ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបានអនុម័តរួចរាល់សេចក្ដីស្នើច្បាប់ចំនួនបួន ទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្ដីព្រាងច្បាប់បីផ្សេងទៀត នៅក្នុងសម័យប្រជុំថ្ងៃទី១៦ ខែតុលានេះ
រដ្ឋសភាបានអនុម័តរួចរាល់សេចក្ដីស្នើច្បាប់ចំនួនបួន ទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្ដីព្រាងច្បាប់បីផ្សេងទៀត នៅក្នុងសម័យប្រជុំថ្ងៃទី១៦ ខែតុលានេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/16/2017 7:15:09 AM )

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិករដ្ឋសភាពេលផ្ដើមសម័យប្រជុំចំនួន៦៧រូប។

នៅក្នុងសម័យប្រជុំនាពេលនេះ រដ្ឋសភាបានអនុម័តលើកយករបៀបវារៈចំនួន៧មកធ្វើការពិភាក្សា និងអនុម័ត ក្នុងនោះមានសេចក្ដីស្នើច្បាប់ចំនួនបួន គឺជាការស្នើសុំធ្វើវិសោធនកម្មច្បាប់ ទាក់ទងទៅនឹងការបោះឆ្នោត មានដូចជា វិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត។ វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា។ វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ សេចក្ដីស្នើ ច្បាប់ទាំងបួននេះ ត្រូវបានស្នើឡើងដោយតំណាងរាស្ត្រចំនួន៤៩រូប ដែលមាន ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប ជាតំណាងក្រុមតំណាងរាស្ត្រ ហត្ថលេខី ជាអ្នកការពារសេចក្ដីស្នើច្បាប់ ហើយគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធាន គណៈកម្មការ ជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យ និងសិក្សាសេចក្ដីស្នើច្បាប់។ លទ្ធផលនៃការអនុម័តលើសេចក្ដីស្នើច្បាប់ទាំងបួន គឺទទួលបានការយល់ព្រមចំនួន៦៧សំឡេងដូចៗគ្នា។

រីឯសេចក្ដីព្រាងច្បាប់ពីរផ្សេងទៀត គឺសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការទទួលស្គាល់សុពលភាពនៃប្រកាស នីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម មាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែល មានអត្ថប្រយោជន៍ និងគំនូរ ឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/ ០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។ សេចក្ដីព្រាងច្បាប់ទាំងពីរ មាន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យ និងសិក្សាសេចក្ដីព្រាងច្បាប់។ ឯកឧត្ដម ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្ដីព្រាងច្បាប់។ លទ្ធផល នៃការអនុម័តលើសេចក្ដីព្រាងច្បាប់ទាំងពីរនេះ គឺទទួលបានការយល់ព្រមចំនួន៦៦សំឡេងដូចគ្នា។

ចំណែករបៀបវារៈចុងក្រោយ គឺសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផល។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបាន ឯកឧត្ដម ហ៊ូ ស្រីុ ប្រធានស្ដីទីគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យ និងសិក្សាសេចក្ដីព្រាងច្បាប់។ ឯកឧត្ដម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្ដីព្រាងច្បាប់។ លទ្ធផលនៃការអនុម័តលើសេចក្ដីព្រាងច្បាប់នេះ គឺទទួលបានការយល់ព្រមចំនួន៦៦សំឡេង។

សូមបញ្ជាក់ថា លទ្ធផលនៃការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ និងសេចក្ដីព្រាងច្បាប់ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានចេញជាសេចក្ដីប្រកាសព័ត៌មាន ជូនសាធារណជនជ្រាបផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh