ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ឧបត្ថម្ភថវិកា គ្រឿងបរិភោគ និងសម្ភារៈ ដល់ទូកងមួយចំនួន ដែលបានចូលរួមក្នុងព្រះរាជពិពីបុណ្យអុំទូក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ឧបត្ថម្ភថវិកា គ្រឿងបរិភោគ និងសម្ភារៈ ដល់ទូកងមួយចំនួន ដែលបានចូលរួមក្នុងព្រះរាជពិពីបុណ្យអុំទូក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/1/2017 7:37:57 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួយឧបត្ថម្ភថវិកា សម្ភារៈ គ្រឿងបរិភោគ និងថ្នាំពេទ្យ ដល់គណៈកម្មការគ្រប់គ្រងទូកង មួយចំនួនមកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ សម្រាប់ការចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាឆ្នាំនេះ។ មួយថ្ងៃមុខព្រះរាជពីធីបុណ្យមកដល់ សម្តេចប្រធានរដ្ឋសភា បានចាត់ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជា នាយកខុទ្ទកាល័យសម្តេច ជាតំណាងដ៏ខ្ពង់ខ្ពស់ ចុះជួបសំណេះសំណាល និងនាំយកអំណោយទំាងនោះ ចែកជូនដល់ក្រុមកីឡាករទូកងនៅបរិវេណ សួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជិតវត្តភ្នំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងឱកាសនោះ ឯកឧត្តម កែវ ពិសិដ្ឋ បានលើកឡើងថា ឆ្នាំនេះក៏ដូចឆ្នាំមុនៗ ដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះ ព្រះខែ បានប្រព្រឹត្តទៅស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ឯកឧត្តមតំណាងរាស្រ្ត បានផ្តាំផ្ញើដល់ក្រុមកីឡាករទាំងអស់ ត្រូវខិតខំយកអស់ពីកម្លាំងកាយចិត្តអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់គណៈកម្មការ បច្ចេកទេសដោយរក្សាបាននូវសីលធម៌ គុណធម៌ សុជីវធម៌ថ្លៃថ្នូរឲ្យស័ក្តិសមជាកីឡាករ និងត្រូវរក្សាទំនាក់ទំនងល្អមានសាមគ្គីភាពគ្នា ជាពិសេសត្រូវ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សានូវសុខភាព អនាម័យក្នុងការស្នាក់នៅរយៈពេលបីថ្ងៃនេះឲ្យបានល្អប្រសើរ ជៀសវាងកើតមានជំងឺផ្សេងៗជាយថា ហេតុ។

តាមរយៈនាយកខុទ្ទកាល័យ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានឧបត្ថម្ភដល់ចំណុះទូកង ឈ្មោះអគ្គមហាពញាចក្រីបារមីមុនី សាគរ និងទូកឈ្មោះអគ្គមហាពញាចក្រីបារមីសំរឹទ្ធស្រីសួគ៌មកពីរាជធានីភ្នំពេញ ដោយទូកងមួយៗ ទទួលបានអង្ករចំនួន៤០០គីឡូក្រាម ទឹកសុទ្ធចំនួន ១០០យួរ ទឹកក្រូច២០កេស មីយើងចំនួន៥កេសធំ ភេសជ្ជៈគោជល់ចំនួន១០កេស ត្រីខចំនួន២កេសធំ ប៊ីចេងចំនួន៥គីឡូក្រាម ទឹកដោះគោចំនួន៥ កេស ស្ករសចំនួន១០គីឡូក្រាម ថ្នាំពេទ្យ១កេស និងថវិកា១០លានរៀល។

ដោយឡែកទូកងឈ្មោះចេស្តាមហាចក្រីបារមីស្វាយសាច់ភ្នំ មកពីឃុំសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទទួលបានសម្ភារៈដូចគ្នា និងថវិកាចំនួន ១២លានរៀល។ ចំពោះទូកងឈ្មោះពញាចក្រីបារមីមានរិទ្ធិ មកពីឃុំបឹងព្រួលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទទួលបានសំលៀកបំពាក់៣០០កំផ្លេ អង្ករ៦០០ គីឡូក្រាម ទឹកសុទ្ធ៣០០យួរ ទឹកក្រូច៣០កេស មី៥កេសធំ គោជល់២៥កេស ត្រីខកំប៉ុង៣កេស ប៊ីចេង១០កញ្ចប់ ទឹកដោះគោ៨កេស ស្ករស១០ គីឡូក្រាម ថ្នាំពេទ្យ១កេស និងថវិកាចំនួន១៤លានរៀល។ ក្រៅពីនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឧបត្ថម្ភដល់ទូកងចំនួន ៩ផ្សេងទៀតមកពីខេត្តត្បូងឃ្មុំ ដោយក្នុងមួយទូកៗទទួលបានថវិកា២លានរៀលរួមនឹងមី១កេសធំផងដែរ។

ក្នុងពិធីសំណេះសំណាលនេះដែរ លោក កែវ ពិសិដ្ឋ ក៏បានឧបត្ថម្ភថវិកាចំនួន៥០០ដុល្លារ ដល់គណៈកម្មការដឹកនាំទូកខេត្តត្បូងឃ្មុំ ដើម្បីទុកចាត់ចែង ដល់ការស្នាក់នៅរបស់ក្រុមកីឡាករទូកក្នុងព្រះរាជពិធីបុណ្យអុំទូកនេះផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន