ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អង្គការសហព័ន្ធសន្តិភាពសកលកម្ពុជា (UPF) ស្នើសុំអន្តរាគមន៍ពីសមាជិករដ្ឋសភាជួយគាំទ្រចំពោះអង្គការរបស់ខ្លួន ដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា
អង្គការសហព័ន្ធសន្តិភាពសកលកម្ពុជា (UPF) ស្នើសុំអន្តរាគមន៍ពីសមាជិករដ្ឋសភាជួយគាំទ្រចំពោះអង្គការរបស់ខ្លួន ដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/23/2017 9:48:04 PM )

នៅក្នុងឱកាសទទួលបានការអនុញ្ញាតឲ្យចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា អង្គការសហព័ន្ធសន្តិភាពសកល​កម្ពុជា UNIVERSAL PEACE FEDERATION-Cambodia (UPF) ដែលមាន លោក ហាជីមី សៃតុ ជាប្រធាន និងសហការី បានស្នើសុំអន្តរាគមន៍ពីសមាជិករដ្ឋសភាកម្ពុជា ជួយគាំទ្រ ចំពោះអង្គការរបស់ខ្លួនដែលកំពុងធ្វើសកម្ម​ភាពនៅកម្ពុជា ។

លោកបណ្ឌិត សុង យ៉ឹងស៊ិប (Song Yeong Seob) និង លោកបណ្ឌិត ហ៊ឺ យ៉ាង (Her Yang) ជំនួយការពិសេសរបស់ស្ថាបនិកអង្គការ(UPF) បានមានប្រសាសន៍ថ្លែងការកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ប្រទេសកម្ពុជា។ លោកបន្តថា ពេលនេះកម្ពុជាបានខិតខំ ចូលរួមក្នុងកិច្ចការថែរក្សាសន្តិភាពពិភពលោក។ លោកបណ្ឌិតបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានេះ ក៏ដូចជានៅតាមបណ្តា ប្រទេសជាសមាជិកដទៃទៀតដែរ គឺមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីសន្តិភាព ស្ថិរភាព ឱ្យបានកាន់ តែទូលំទូលាយថែមទៀត។ លោកបណ្ឌិតបន្ថែមថា កម្ពុជាក៏បានខិតខំ​ប្រឹងប្រែងកសាងជាមួយគ្នាលើការងារនេះ ក្នុងស្មារតីលើកកម្ពស់បណ្តាញទំនាក់ ទំនងការសន្ទនា​ពហុ​សាសនា ការអប់រំ សុជីវធម៌នៃការរស់នៅដោយសុច្ចរិត ការស្រាវជ្រាវកម្រិត​ឧត្តម​សិក្សា សកម្មភាព​មនុស្សធម៌ សកម្មភាព នយោបាយ ការទទួលខុសត្រូវផ្នែក​ប្រព័ន្ធផ្សព្វ​ផ្សាយ និងវិស័យផ្សេងៗទៀត។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍កោតសរសើរចំពោះអង្គការសហព័ន្ធសន្តិភាពសកលកម្ពុជា ដែលបានខិតខំអនុវត្តការងាររបស់ខ្លួន ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍ តាមបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។​​  ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានលើកឡើងពីប្រវត្តិដ៏ជូរចត់ ដែលកម្ពុជាបានឆ្លងកាត់ ដែលទទួលរងនូវផល​ប៉ះពាល់នៃ​សង្គ្រាម​ត្រជាក់ សង្គ្រាមស៊ីវិល ក្រោម ឥទ្ធិពលនៃប្រទេសមហាអំណាច។ ជាងនេះទៅទៀត កម្ពុជាបានឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត ដែលបាន​បំផ្លិចបំផ្លាញហេដ្ឋា​រចនា​សម្ព័ន្ធ សង្គម និងធនធានមនុស្សស្ទើគ្មានសល់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍រម្លឹកពីថ្ងៃខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ ថ្ងៃទី២៣ តុលា ២០១៧ ដែលបានធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពឡើងវិញ។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីការដឹងគុណយ៉ាង ជ្រាលជ្រៅចំពោះស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិសេសតួអង្គដ៏សំខាន់គឺ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់បែបយ៉ាង ដើម្បីឯករាជ្យ និងសន្តិភាពជាតិខ្មែរ រួមជាមួយ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យមានសន្តិភាពពេញលេញទូទាំងប្រទេសកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ ក្នុងការ បញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ដែលធ្វើឲ្យខ្មែរគ្រប់និន្នាការឈ្នះទាំងអស់គ្នា។ នយោបាយឈ្នះ-ឈ្នះនេះហើយ ដែលបានផ្តល់ឱកាសគ្រប់យ៉ាងឲ្យ កម្ពុជា បានកសាងសង្គមគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ​យើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាព និងពង្រឹងវប្បធម៌សន្តិភាព ដើម្បីធានាបាននូវការអភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព។ ក្នុងនាមជាសមាជិករដ្ឋសភា ឯកឧត្តមបណ្ឌិតក៏បានសម្ដែងការគាំទ្រ ចំពោះអង្គការសហព័ន្ធសន្តិភាពសកល​កម្ពុជា ដែលកំពុងធ្វើសកម្មភាពដើម្បី សន្តិភាពក្នុងតំបន់ និងពិភពលោកផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា លោកជំទាវ គ្រួច សំអាន និង ឯកឧត្ដម អ៊ុក ដាមរី ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា គឺជាឯកអគ្គរដ្ឋទូតសន្តិភាព នៃអង្គការ(UPF) ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh