ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្ដម ឈាង វុន ជួយជីកប្រឡាយរំដោះទឹកចេញពីភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង
ឯកឧត្ដម ឈាង វុន ជួយជីកប្រឡាយរំដោះទឹកចេញពីភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/15/2017 6:29:39 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង បាននាំយកអេស្កាវាទ័រ ដើម្បីជួយជីកប្រឡាយរំដោះទឹកចេញពីភូមិអណ្តូងចេញ ស្ថិតក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។

នៅក្នុងឱកាសចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រោយបានពិនិត្យឃើញមានជំនន់ទឹកភ្លៀង ធ្វើឲ្យមានការលិចលង់នៅក្នុងភូមិអណ្តូងចេញ ដែលធ្វើអោយប្រជាពលរដ្ឋមានការលំបាកក្នុងការរស់នៅ ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិត ឯកឧត្តម ឈាង វុន និងលោកប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង ក៏បានចុះពិនិត្យមើលប្រព័ន្ធលូនៅក្នុងភូមិអណ្តូងចេញឃើញថា នៅខាងក្រោយភូមិ មានផ្លូវមួយខ្សែ ដែលបានចាក់ដីលុបលើលូ បណ្តាលអោយគ្មានប្រព័ន្ធលូរំដោះទឹកចេញពីក្នុងភូមិ ទើបឯកឧត្តមស្នើអោយលោកប្រធានមន្ទីរ សាធារណការខេត្ត យកអេស្កាវាទ័រកាយប្រឡាយបើកផ្លូវអោយទឹកហូរចេញពីក្នុងភូមិអណ្តូងចេញ។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានណែនាំអោយ អាជ្ញាធរខេត្តដាក់លូ ដើម្បីរំដោះទឹកចេញទៅប្រឡាយមេធំចំនួន៤ខ្សែផងដែរ។

ប្រជាពលរដ្ឋនៅក្នុងភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានសម្ដែងក្ដីរីករាយ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ឈាង វុន ក៏បានជម្រាបជូនប្រជាពលរដ្ឋថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែង បានជំរុញអោយសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ត្រូវខិតខំយកចិត្តទុកដាក់ ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh