ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាប្រទេសតួកគីធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១០ សភាតំបន់អាស៊ី និងបានសរសើរសភាកម្ពុជា ដែលបានដឹកនាំអេភីអេ២ឆ្នាំ ប្រកបដោយជោគជ័យ
សភាប្រទេសតួកគីធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១០ សភាតំបន់អាស៊ី និងបានសរសើរសភាកម្ពុជា ដែលបានដឹកនាំអេភីអេ២ឆ្នាំ ប្រកបដោយជោគជ័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/23/2017 2:05:05 AM )

រដ្ឋសភាប្រទេសតួកគី បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត សភាតំបន់អាស៊ី(APA)លើកទី១០ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ក្រោមប្រធានបទ “ការទ្រទ្រង់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី Sustaining Peace and Development in Asia” ក្នុងនាមជាប្រធានសភា តំបន់អាស៊ីបន្តពីសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើជាប្រធានវេទិកាសភានេះ ពីរឆ្នាំមកហើយនោះ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានសភាតំបន់អាស៊ី(APA) បានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតលើកទី១០នេះ។ ពិធីបើកមហាសន្និ- បាតលើកទី១០ នៃសភាតំបន់អាស៊ីនេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អីុស្មាអីុល ខារ៉ាម៉ាន់ ប្រធានរដ្ឋសភាប្រទេសតួកគី នៅសៀល​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីគណៈប្រតិភូជាសមាជិកសភាតំបន់អាស៊ីចំនួន២៩ប្រទេស ប្រទេសសង្កេតការណ៍ និងអង្គការ ដៃគូរបស់អេភីអេ ដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់។

តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានសភាតំបន់អាស៊ី ដែលនឹងត្រូវចប់អាណត្តិ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានថ្លែង សុន្ទរកថាទៅកាន់អង្គពិធី ដោយបានលើកឡើងពីសមិទ្ធផលសំខាន់ៗ ដែលសភាកម្ពុជាសម្រេចបាន ក្នុងអាណត្តិជាប្រធានអេភីអេ រយៈពេល ២ឆ្នាំកន្លងមកនេះ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាសម្រេចបាន គឺបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ ជាពិសេសបានជំរុញ និងលើកកម្ពស់តួនាទីដ៏សំខាន់របស់អេភីអេ ក្នុងការធ្វើសមាហរណកម្មរបស់ខ្លួនកាន់តែជិតស្និទ្ធនៅក្នុង ក្របខណ្ឌតំបន់ និងពិភពលោក។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានអបអរសាទរចំពោះសភាតួកគី ដែលបានធ្វើជាប្រធានសភាតំបន់អាស៊ីបន្តពីកម្ពុជាសម្រាប់អាណត្តិពីចុងឆ្នាំ២០១៧ ដល់ចុងឆ្នាំ២០១៩។ ឯកឧត្តមបណ្ឌិតក៏បានវាយតម្លៃខ្ពស់ ចំពោះប្រធានបទដែលសភាតួកគីលើកឡើង “ការទ្រទ្រង់សន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាពនៅក្នុងតំបន់អាស៊ី Sustaining Peace and Development in Asia” នេះ ថាជាប្រធានបទមួយដ៏សំខាន់ និងសមស្របទៅនឹង បរិបទតំបន់ និងពិភពលោក។

ឯកឧត្តម អ៊ីស្មាអ៊ីល ខារ៉ាម៉ាន់ ប្រធានរដ្ឋសភាតួកគី និងដែលនឹងត្រូវក្លាយជាប្រធានសភាតំបន់អាស៊ីបន្តពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវក្តីអំណរគុណ និងបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូទាំងអស់ដែលបានចូលរួមមហាសន្និបាតនៅក្នុងប្រទេសតួកគី នាពេលនេះ។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសភាកម្ពុជាដែលបានធ្វើជាប្រធានអេភីអេ រយៈពេលពីរឆ្នាំកន្លងមកនេះ ប្រកបដោយជោគជ័យដ៏ ត្រចះត្រចង់ និងជាប្រវត្តិសាស្រ្តសម្រាប់អេភីអេ។

ឯកឧត្តមប្រធានរដ្ឋសភាតួកគីបានបន្តទៀតថា រដ្ឋសភាតួកគីមានកិត្តិយស និងមោទនភាពដែលត្រូវបានសភាសមាជិកអេភីអេ និងដៃគូពាក់ព័ន្ធទាំង អស់ផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់លើរដ្ឋសភាតួកគី ក្នុងការធ្វើជាប្រធានអេភីអេបន្ទាប់ពីកម្ពុជា ហើយក្នុងនាមរដ្ឋសភា រដ្ឋាភិបាល និងប្រជាជន តួកគី ឯកឧត្តមបានសន្យា និងប្តេជ្ញាចិត្តបន្តនូវមរកតដ៏មានតម្លៃដែលប្រធានអេភីអេមុនៗសម្រេចបាន ជាពិសេសសមិទ្ធផលដែលសភាកម្ពុជាសម្រេច បាន ឲ្យកាន់តែមានភាពជោគជ័យបន្ថែមទៀត ក្នុងការពន្លឿននូវការសម្រេចបាននូវចក្ខុវិស័យរបស់អេភីអេ ក្នុងការកសាងសភាអាស៊ី (Asian Parliament) នា ពេលអនាគត។ អេភីអេជាសភាតំបន់មួយ តំណាងឲ្យប្រជាពលរដ្ឋអាស៊ីទាំងមូល ឲ្យបានរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព យូរអង្វែង។

ឯកឧត្តមបណ្ឌិត ម៉ូហាម៉េដ រ៉េហ្សា ម៉ាជីឌី អគ្គលេខាធិការសភាតំបន់អាស៊ី បានសម្តែងនូវក្តីសប្បាយរីករាយ និងសាទរចំពោះសភាតួកគីដែលបាន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី១០នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវសុទិដ្ឋិនិយម ថា មហាសន្និបាតលើកទី១០នេះ នឹងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដែលនឹងធ្វើជាមូលដ្ឋានក្នុងការជំរុញ និងលើកកម្ពស់តួនាទីរបស់អេភីអេ ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ នឹងក្លាយជាសភាអាស៊ីដែលតំណាងឲ្យឆន្ទៈ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋអាស៊ី។

សូមបញ្ជាក់ថា សភាតំបន់អាស៊ី(APA) មានសមាជិក៤២ប្រទេស តែងតែរៀបចំមហាសន្និបាតប្រចំាឆ្នាំជារៀងរាល់ឆ្នាំ។ ប្រទេសដែលទទួលធ្វើជា ប្រធានសភាតំបន់អាស៊ី ត្រូវរៀបចំមហាសន្និបាតចំនួនពីរឆ្នាំជាប់គ្នា។ ក្នុងពេលធ្វើជាប្រធានសភាតំបន់អាស៊ីនេះ សភានៃព្រះរាជាណាចក្រកម្ពុជា បាន ទទួលរៀបចំមហាសន្និបាតលើកទី៨ នៅឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ និងលើកទី៩ នៅឆ្នាំ២០១៦ នៅទីក្រុងសៀមរាប។ មហាសន្និបាតលើកទី១០ និងលើក ទី១១ គឺជាការទទួលខុសត្រូវរបស់សភាប្រទេសតួកគី ដែលទទួលតួនាទីជាប្រធានបន្តពីសភាកម្ពុជា។

ក្នុងចំណោមសភាសមាជិកសភាតំបន់អាស៊ីចំនួន៤២ប្រទេស មានសមាជិក២៩ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាត លើកទី១០ ដែលប្រទេសតួកគីធ្វើជាម្ចាស់ផ្ទះ នាពេលនេះ។ សមាសភាពសមាជិកអេភីអេ ដែលបានចូលរួមកិច្ចប្រជុំនេះ មានដូចជា កម្ពុជា អីុរ៉ង់ អីុរ៉ាក់ ថៃ ឥណ្ឌូនេសីុ ប៉ាគីស្ថាន វៀតណាម និងសាធារណរដ្ឋប្រជាមានិតចិន ជាដើម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន