ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សាលើសេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្ដីពីជលផល
គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សាលើសេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្ដីពីជលផល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/4/2017 7:43:56 PM )

គណៈកម្មការជំនាញនៃរដ្ឋសភាចំនួនពីរ គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ និងគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ បានសហការគ្នាប្រជុំពិនិត្យសិក្សាលើសេចក្តីព្រាងវិសោធនកម្ម មាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផល នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

ឯកឧត្តម ប៉ុល ហំម បានមានប្រសាសន៍ថា ច្បាប់ស្ដីពីជលផល ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម ០៥០៦ / ០១១ ចុះថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០០៦កន្លងមក នៅមានភាពខ្វះចន្លោះក្នុងការអនុវត្តជាក់ស្ដែងមួយចំនួន និងក្នុងគោលដៅជំរុញការអនុវត្ត និងការគោរពច្បាប់ ស្ដីពីជលផល ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសគឺការទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយមច្ឆាជាតិនោះ រាជរដ្ឋាភិបាលបានសម្រេចឲ្យក្រសួង សាម៉ី រៀបចំសេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្ដីពីជលផល នេះឡើង ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងឡាយ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ដើម្បីឲ្យស្របតាមស្ថានភាព រីកចម្រើននៃសង្គម  វាពិតជាត្រូវធ្វើការកែសម្រួលខ្លឹមសារមាត្រាមួយចំនួន និងបំពេញបន្ថែមនូវខ្លឹមសារមាត្រាថ្មីខ្លះ នៃច្បាប់ស្ដីពីជលផល។ ដូចនេះការ ធ្វើវិសោធនកម្មនៃច្បាប់ស្ដីពីជលផល វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់សង្គមនាពេលបច្ចុប្បន្ន ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និង ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព ជាពិសេសដើម្បីឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលើ វិស័យជលផល ក៏ដូចជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល និងឆ្លើយតបទៅនឹង សំណូមពររបស់ប្រជាពលរដ្ឋផងដែរ។ ម៉្យាងទៀតការធ្វើវិសោធនកម្មនេះ ក៏ដើម្បីផ្ទេរអំណាចគ្រប់គ្រងធនធានធម្មជាតិជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរួមចំណែកធានាដល់ការការពារ គ្រប់គ្រង ប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព និងការទប់ស្កាត់បទល្មើសនេសាទឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានបញ្ជាក់ថា តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្ដីពីជលផលនេះ គឺមាន លក្ខណៈត្រឹមត្រូវតាមច្បាប់និងស្របតាមបទដ្ឋានគតិយុត្ត។ ដូចនេះគណៈកម្មការជំនាញទាំងពីរនៃរដ្ឋសភា នឹងជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល បន្តទៀតនៅពេលខាងមុខ មុននឹងសម្រេចបញ្ជូនសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីជលផលនេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh