ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » រដ្ឋសភាផ្តើមពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើធម្មនុញ្ញ នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ
រដ្ឋសភាផ្តើមពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើធម្មនុញ្ញ នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/14/2017 12:16:45 AM )

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើធម្មនុញ្ញ នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ ត្រូវបានគណៈកម្មការជំនាញរបស់រដ្ឋសភាចំនួន ពីរសហការគ្នាពិនិត្យ និងសិក្សាជាមួយតំណាងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា។

គណៈកម្មការជំនាញរដ្ឋសភា ដែលចូលរួមក្នុងការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់នេះ មានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដែលមាន ឯកឧត្តម ឈាង វុន ជាប្រធាន និងគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក ដែលមាន ឯកឧត្តម ហ៊ូ ស្រីុ ជាអនុប្រធានគណៈកម្មការ ចំណែកតំណាងរាជរដ្ឋាភិបាល មាន ឯកឧត្តម ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ញឹម វណ្ណដា បានលើកឡើងថា មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ហៅកាត់ថា អេឌីភីស៊ី (ADPC: Asian Disaster Preparedness Center) មានទីតាំងនៅរាជធានីបាងកកប្រទេសថៃ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៦។ ក្នុងនាមជាអង្គការមិនមែន រដ្ឋាភិបាលឯករាជ្យ មជ្ឈមណ្ឌលអេឌីភីស៊ីបានបំពេញបេសកកម្មរបស់ខ្លួនក្នុងការជួយដល់បណ្តាប្រទេសនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងគោលបំណង កាត់បន្ថយផលប៉ះពាល់ដោយគ្រោះមហន្តរាយ និងធ្វើឲ្យសហគមន៍ទាំងឡាយកាន់តែមានសុវត្ថិភាព និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្តថា ស្ថិតនៅក្រោមមូលនិធិកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ មជ្ឈមណ្ឌលនេះ បានជួយបណ្តាប្រទេសនៅតំបន់ អាស៊ី និងប៉ាស៊ីហ្វិក ជាពិសេសព្រះរាជាណាចក្រកម្ពុជា និងសហគមន៍ទាំងឡាយ ក្នុងការអនុវត្តន៍គោលនយោបាយ និងសមត្ថភាព ដើម្បីកាត់បន្ថយ ផលប៉ះពាល់ដោយគ្រោះមហន្តរាយ តាមរយៈ ការរៀបចំ ការសម្របសម្រួល ការគំាទ្រកម្មវិធីបណ្តុះបណ្តាល ការគ្រប់គ្រងព័ត៌មាន ការស្រាវជ្រាវ ការគ្រប់គ្រងគម្រោងកម្មវិធី ការផ្តល់ចំណេះដឹងអំពីគ្រោះមហន្តរាយដើម្បីការពារអាយុជិវិត ទ្រព្យសម្បត្តិ និងបរិស្ថាន និងការផ្តល់ជំនួយបច្ចេកទេស ផ្សេងៗទៀត។

ឯកឧត្តម ញឹម វណ្ណដា បានជម្រាបជូនសមាជិករដ្ឋសភាថា ផ្អែកលើសកម្មភាពបម្រើផលប្រយោជន៍សង្គមដ៏ធំធេងរបស់មជ្ឈមណ្ឌលអេឌីភីស៊ី បណ្តា ប្រទេសមួយចំនួននៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានឯកភាពគ្នារៀបចំតាក់តែងធម្មនុញ្ញមួយ ដើម្បីបែ្រក្លាយមជ្ឈមណ្ឌលអេភីឌីស៊ីឲ្យទៅជាអង្គការអន្តរ រដ្ឋាភិបាល ក្នុងតំបន់មួយដែលមានប្រទេសស្ថាបនិកចំនួន៩បានអនុម័ត និងចុះហត្ថលេខាលើធម្មនុញ្ញនេះ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៥ នៅរាជធានី បាងកក។

តំណាងរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា តាមស្មារតីនៃធម្មនុញ្ញនេះ នឹងចូលជាធរមានបាន លុះត្រាតែប្រទេសសមាជិកទាំង៩ ផ្តល់សច្ចាប័នគ្រប់ ចំនួន។ រហូតមកទល់បច្ចុប្បន្ននេះ មានប្រទេសស្ថាបនិកចំនួន៧ហើយ បានផ្តល់សច្ចាប័នលើធម្មនុញ្ញនេះ ក្នុងនោះមាន សាធារណរដ្ឋប្រជាមានិតចិន ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន បង់ក្លាដេស ស្រីលង្ការ ដោយឡែកស្ថាបនិកចំនួន២ មិនទាន់បានផ្តល់សច្ចាប័ន គឺព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ញឹម វណ្ណដា បានស្នើសុំរដ្ឋសភាពិនិត្យ សិក្សា និងអនុម័តសេចក្តីព្រាងច្បាប់នេះ ដើម្បីជាយន្តការក្នុងការបម្រើផលប្រយោជន៍ប្រជាជនកម្ពុជា និងប្រជាជននៅក្នុងតំបន់។

ឯកឧត្តម ឈាង វុន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីហៅកាត់ថាអេឌីភីស៊ី ( ADPC Asian Disaster Preparedness Center ) ហើយក៏បានកោតសរសើរយ៉ាងក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា គឺជាស្ថាបនិកមួយ នៃមជ្ឈមណ្ឌលនេះ ដែលបាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយគំាទ្រ និងដោះស្រាយបញ្ហារបស់ពលរដ្ឋ ដែលជួបគ្រោះធម្មជាតិនានា។

ក្រោយពីបានពិនិត្យសិក្សាយ៉ាងល្អិតល្អន់ គណៈកម្មការជំនាញរបស់រដ្ឋសភា បានឯកភាពលើសេចក្តីព្រាងច្បាប់នេះ ហើយសម្រេចថា នឹងបញ្ជូន លទ្ធផលនៃកិច្ចប្រជុំនេះ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យសម្រេច ក្នុងការដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ក្នុងរបៀបវារៈសម័យ ប្រជុំរដ្ឋសភា នាពេលខាងមុខ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើធម្មនុញ្ញនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីនេះ មាន១៥មាត្រា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh