ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានរដ្ឋសភាកម្ពុជានិងថៃជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ
ប្រធានរដ្ឋសភាកម្ពុជានិងថៃជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/1/2017 11:47:08 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង​ ឯកឧត្តមសាស្រ្តាចារ្យ ផនពេជ្រ វិចិតឆុលឆ័យ (Pronpectch Wichidcholchai) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ បានជួបពិភាក្សាការងារនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខាភ្នំពញ និងរ៉េស៊ីដង់ បន្ទាប់ពីបានអញ្ជើញចូលរួមបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ។

នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមសាស្រ្តាចារ្យ ផនពេជ្រ វិចិតឆុលឆ័យ បានលើកឡើងពីបេសកកម្មដូចគ្នារបស់សភាកម្ពុជា និងថៃ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកា និងសមាគមអន្តរសភាជាច្រើន ដែលមានដូចជាសភាតំបន់អាស៊ី អន្តរសភាអាស៊ាន ឬវេទិកាសភាតំបន់ អាស៊ី-ប៉ាស៊ីហ្វិក និងសហភាពអន្តរសភា ជាដើមនោះ។

ដើម្បីពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាទ្វេភាគី រវាងសភាកម្ពុជា និងសភាថៃបន្ថែមទៀត ឯកឧត្តមសាស្រ្តាចារ្យ ផនពេជ្រ វិចិត ឆុលឆ័យ បានគោរពអញ្ជើញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសថៃ ក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីការរីកចម្រើន នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ នៅក្នុងរយៈពេលចុងក្រោយនេះ ដែលមានដូចជាគម្រោងភ្ជាប់ផ្លូវគមនាគមន៍តាមផ្លូវដែក និងផ្លូវទឹករវាងប្រទេសទំាងពីរ ដែលជាផ្នែកសំខាន់មួយ ក្នុងការជំរុញកំណើនពាណិជ្ជកម្មកម្ពុជា និងថៃបន្ថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលយកការគោរពអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋសភា ដោយបានសន្យាថានឹង រកពេលវេលាសមស្របណាមួយ ដឹកនាំគណៈប្រតិភូសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ។ សម្តេចបាន អរគុណចំពោះ​​ឯកឧត្តម​ប្រធា​ន រដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូ មក​ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើក​ទី១ របស់សភាតំបន់អាស៊ី(អេភីអេ) នៅព្រះរាជា​ណាចក្រកម្ពុជា នាពេលនេះ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សភាកម្ពុជា និងថៃ បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយគ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ​សភាប្រទេសទាំងពីរ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh