លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ រដ្ឋសភា៖ មរណភាព ឯកឧត្តម អឹុម សិទ្ធី គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមមួយរូប__ សារលិខិតរំលែកទុក្ខ ជូនចំពោះ លោកជំទាវ ហង់ ភារី និងក្រុមគ្រួសារ__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ គ.ស ២០១៧__ ដំណឹងមរណទុក្ខ របស់ ឯកឧត្តម អឹុម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ.ស ២០១៧ វេលាម៉ោង ៤:៤៥ នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA បានបិទបញ្ចប់ សមាជិកសភាតំបន់អាស៊ីបានវាយតម្លៃខ្ពស់ចំពោះសភាកម្ពុជា
កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA បានបិទបញ្ចប់ សមាជិកសភាតំបន់អាស៊ីបានវាយតម្លៃខ្ពស់ចំពោះសភាកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/3/2017 3:11:54 AM )

នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី(APA) បានបិទបញ្ចប់ ដោយជោគជ័យ ហើយសមាជិកសភាតំបន់អាស៊ី និងអគ្គលេខាធិការដ្ឋានសភាតំបន់អាស៊ី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរៀបចំ កិច្ចប្រជុំរបស់សភាកម្ពុជា ពិសេសការបំពេញតួនាទីបានយ៉ាងធំធេងរបស់សភាកម្ពុជា ក្នុងការពង្រឹងតួនាទីសភាតំបន់អាស៊ី នៅពេលកម្ពុជាធ្វើជា ប្រធានសភាតំបន់អាស៊ី តំាងពីឆ្នាំ២០១៥មកនោះ។

សមាជិកសភាតំបន់អាស៊ីចំនួន២៦ប្រទេស មានប្រទេសអាហ្គានីស្ថាន, ប៉ារ៉ែន, បង់ក្លាដេស, ប៊ូតាន, ចិន, ស៊ីព្រូស, ឥណ្ឌា, ឥណ្ឌូនេស៊ី, អីុរ៉ង់ អីុរ៉ាក់, ហ្សកដង់, គុយវ៉ែត,ឡាវ, ម៉ាឡេស៊ី, នេប៉ាល់, កូរ៉េខាងជើង, ប៉ាគីស្ថាន, ប៉ាឡេស្ទីន, រុស្ស៊ី, សោឌីអារ៉ាប់បី, ស៊ីរ៉ី, ថៃ, តួកគី, អារ៉ាប់រួម, វៀតណាម, និងកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែតុលានេះ ដោយនៅក្នុងនោះបានពិនិត្យ ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន២៤ សម្រាប់យកទៅប្រជុំបន្ត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១០ នៅក្នុងប្រទេសតួកគីនាចុងឆ្នាំនេះ។

សេចក្តីព្រាងសេចក្តីសម្រេចចំនួន២៤ ដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំនាពេលនេះមានចំនួន៧ មកពីគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការ នយោបាយ។ គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព មាន៦សេចក្តីព្រាងសេចក្តីសម្រេច។ គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក មានសេចក្តីព្រាងសេចក្តីសម្រេចចំនួន០១។ គណៈកម្មាធិការ អចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ មាន១០សេចក្តីព្រាងសេចក្តីសម្រេច។

មានប្រសាសន៍នៅពេលបិទកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ម៉ូហាម៉ាធ រីហ្សា ម៉ាជីឌី អគ្គលេខាធិការសភាតំបន់អាស៊ី បានវាយតម្លៃខ្ពស់ និងបាន កោតសរសើរចំពោះសភាកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនាពេលនេះ ជាពិសេសការធ្វើប្រធានសភាតំបន់អាស៊ីរបស់កម្ពុជា ក្រោម ការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រយៈពេលពីរឆ្នាំមកនេះ បានធ្វើឲ្យតួនាទីតំណាងរបស់ពលរដ្ឋនៅតំបន់អាស៊ីកាន់តែរឹងមាំ មានសាមគ្គីភាព ក្នុងការដោះស្រាយបញ្ហារួមរបស់តំបន់។

គណៈប្រតិភូដែលចូលរួមប្រជុំជាច្រើន បានមានមតិលើកឡើងនៅពេលបិទកិច្ចប្រជុំ ដោយបានកោតសរសើរដល់សភា រាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលស្វាគមន៍ ផ្តល់ភាពកក់ក្តៅ សន្តិសុខ សុវត្ថិភាពចំពោះគណៈប្រតិភូទាំងអស់។ គណៈប្រតិភូមកពីប្រទេសប៉ាឡេស្ទីន បានលើកឡើងថា “គ្មានពាក្យអ្វីដែលត្រូវលើកមកនិយាយ ឲ្យសមនឹងការស្វាគមន៍របស់ប្រទេសកម្ពុជា ចំពោះគណៈប្រតិភូរបស់ខ្លួនឡើយ។ ចាប់ពី ព្រលានយន្តហោះ និងក្នុងពេលស្នាក់នៅ គណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងយកចិត្តទុកដាក់ និងកក់ក្តៅជាទីបំផុត”។

ចំណែកគណៈប្រតិភូប្រទេសអីុរ៉ង់ ដែលជាគណៈប្រតិភូមួយទៀត ដែលបានកោតសរសើរដល់សភាកម្ពុជា នៅពេលបិទកិច្ចប្រជុំពេលនោះ ក៏បាន លើកឡើងថា សភាកម្ពុជា និងអគ្គលេខាធិការសភាតំបន់អាស៊ី បានរៀបចំការប្រជុំមួយ ដែលមានលក្ខណៈល្អឥតខ្ចោះ សម្រាប់ការពង្រឹងតួនាទីរបស់ សភាតំបន់អាស៊ី នៅលើទឹកដីកម្ពុជា។

សូមជម្រាបថា សភាប្រទេសកម្ពុជាបានទទួលរៀបចំមហាសន្និបាតលើកទី៨ នៃសភាតំបន់អាស៊ី កាលពីឆ្នាំ២០១៥។ មហាសន្និបាតលើកទី៩ នៅក្នុង ឆ្នាំ២០១៦ និងទទួលរៀបចំកិច្ចប្រជុំជាច្រើនទៀតរបស់វេទិកាសភាដ៏ធំក្នុងតំបន់មួយនេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើជាប្រធាន សភាតំបន់អាស៊ី តំាងពីឆ្នាំ២០១៥ មក។ សភាប្រទេសតួកគីនឹងធ្វើជាប្រធានសភាតំបន់អាស៊ីបន្តពីកម្ពុជានៅចុងឆ្នាំ២០១៧នេះ។

ឯកឧត្តមបណ្ឌិត ម៉ូហាម៉ាធ រីហ្សា ម៉ាជីឌី អគ្គលេខាធិការសភាតំបន់អាស៊ី បានថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានសភាតំបន់អាស៊ី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិលើកទី១នេះ ដែលសម្តេច និងឯកឧត្តមបណ្ឌិតបានចំណាយប្រាជ្ញា កម្លំាង ក្នុងការជួយជ្រោមជ្រែងលើកកម្ពស់ប្រសិទ្ធភាពការងារ របស់អេភីអេឲ្យបានរឹងមាំឡើង ហើយបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការដោះស្រាយបញ្ហាប្រឈម នៅក្នុងតំបន់ក៏ដូចជាពិភពលោក តាមចក្ខុ វិស័យរបស់អេភីអេ ដែលយកវប្បធម៌សន្ទនាជាគោលនោះ។

“ជោគជ័យដ៏ធំធេងរបស់វេទិកាសភានេះ គឺមិនអាចកើតមានទេ បើគ្មាន សម្តេច ហេង សំរិន និង ឯកឧត្តមបណ្ឌិត ងួន ញ៉ិល នោះ” ឯកឧត្តមបណ្ឌិត ម៉ូហាម៉ាធ រីហ្សា ម៉ាជីឌី បានបញ្ជាក់។

គួរជម្រាបដែរថា អ្វីដែលជាលទ្ធផល ដែលកើតចេញពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី នាពេលនេះ នឹងត្រូវលើកយកទៅប្រជុំបន្តនៅប្រទេសតួកគីនាចុងឆ្នាំ២០១៧នេះ ដោយនៅទីនោះ នឹងមានកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និង មហាសន្និបាតលើកទី១០ នាខែវិច្ឆិកាខាងមុខនេះ។

គណៈប្រតិភូសភាប្រទេសតួកគីក៏បានសន្យាថា នឹងបន្តភារកិច្ចពីកម្ពុជាឲ្យបានល្អ ហើយនឹងខិតខំពង្រឹងតួនាទីវេទិកាសភាមួយនេះ ឲ្យជោគជ័យដូចអ្វី ដែលសភាកម្ពុជាបានបំពេញនាពេលកន្លងមក។ គណៈប្រតិភូប្រទេសតួកគី បានគោរពអញ្ជើញ សមាជិកសភាតំបន់អាស៊ីទំាងអស់ ទៅចូលរួមកិច្ចប្រជុំ នៅក្នុងប្រទេសខ្លួន ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឲ្យបានច្រើន៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh