ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរដ្ឋទូតបារាំង៖ សភាបារំាងនឹងតែងតំាងក្រុមមិត្តភាពសភាបារំាង-កម្ពុជា ក្នុងអាណត្តិថ្មីដើម្បីជំរុញ​ កិច្ចសហប្រតិបត្តិ សភាប្រទេសទំាងពីរ
ឯកអគ្គរដ្ឋទូតបារាំង៖ សភាបារំាងនឹងតែងតំាងក្រុមមិត្តភាពសភាបារំាង-កម្ពុជា ក្នុងអាណត្តិថ្មីដើម្បីជំរុញ​ កិច្ចសហប្រតិបត្តិ សភាប្រទេសទំាងពីរ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (9/28/2017 12:37:01 AM )

ក្នុងពេលជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវ អីុវ៉ា ង្វៀនប៊ីញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតថ្មីទើបតែងតាំង នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាប សម្តេចប្រធានរដ្ឋសភាថា សភាប្រទេសបារំាងនឹង ធ្វើការតែងតំាងប្រធានក្រុមមិត្តភាពសភាបារំាង-កម្ពុជា ឡើងវិញនៅក្នុងពេលឆាប់ៗនេះ ក្នុងនីតិកាលថ្មី បន្ទាប់ពីប្រទេសបារំាងធ្វើការបោះឆ្នោតជ្រើស រើសប្រធានាធិបតីថ្មីហើយសភានីតិកាលថ្មី បានបង្កើតនោះ។

លោកជំទាវ អីុវ៉ា ង្វៀនប៊ីញ បានមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា​ កាលពីខែមិថុនា ក្នុងឆ្នាំ២០១៧នេះ ហើយលោកជំទាវ បានចូលថ្វាយ​សារតំាង ចំពោះព្រះមហាក្សត្រកម្ពុជាកាលពីខែកក្កដា។ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកជំទាវ​ បានចូលជួបសម្តែង ការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។

លោកជំទាវបានលើកឡើងថា នៅពេលក្រុមមិត្តភាពសភាបារំាង-កម្ពុជាថ្មី ត្រូវបានតែងតំាងហើយនោះ កិច្ចសហប្រតិបត្តិការរវាងសភា ប្រទេសបារាំង និងកម្ពុជា នឹងកាន់តែរឹងមាំ​រីកចម្រើនឡើង។ ទោះជាយ៉ាងណា លោកជំទាវ បានលើកឡើងថា កម្ពុជានិងបារំាង មានចំណងមិត្តភាពជាប្រវត្តិសាស្រ្ត និងបានគ្របដណ្តប់ស្ទើរគ្រប់វិស័យ ដែលនៅក្នុងនោះមានខាង​វិស័យវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត អប់រំជាដើម។

លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា បារំាងជាប្រទេសមួយដែលនិស្សិតកម្ពុជា ចង់ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ បារំាងបានជួយកម្ពុជា នៅក្នុងដំណើរការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក មានប្រាសាទអង្គរវត្ត ជាដើម។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រចំពោះបេសកកម្មការ​ទូតរបស់ លោកជំទាវ  អីុវ៉ា ង្វៀនប៊ីញ នៅកម្ពុជា និងបាន បញ្ជាក់ថា រដ្ឋសភាកម្ពុជាបានត្រៀមលក្ខណៈ​ ក្នុងកិច្ចសហប្រតិបត្តិការ និងការបង្កលក្ខណៈងាយស្រួលក្នុងការបំពេញបេសកកម្មការទូតរបស់ លោក ជំទាវ​។ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនបារំាង ដែលបានជួយគំាទ្រ ឧបត្ថម្ភ ដល់កម្ពុជារហូតមក។ ពិសេស ប្រទេសបារំាងគឺជាសហប្រធានដ៏សំខាន់មួយ ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh