ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបើកសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១២ ខែតុលា
រដ្ឋសភាបើកសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១២ ខែតុលា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/4/2017 9:16:58 PM )

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចកំណត់ថ្ងៃ បើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ បន្ទាប់ពីបានវិស្សមកាល អស់រយៈពេល៣ខែមកនោះ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧ នេះ។ ជាមួយការអនុម័តកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៩ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ក៏បានសម្រេចរបៀបវារៈមួយចំនួន សម្រាប់សម័យប្រជុំលើកទី៩ ដែលមាន ទី១ ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។ ទី២ របាយការណ៍ស្តីពី សកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៨ និងលើកទី៩ នីតិកាលទី៥។ ទី៣ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។

ចំណែករបៀបវារៈទី៤ ការពិភាក្សា និងអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំ ទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងសាធារណរដ្ឋ ប្រជាមានិតចិន។ របៀបវារៈទី៥ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពល ភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។ និងរបៀបវារៈទី៦ គឺការ ពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។

បន្ថែមពីនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តសមាសភាព លេខាធិការសម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ចំនួនបី ផងដែរ ដែលមាន លោកជំទាវ ពៅ សាវឿន ឯកឧត្តម សត្យា វុធ និង ឯកឧត្តម ឡុង រី

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh