ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាតំបន់អាស៊ី ពិភាក្សាសេចក្តីព្រាងសេចក្តីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍នយោបាយ
កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាតំបន់អាស៊ី ពិភាក្សាសេចក្តីព្រាងសេចក្តីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍នយោបាយ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/2/2017 1:03:22 AM )

បន្ទាប់ពីបានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នៃមហាសន្និបាត​លើកទី១០របស់សភាតំបន់អាស៊ី នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ វេទិកាសភានេះ បានបន្តកិច្ចប្រជុំដោយត្រូវពិភាក្សាលើ សេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ទទួល​បន្ទុកកិច្ចការនយោបាយ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ បានដឹកនាំកិច្ចប្រជុំនេះ។ កិច្ចប្រជុំបានពិភាក្សា និងឲ្យ​យោបល់សេចក្តីព្រាងសេចក្តីសម្រេចចំនួន៧ គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការនយោបាយ។

សេចក្តីព្រាងសេចក្តីសម្រេចទំាង៧នោះមាន ទី១-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីដំណើរឆ្ពោះទៅកាន់សភាអាស៊ី។ ទី២-សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីអភិបាលកិច្ចល្អ។ ទី៣-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីនីតិរដ្ឋ និងការផ្តល់អំណាចជូនតុលាការ។ ទី៤-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការអនុវត្ត ល្អៗរបស់សភា។ ទី៥-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកសាងវិបុលភាពនៅអាស៊ីតាមរយៈមិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ទី៦-សេចក្តីព្រាង សេចក្តីសម្រេចស្តីពីសភា និងរដ្ឋាភិបាលនៅតំបន់អាស៊ីរួមគ្នា ដើម្បីវិបុលភាពនៅអាស៊ី និងទី៧-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីសភាអាស៊ីគំាទ្រ ដោយឥតងាករេដល់ប្រជាជនប៉ាឡេស្ទីន។

សូមជម្រាបថា សមាជិកសភាតំបន់អាស៊ី ដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ មានប្រទេស អាហ្គានីស្ថាន, ប៉ារ៉ែន, បង់ក្លាដេស, ប៊ូតាន, ចិន, ស៊ីព្រូស, ឥណ្ឌា, ឥណ្ឌូនេស៊ី, អីុរ៉ង់,អីុរ៉ាក់, ហ្សកដង់, គុយវ៉ែត,ឡាវ, ម៉ាឡេស៊ី, នេប៉ាល់, កូរ៉េខាងជើង, ប៉ាគីស្ថាន, ប៉ាឡេស្ទីន, រុស្ស៊ី, សោឌីអារ៉ាប់បី, ស៊ីរ៉ី, ថៃ, តួកគី, អារ៉ាប់រួម, វៀតណាម, និងកម្ពុជា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh