ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីទទួលចុះឈ្មោះតំណាងរាស្ត្រក្នុងតំណែង នៅវិមានរដ្ឋសភា
អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីទទួលចុះឈ្មោះតំណាងរាស្ត្រក្នុងតំណែង នៅវិមានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/19/2017 12:32:26 AM )

អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ បានចាប់ផ្ដើមបើកដំណើរការ ការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា ដើម្បីទទួលចុះឈ្មោះតំណាងរាស្ត្រក្នុងតំណែង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភាអាណត្តិទី៤ នាពេលខាងមុខនេះ ។

នៅក្នុងសេចក្ដីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា យោងតាមការស្នើសុំ ផ្ទេរសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោតជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ឲ្យបំពេញតួនាទីជាតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការចុះឈ្មោះបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ខាងមុខនេះ ការិយាល័យចុះឈ្មោះបោះឆ្នោត១ ត្រូវបានបង្កើតឡើងនៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដើម្បីទទួលចុះឈ្មោះតំណាងរាស្ត្រក្នុងតំណែងបច្ចុប្បន្ន។

ការិយាល័យនេះ ចាប់ទទួលចុះឈ្មោះរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ពេលព្រឹកចាប់ពី ម៉ោង៧:០០ ដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤:០០ ដល់ម៉ោង១៧:៣០នាទី លើកលែងតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ មិនទទួលការចុះឈ្មោះទេ។

ចំណែកឯកសារដែលត្រូវភ្ជាប់មកជាមួយសម្រាប់ការចុះឈ្មោះបោះឆ្នោតនេះរួមមាន៖
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ
-ប័ណ្ណអភ័យឯកសិទ្ធិតំណាងរាស្ត្រ (អាណត្តិទី៥) ឬ
-ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត(ឯ.អ) ដែលចេញដោយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

សេចក្ដីជូនដំណឹងបន្តទៀតថា អ្នកសង្កេតការណ៍ និងតំណាងគណបក្សនយោបាយ ដែលមានការបញ្ជាក់ទទួលស្គាល់ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត អាចអញ្ជើញមកសង្កេតការណ៍ដំណើរការនៃការចុះឈ្មោះបោះឆ្នោតនេះ នៅការិយាល័យបោះឆ្នោតដូចបានជម្រាបជូនខាងលើ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh