ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាតំបន់អាស៊ី នៅប្រទេសតួកគី
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាតំបន់អាស៊ី នៅប្រទេសតួកគី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/23/2017 12:30:59 AM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាតំណាងដ៏ខ្ពង់​ខ្ពស់របស់ ​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានសភាតំបន់អាស៊ី(APA) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ នៃមហាសន្និបាតសភាតំបន់អាស៊ី(APA) លើក ទី១០ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួកគី នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រទេសតួកគី បានធ្វើជាប្រធានសភាតំបន់អាស៊ីបន្តពីកម្ពុជានៅឆ្នាំ២០១៧នេះ ដោយត្រូវទទួលរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហា សន្និបាតលើកទី១០។ យោងតាមបទបញ្ជាផ្ទៃក្នុងរបស់អេភីអេប្រការ៧បានចែងថា កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ធ្វើឡើងពីរដងក្នុងមួយឆ្នាំ ​ដោយលើក ទី១ ត្រូវរៀបចំធ្វើ៣ខែ​មុនមហាសន្និបាត។ ចំណែកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ ត្រូវធ្វើឡើងភ្លាមៗមុនថ្ងៃរៀបចំមហាសន្និបាត។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ នៃមហាសន្និបាតលើកទី១០របស់សភាតំបន់អាស៊ី ដែល ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានដឹកនាំកិច្ចប្រជុំ នេះ គឺអង្គប្រជុំបានអនុម័តរបៀបវារៈសម្រាប់មហាសន្និបាតអេភីអេលើកទី១០ ដោយផ្តោតលើមូលបទ “ការទ្រទ្រង់សន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាពនៅក្នុងតំបន់អាស៊ី” (Sustaining Peace and Sustainable Development in Asia)។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំក៏បានឯកភាពលើរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ ដែលសភាកម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ កាលពីដើមខែតុលាឆ្នាំ២០១៧។ អង្គប្រជុំបានឯកភាពបញ្ជូន សេចក្តីព្រាងសេចក្តីសម្រេចចំនួន២៤ ដែលកិច្ចប្រជុំក្រុមប្រឹក្សា ប្រតិបត្តិលើកទី១ នៅទីក្រុងភ្នំពេញ បានអនុម័តទៅមហាសន្និបាតលើកទី១០ ដើម្បីបន្តពិភាក្សា និងអនុម័តនៅក្នុងមហាសន្និបាត។

ជាមួយគ្នានេះ អង្គប្រជុំបានអនុម័តយល់ព្រមលើការជ្រើសរើសបេក្ខភាពអនុប្រធានអេភីអេចំនួន៣រូប ដើម្បីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នានារបស់អេភីអេ ផងដែរ។

សូមជម្រាបថា សភាសមាជិកសភាតំបន់អាស៊ីចំនួន២៩ ក្នុងចំណោម៤២ប្រទេស បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាត លើកទី១០ នៃសភាតំបន់អាស៊ី ដែលប្រទេសតួកគីធ្វើជាម្ចាស់ផ្ទះនាពេលនេះ។ សមាសភាពសមាជិកអេភីអេដែលបានចូលរួមកិច្ចប្រជុំនេះ មានដូចជា កម្ពុជា អីុរ៉ង់ អីុរ៉ាក់ ថៃ ឥណ្ឌូនេសីុ ប៉ាគីស្ថាន វៀតណាម និងសាធារណរដ្ឋប្រជាមានិតចិន ជាដើម។

សូមរម្លឹកថា សភាកម្ពុជាបានធ្វើជាប្រធានសភាតំបន់អាស៊ីតំាងពីឆ្នាំ២០១៥មក និងបានរៀបចំមហាសន្និបាតលើកទី៨ នៃវេទិកាអន្តរសភាដ៏ធំនៅក្នុង​​​តំបន់នេះ កាលពីចុងឆ្នាំ២០១៥ម្តង និងបានរៀបចំមហាសន្និបាតលើកទី៩ កាលពីចុងឆ្នាំ២០១៦ម្តងទៀត ​ដោយទទួលបានជោគជ័យយ៉ាងក្រៃលែង ហើយបានបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មរបស់សភាកម្ពុជាក្នុងការកសាង ថែរក្សាសុខសន្តិភាព ដល់ពលរដ្ឋនៅក្នុងតំបន់ និងពិភពលោក តាមយន្តការសភា ដែលយកការជជែក ពិភាក្សា ជាធំនោះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន