ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងប្រជាពលរដ្ឋនៃសហគមន៍សន្សំប្រាក់សង្កែ មកស្នើសុំសម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍ការពារទ្រព្យសម្បត្តិ និងបំណុលរបស់សហគមន៍សន្សំប្រាក់សង្កែ
តំណាងប្រជាពលរដ្ឋនៃសហគមន៍សន្សំប្រាក់សង្កែ មកស្នើសុំសម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍ការពារទ្រព្យសម្បត្តិ និងបំណុលរបស់សហគមន៍សន្សំប្រាក់សង្កែ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/30/2017 9:53:17 AM )

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយក្រុម ដឹកនាំដោយតំណាងចំនួន៥នាក់ បានធ្វើដំណើរមកដល់វិមានរដ្ឋសភា ដើម្បីស្នើសុំ សម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍ការពារទ្រព្យសម្បត្តិ និងបំណុលរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍សន្សំប្រាក់សង្កែ។

លោក អ៊ុច ផល្លា ជាតំណាងប្រជាពលរដ្ឋបានអោយដឹងថា សហគមន៍សន្សំប្រាក់សង្កែ បានកកើតឡើងតាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយមានការ ចូលរួមពីប្រជាពលរដ្ឋចំនួន៤សហគមន៍នៃឃុំចំនួន៤ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង រួមមាន ទី១សហគមន៍សន្សំប្រាក់វឌ្ឍនៈ ស្ថិតក្នុងភូមិ ទួលស្លែង ឃុំអូដំបង២ ទី២សហគមន៍សន្សំប្រាក់អូមុន្នី ស្ថិតក្នុងភូមិអូមុនី្ន១ ឃុំអន្លង់វិល ទី៣សហគមន៍សន្សំប្រាក់ខេមរា ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ទី៤សហគមន៍សន្សំប្រាក់កំពង់ព្រៀងស្ថិតក្នុងភូមិថ្មី ឃុំកំពង់ព្រៀង ដែលបច្ចុប្បន្នគ្រប់គ្រងដោយ លោក ​មាស ឆន។ តំណាងប្រជា ពលរដ្ឋបានអះអាងថា សហគមន៍សន្សំប្រាក់សង្កែ មានប្រជាពលរដ្ឋចូលរួមប្រមាណ១០០០០នាក់ នៅក្នុងចំណោមឃុំទាំង៤ខាងលើ។

លោក អ៊ុច ផល្លា បន្តថា កាលពីពេលកន្លងមក លោក ​មាស ឆន បានដូរឈ្មោះសហគមន៍សន្សំប្រាក់ខាងលើ ពីសហគមន៍សន្សំប្រាក់សង្កែ ទៅជាសហគមន៍សន្សំប្រាក់កម្ពុជា ដែលការប្ដូរឈ្មោះនេះបានរំលោភបំពានលក្ខន្តិកៈ​ លេបត្របាក់ទ្រព្យសម្បត្តិ និងបំណុល របស់សហគមន៍សន្សំ ប្រាក់សង្កែ។ ហេតុដូច្នេះហើយទើបប្រជាពលរដ្ឋទាំងអស់ ចាត់តំណាងធ្វើដំណើរមករដ្ឋសភានៅភ្នំពេញ ដើម្បីស្នើសុំសម្តេចប្រធានរដ្ឋសភា មេត្តាធ្វើ​អន្តរាគមន៍ ជួយការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើផង។

នៅពេលមកដល់មុខវិមានរដ្ឋសភា តំណាងប្រជាពលរដ្ឋត្រូវបានអនុញ្ញាតឲ្យចូលយកញត្តិ ទៅដាក់នៅគណៈកម្មការជំនាញទទួលពាក្យបណ្តឹងរបស់ រដ្ឋសភា ដើម្បីពិនិត្យ និងរាយការណ៍ជូនសម្ដេចប្រធានរដ្ឋសភាជួយធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh