ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូកងមកពីខេត្តកំពង់ធំ
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូកងមកពីខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/1/2017 2:48:02 AM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា រួមជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំមកពីខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភជូនដល់ក្រុមកីឡាករទូកងរបស់ខេត្តកំពង់ធំ ដែលកំពុងស្នាក់នៅតំបន់អភិវឌ្ឍន៍ក្រុមហ៊ុនOCIC ខាងជើងរង្វង់មូលស្ពានជ្រោយ ចង្វា ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

គណៈកម្មការទូកងរបស់ខេត្តកំពង់ធំ បានរាយការណ៍ជូនឯកឧត្តមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា ដោយគូសបញ្ជាក់ថា ឆ្នាំនេះទូករបស់ខេត្តកំពង់ធំ បានចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលប្រារព្ធធ្វើនៅថ្ងៃទី០២ ទី០៣ និងទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញនេះ មានចំនួនសរុប១៨ទូក ទូកវែងបុរសចំនួន១២ទូក ទូកមួងបុរសចំនួន២ទូក ទូកខ្នាតអន្តរជាតិចំនួន៤ទូក។ មានកីឡាករចូលរួម សរុប១២៥០នាក់ ក្នុងនោះកំលាំងអុំទូកសរុបមានចំនួន១០៤២នាក់ កំលាំងត្រៀមមាន២០៨នាក់។ ក្នុងចំណោមទូកទាំងអស់របស់ខេត្តកំពង់ធំក៏មាន ទូកពិសេសចំនួន៣ រួមមានទូកស្ទឹងសែនមានជ័យ ទូកសែនសេរីមានជ័យ និងទូកតេជោសែនជ័យ ដែលជាទូករបស់ឯកឧត្តមបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា ជាអ្នកឧបត្ថម្ភផ្ទាល់។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មការគ្រប់គ្រងទូក គ្រូបង្វឹក និងថ្នាក់ដឹកនាំព្រមទាំង សប្បុរសជននានា ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងសម្លៀកបំពាក់ ថវិកា និងគ្រឿងឧបភោគបរិភោគ ជួយដល់កីឡាករទូករបស់ខេត្តកំពង់ធំ អោយបាន ចូលរួមក្នុងការប្រណាំងនៅឆ្នាំនេះ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺជាពិធី បុណ្យដ៏ធំប្រចាំឆ្នាំរបស់ព្រះរាជាណាចក្រកម្ពុជា ហើយពិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដែលមានមនុស្សចូលរួមរាប់លាននាក់ មកពីគ្រប់ ទិសទី ទាំងថ្នាក់ជាតិ និងអន្តរជាតិ មានន័យថា ពិធីបុណ្យនេះមានលក្ខណៈជាបុណ្យប្រពៃណីវប្បធម៌ ដែលចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវ ទេសចរយ៉ាងសំខាន់ផងដែរ។ ឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្តដល់កីឡាករអុំទូកទាំងអស់ ត្រូវខិតខំប្រឹងប្រែងដណ្តើមយកជ័យជំនះ និងកិតិ្តយស ជូនខេត្តកំពង់ធំ ឲ្យបានច្រើននៅក្នុងការប្រណាំងទូកឆ្នាំនេះ។ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ផ្ដាំផ្ញើដល់អ្នកគ្រប់គ្រង និងកីឡាករអុំ ទូកទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ទាំងការហូបចុកស្នាក់នៅគឺត្រូវអោយមានអនាម័យ ដើម្បីធានាបាននូវសុខភាពល្អ មានកំលាំងមាំមួន ត្រូវគោរពវិន័យ ចេះសាមគ្គីគ្នា ពិសេសជាកីឡាករអុំទូកក៏ត្រូវតែចេះហែលទឹកអោយបានស្ទាត់ជំនាញផងដែរ។ ដើម្បីជាការផ្ដល់កម្លាំងចិត្តដល់កីឡាករ អុំទូកខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍បញ្ជាក់ថា ក្នុងករណីរបស់ទូកពិសេសទាំង៣របស់ខេត្តកំពង់ធំ ទទួលបានជ័យជំនះ ចូលក្នុងផែនលេខ១ ឯកឧត្តមបណ្ឌិតនឹងផ្តល់រង្វាន់លើកទឹកចិត្តចំនួន១៥លានរៀល ផែនលេខ២ផ្តល់រង្វាន់ចំនួន១០លានរៀល និងលេខ៣ ផ្ដល់រង្វាន់ ចំនួន៨លានរៀល។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនដល់គណៈកម្មការទូកងទាំង១៨នៃ ខេត្តកំពង់ធំ មានថវិកាសរុបចំនួន៦ម៉ឺន២ពាន់ដុល្លារអាមេរិក អង្ករ៥ពាន់គីឡូក្រាម មី៨០កេស ទឹកសុទ្ធ៣០០យួរ ទឹកស៊ីអ៊ីវ៨០យួរ ទឹកត្រី៨០យួរ ភេសជ្ជៈគោជល់ចំនួន៣០កេស និងឧបត្ថម្ភការរៀបចំម្ហូបអាហារជូនដល់ក្រុមកីឡាករទូកទាំងអស់ចំនួនប្រាំថ្ងៃ នៅក្នុងឱកាសថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនាឆ្នាំនេះ។ ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត បានឧបត្ថម្ភកុំព្យូទ័រ១គ្រឿង និងសម្ភារៈសិក្សាមួយចំនួនដល់សិស្សានុសិស្ស ជាង៤០០នាក់នៃសាលាបឋមសិក្សាជ្រោយចង្វា សរុបជាថវិកាមានចំនួនជាង២ពាន់ដុល្លារផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh