ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាតំបន់អាស៊ីត្រលប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៅកម្ពុជា
គណៈប្រតិភូសភាតំបន់អាស៊ីត្រលប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/3/2017 8:26:12 PM )

បន្ទាប់ពីបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី រួចមក គណៈប្រតិភូសភាតំបន់អាស៊ីបាន ចាកចេញពីប្រទេសកម្ពុជា ទៅកាន់មាតុប្រទេសរៀងៗខ្លួនវិញ នៅថ្ងៃទី៤ ខែតុលានេះ។ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សមាជិកសភាកម្ពុជា និងមន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានជូនដំណើរគណៈប្រតិភូ មិនខុសពីពេលទទួលស្វាគមន៍គណៈប្រតិភូអញ្ជើញមកកម្ពុជានោះទេ។ ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ចំពោះគណៈប្រតិភូបែបនេះហើយ បានធ្វើឲ្យសភាកម្ពុជាបានទទួលការកោតសរសើរ និងវាយ តម្លៃខ្ពស់ពីបណ្តាប្រទេសជាមិត្ត ថាបានទទួលស្វាគមន៍ពួកគេយ៉ាងកក់ក្តៅ និងរៀបចំកិច្ចប្រជុំដោយជោគជ័យ។

គណៈប្រតិភូសភាតំបន់អាស៊ីជាច្រើន ដែលមានប្រទេសប៉ាគីស្ថាន អីុរ៉ង់ បង់ក្លាដេស ស៊ីរី ស៊ីព្រូស គុយវ៉ែត តួកគី ជាដើម បានកោតសរសើរដល់សភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលស្វាគមន៍ ផ្តល់សុវត្ថិភាពសម្រាប់ការជួបជុំតំណាងពលរដ្ឋរបស់ប្រជាជាតិអាស៊ីដ៏មានសារៈសំខាន់នៅ ក្នុងវេទិកាសភាតំបន់អាស៊ី គឺកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ ប៉ុន្មានថ្ងៃមកនេះ។

ក្រុមគណៈប្រតិភូទំាងនេះ ដែលមានឱកាសមានមតិនៅក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិបានលើកឡើងថា ការចូលរួមចំណែកដ៏សកម្មរបស់ កម្ពុជា គឺបានកសាងប្រសិទ្ធភាពការងាររបស់សភាតំបន់អាស៊ីឲ្យរឹងមាំឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់តំបន់ និងពិភពលោកដោយសន្តិវិធី។

សូមជម្រាបថា សមាជិកសភាតំបន់អាស៊ីចំនួន២៦ប្រទេស បានអញ្ជើញមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាតំបន់អាស៊ីនៅកម្ពុជា ពីថ្ងៃទី២ ដល់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។ កិច្ចប្រជុំបានធ្វើឡើងនៅក្នុងសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ ដែលបានពិភាក្សា ឲ្យយោបល់លើសេចក្តីព្រាងសេចក្តី សម្រេចចំនួន២៤ សម្រាប់យកទៅប្រជុំបន្តនៅក្នុងប្រទេសតួកគី នាចុងឆ្នាំ២០១៧នេះ។

នៅពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំនេះ កាលពីថ្ងៃទី២ ខែតុលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជា ប្រធានសភាតំបន់អាស៊ី បានលើកឡើងថា ការផ្តល់ទស្សនទានល្អៗរបស់សមាជិកសភាតំបន់អាស៊ី ទៅលើសេចក្តីព្រាងសេចក្តីសម្រេចទំាងនោះ គឺអាចធ្វើឲ្យប្រទេសជាសមាជិក(APA)ទំាងអស់ យកខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចទំាងនោះបញ្ជ្រាបបញ្ចូលបានទៅក្នុងច្បាប់ជាតិ នៃប្រទេស សមាជិកនីមួយៗ ឆ្លើយតបទៅស្ថានភាពជាក់ស្តែងក្នុងតំបន់ និងសកលលោក​​។

សូមជម្រាបថា សភាតំបន់អាស៊ីដែលហៅកាត់ថា(APA) ជាវេទិកាសភាក្នុងតំបន់អាស៊ីមួយដែលមានសមាជិក៤២ប្រទេស។ ឈរលើចក្ខុវិស័យក្នុងការ កសាងសន្តិភាព និងការអភិវឌ្ឍដោយចីរភាព សភាតំបន់អាស៊ីបានកំពុងពង្រឹងតួនាទីរបស់ខ្លួន តាមរយៈសាមគ្គីភាព កិច្ចសហប្រ​តិបត្តិការគ្នា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh