ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរដ្ឋទូតវៀតណាមចប់អាណត្តិមើលឃើញថា កិច្ចសហប្រតិបត្តិកម្ពុជា-វៀតណាម មានស្ទើរគ្រប់វិស័យ និងគ្រប់កម្រិត
ឯកអគ្គរដ្ឋទូតវៀតណាមចប់អាណត្តិមើលឃើញថា កិច្ចសហប្រតិបត្តិកម្ពុជា-វៀតណាម មានស្ទើរគ្រប់វិស័យ និងគ្រប់កម្រិត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/29/2017 12:18:12 AM )

ឯកឧត្តម ថាច់ហ្សូ (Thach Du) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម ដែលចប់អាណត្តិ បានមើលឃើញថា ចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាម ដែលមានលក្ខណៈជាប្រពៃណី បានកំពុងរីកចម្រើនគ្របដណ្តប់ស្ទើរគ្រប់វិស័យ និងគ្រប់កម្រិត នៅក្នុងរយៈពេលចុងក្រោយនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងដូច្នេះ នៅពេលដែលបានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា មុនពេលដែល ឯកឧត្តមឯកអគ្គរដ្ឋទូត ត្រូវបានបញ្ចប់បេសកកម្មការទូតពីកម្ពុជា​។

ឯកឧត្តម ថាច់ហ្សូ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅក្នុងរយៈពេលបីឆ្នាំដែលឯកឧត្តមបានបំពេញបេសកកម្មនៅកម្ពុជា គឺបានមើលឃើញថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាម បានរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញ ទៅមកនៃប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត ស្ថាប័ន ក្រសួង មន្ទីរ ជាច្រើននៃប្រទេសវៀតណាម និងកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកធនធានចំណេះដឹងពីគ្នាទៅវិញទៅមកក្នុងការបម្រើផលប្រយោជន៍ ប្រជាជន និងប្រទេសទំាងពីរថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលចប់អាណត្តិ ក៏បានលើកឡើងដែលថា ក្រៅពីចំណងការទូត និងកិច្ចសហប្រតិបត្តិការជាបងប្អូន ត្រូវបាន ពង្រឹងពង្រីកឥតឈប់ឈរនោះ ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម មានការកើនឡើងជាលំដាប់ ដែលគិតត្រឹមឆ្នាំ២០១៧ គឺមានទំហំ ៣០០លាន ដុល្លារហើយ ខណៈដែលក្នុងឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩ មានប្រមាណតែ ១៣០លាន​ដុល្លារ ប៉ុណ្ណោះ។

ឯកឧត្តម  ថាច់ហ្សូ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ឯកឧត្តមសមាជិកសមាជិការដ្ឋសភាកម្ពុជាទំាងអស់ ដែលតែងតែគំាទ្រ និងបង្ក លក្ខណៈងាយស្រួលដល់ការបំពេញបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងរយៈពេល៣ឆ្នាំមកនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែល ឯកឧត្តម ថាច់ហ្សូ បានបំពេញរយៈពេលកន្លងមក ក្នុងការពូន ជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យរឹងមាំឡើងជាលំដាប់។ សម្តេចមានជំនឿថា ទោះបីជាថ្ងៃអនាគត ឯកឧត្តមត្រូវទទួលភារកិច្ច ថ្មីក្តី តែឯកឧត្តមនៅតែជួយបន្តថែរក្សាកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក្នុងការពូនជ្រុំឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទំាងពីររឹងមាំបន្តទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh