រឈម និងតានតឹងនានា ដែលកំពុងកើតមានឡើង នៅក្នុងតំបន់ ដូចជាបញ្ហាភេរវកម្ម ជម្លោះ និងជាពិសេសបញ្ហាដែលកំពុងកើតមាននៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

សូមជម្រាបថា មហាសន្និបាតលើកទី១០នៃសភាតំបន់អាស៊ី ដែលសភាប្រទេសតួកគីធ្វើជាម្ចាស់ផ្ទះនាពេលនេះ មានអ្នកចូលរួមចំនួនជាង៣០០នាក់ ក្នុងនោះមាន សភាសមាជិកអេភីអេចំនួន២៩ប្រទេស និងប្រទេសសង្កេតការណ៍ និងអង្គការដៃគូរបស់អេភីអេ ចំនួន៣ប្រទេស មកពីក្នុងតំបន់អាស៊ី។ សមាសភាពសមាជិកអេភីអេ ដែលបានចូលរួមកិច្ចប្រជុំនេះ មានដូចជា កម្ពុជា អីុរ៉ង់ អីុរ៉ាក់ ថៃ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន វៀតណាម និងសាធារណរដ្ឋ ប្រជាមានិតចិន ជាដើម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh