ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ វត្តមានសមាជិកសភាតំបន់អាស៊ី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ បង្ហាញពីកិច្ចសហប្រតិបត្តិការស្អិតរមួតគ្រួសារ(APA)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ វត្តមានសមាជិកសភាតំបន់អាស៊ី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ បង្ហាញពីកិច្ចសហប្រតិបត្តិការស្អិតរមួតគ្រួសារ(APA)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/1/2017 7:03:23 PM )

ក្នុងនាមប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង​ក្នុងនាមប្រធានសភាតំបន់អាស៊ី ដែលហៅកាត់ថា(APA) សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្ស​​​រីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន​ដ៏​​ថ្លៃថ្លារបស់គណៈប្រតិភូសភាដែលជាសមា​ជិកសភាតំបន់អាស៊ី ដែលបាន អញ្ជើញ​មក​​ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃ​មហាសន្និបាតលើកទី១០ របស់សភា​តំបន់អាស៊ី(APA) ដែលសភាកម្ពុជាធ្វើជា ម្ចាស់ផ្ទះ ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ។

នៅក្នុងជំនួបសវនាការជាមួយប្រធានគណៈប្រតិភូ មុនពិធីបើកកិច្ចប្រជុំជាផ្លូវការ នាព្រឹកថ្ងៃទី២ ខែតុលា សម្តេចចក្រីបានគូសបញ្ជាក់ថា “ខ្ញុំពិតជាមាន សេចក្តីសោមនស្សរីករាយ ដែលបាន​ជួបជាមួយ ឯកឧត្តម លោកជំទាវ ជាថ្មីម្តងទៀត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នេះ ដែលជាកិច្ចប្រជុំ ដ៏សំខាន់មួយរបស់អេភីអេ” ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានក្លាយជាប្រធានសភាតំបន់អាស៊ី(APA) តំាងពីឆ្នាំ២០១៥មក នៅពេលដែលសភា នៃព្រះរាជាណាចក្រ កម្ពុជា បានទទួលរៀបចំមហាសន្និបាតលើកទី៨នៃសភាតំបន់អាស៊ីក្នុងឆ្នាំ២០១៥ និងមហាសន្និបាតលើកទី៩នៅឆ្នាំ២០១៦។ ប្រ​ធានសភាតំបន់អាស៊ី នឹងប្រគល់ទៅសភាប្រទេសតួកគី នៅចុងឆ្នាំ២០១៧នេះ នៅពេលប្រទេសនេះ ទទួលរៀបចំមហាសន្និបាតលើកទី១០ នៃសភាតំបន់អាស៊ីបន្តពីកម្ពុជា នោះ។

កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ ប្រារព្ធធ្វើនៅក្នុងសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។ សម្តេចអគ្គ​មហាព​ញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា “វត្តមានរបស់សមាជិកសភាតំបន់អាស៊ីនៅពេលនេះ ពិតជាបានផ្តល់នូវ កិត្តិយស និងជាការលើក​ទឹកចិត្តដល់រដ្ឋសភាកម្ពុជា ក្នុងការបំពេញកាតព្វ​កិច្ចរបស់​ខ្លួនជាប្រធានសភាតំបន់អាស៊ី​ និង​បានរួមចំណែកឲ្យកិច្ចប្រជុំនេះ ទទួលបានជោគ​ជ័យ”​។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានសភាតំបន់អាស៊ី បានគូសបញ្ជាក់ថា វត្តមានសមាជិក(APA)នៅពេលនេះ បានបង្ហាញអំពីសារៈសំខាន់ នៃចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការស្អិតរ​មួត រវាងគ្រួសារសភាប្រទេសជាសមាជិកអេ-ភី-អេ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh