ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាជិកសភាតំបន់អាស៊ី APA បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ
សភាជិកសភាតំបន់អាស៊ី APA បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/30/2017 10:05:38 PM )

សភាតំបន់អាស៊ី ដែលហៅកាត់ថា(APA) នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០របស់ខ្លួន ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ នៅរាជធានីភ្នំ​ពេញ ដោយសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សមាជិកសភាតំបន់អាស៊ីចំនួន២៦ប្រទេស ក្នុង ចំណោម៤២ប្រទេស នឹងចូលរួមកិច្ចប្រជុំនេះ។

ចាប់ពីរាត្រីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ ថ្ងៃទី១ ខែតុលានេះ គណៈប្រតិភូសភាទាំងអស់ បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនេះ។ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សមាជិកសភាកម្ពុជា និងមន្រ្តីជាន់ខ្ពស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរង់ចំា ទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅជាទីបំផុត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានសភាតំបន់អាស៊ី(APA) នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនេះ នាព្រឹកថ្ងៃទី២​ ខែតុលា នៅសណ្ឋា​គារ​សុខាភ្នំពេញ និងរ៉េស៊ីដង់។ ​វត្តមានសមាជិកសភាតំបន់អាស៊ីចំនួន២៥ប្រទេស ដែលនឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនាពេលនេះ ជាចំនួនច្រើន បើធៀបទៅនឹងកិច្ចប្រជុំនានារបស់វេទិកាសភានេះ នាពេលកន្លងមក។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំនេះ ធ្លាប់បានគូសបញ្ជាក់ថា វត្តមានសមាជិកសភា តំបន់អាស៊ីក្នុងចំនួនច្រើន ដែលបានចូលរួមកិច្ចប្រជុំនាពេលនេះ បានបង្ហាញពីការជឿជាក់ និងការផ្តល់កិត្តិយសយ៉ាងធំធេងរបស់ប្រទេសជាមិត្តមកលើ រាជរដ្ឋាភិបាល និងសភាកម្ពុជា ដែលបានខិតខំយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាព និងការថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោកនោះ។

សមាជិកសភាតំបន់អាស៊ី ដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ មានប្រទេសអាហ្គានីស្ថាន, ប៉ារ៉ែន, បង់ក្លាដេស, ប៊ូតាន, ចិន, ស៊ីព្រូស, ឥណ្ឌា, ឥណ្ឌូនេស៊ី, អ៊ីរ៉ង់,អ៊ីរ៉ាក់, ហ្សកដង់, គុយវ៉ែត,ឡាវ, ម៉ាឡេស៊ី, នេប៉ាល់, កូរ៉េខាងជើង, ប៉ាគីស្ថាន, ប៉ាឡេស្ទីន, រុស្ស៊ី, សោឌីអារ៉ាប់បី, ស៊ីរ៉ី, ថៃ, តួកគី, អារ៉ាប់រួម, វៀតណាម, និងកម្ពុជា។ ក្នុងចំណោមគណៈប្រតិភូសភាចំនួន២៦ប្រទេសនេះ មាន៣ប្រទេស ដឹកនាំ ដោយប្រធានស្ថាប័ននីតិប្បញ្ញត្តិរបស់គេតែម្តង គឺមានប្រទេសប៉ាគីស្ថាន និងប៊ូតាន ដឹកនាំដោយប្រធានព្រឹទ្ធសភា។ ប្រទេសថៃ ដឹកនាំដោយប្រធាន រដ្ឋសភា។

សូមជម្រាបថា សភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាប្រធានសភាតំបន់អាស៊ីនេះ តំាងពីឆ្នាំ២០១៥មក។ ​អនុវត្តតាមធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង នៃវេទិកាអន្តរសភាមួយនេះ សភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតចំនួនពីរឆ្នាំជាប់ៗគ្នា គឺមហាសន្និបាតលើកទី៨ នៅឆ្នាំ២០១៥ មហាសន្និបាតលើកទី៩ នៅឆ្នាំ២០១៦ និងកិច្ចប្រជុំក្រុមប្រឹក្សា​ប្រតិបត្តិ និងគណៈកម្មាធិការអិចន្រ្តៃយ៍នៃស្ថាប័ននេះមួយចំនួនទៀត។ ការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិពេលនេះ ជាកាតព្វកិច្ចចុងក្រោយរបស់សភាកម្ពុជា ក្នុងតួនាទីជាប្រធានសភាតំបន់អាស៊ីនេះ។

កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ីនាពេលនេះ និងពិភាក្សាឲ្យយោបល់លើសេចក្តីព្រាងសេចក្តី សម្រេចចំនួន២៤ នៃគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន៤របស់អេភីអេ ដែលមាន គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការនយោបាយ មាន៧សេចក្តី ព្រាងសេចក្តីសម្រេច។ គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព មាន៦សេចក្តីព្រាងសេចក្តីសម្រេច។ គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក​ មាន១សេច​ក្តីព្រាងសេចក្តីសម្រេច និងគណៈកម្មាធិការអចិន្រ្តៃយ៍ ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ មាន១០សេចក្តីព្រាងសេចក្តីសម្រេច។

លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នេះ នឹងបញ្ជូនទៅប្រជុំបន្តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី នៅប្រទេសតួកគី នៅខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ប្រទេសតួកគីទទួលធ្វើជាប្រធានសភាតំបន់អាស៊ីបន្តពីកម្ពុជា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh