ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភានិង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រារព្ធពិធីជូនដំណើរព្រលឹងដូនតា នៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ
សម្តេចប្រធានរដ្ឋសភានិង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រារព្ធពិធីជូនដំណើរព្រលឹងដូនតា នៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/21/2017 8:54:51 PM )

ក្រោយមួយថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋដែលជាអ្នកមានជំនឿលើវិស័យព្រះពុទ្ធសាសនា តែងមានទម្លាប់ធ្វើពិធីជូនដំណើរដូនតាវិលត្រឡប់ ទៅកាន់ទីស្ថានដែលពួកគាត់តាំងនៅវិញ។ ជំនឿ និងពិធីបែបនេះ ដូនតាខ្មែរយើងតែងធ្វើឡើងអស់កាលដ៏យូរលង់ណាស់មកហើយ។ ដោយឡែកនៅ ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មន្រ្តីអ្នកមុខអ្នកការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានរៀបចំធ្វើពិធីជូនដំណើរដូនតានេះឡើងយ៉ាងអធិកអធមនៅតំបន់អភិវឌ្ឍន៍ ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិ អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

​នេះជាឆ្នាំទី២ហើយ ដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ រួមទាំងមន្រ្តីអ្នកមុខអ្នកការ និងប្រជាពលរដ្ឋ បានរៀបចំពិធីជូនដំណើរព្រលឹងដូនតានៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌនៅតំបន់អភិវឌ្ឍន៍ ហេង​ សំរិន អន្លង់ជ្រៃ ដោយមានការប្រណាំង ទូកត្នោត និងទូក(ង)ផង ដែលឆ្នាំនេះមានទូកចូលរួមចំនួន២៦ មកពីខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ហើយនៅពេលរាត្រីក៏មានការបាញ់កាំជ្រួច ដើម្បី ញាំងកម្មវិធីនេះ ឲ្យកាន់តែសប្បាយរីករាយដល់បងប្អូនដែលរស់នៅក្នុងតំបន់នេះ និងមកពីតំបន់ដទៃទៀត។

​សកម្មភាពនិងទិដ្ឋភាពទាំងនេះ បានបញ្ជាក់ថា ដោយសារប្រទេសជាតិយើង ទទួលបានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចំរើនជា លំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យនៅស្ថិតស្ថេរជានិច្ច ដើម្បីយើងទាំងអស់គ្នាអាច ធ្វើបុណ្យធ្វើទាន និងកំសាន្តសប្បាយបានជាយូរអង្វែងតទៅ ព្រោះថាបើប្រទេសជាតិកើតកលិយុគហើយ អ្វីៗទាំងអស់វានឹងបាត់បង់ទៅវិញ ហើយវា នឹងផ្ដល់នូវផលវិបាកសម្រាប់កូនចៅយើងជំនាន់ក្រោយជាថ្មីម្តងទៀតជាក់ជាមិនខានឡើយ។

​សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍ ហេង សំរិន អន្លង់ជ្រៃ គឺជាតំបន់ស្ថិតនៅជាប់ព្រំដែនប្រទេសវៀតណាម កំពុងមានការកែប្រែមុខមាត់ថ្មីគួរឲ្យកត់សម្គាល់ ហើយចំពោះទីប្រារព្ធពិធីជូនដំណើរព្រលឹងដូនតាព្រមទាំងមានការប្រណាំងទូកត្នោត និងទូក(ង) នាពេលនេះផងនោះ បានក្លាយជាតំបន់ដ៏ទាក់ទាញ អ្នកមកកំសាន្តនៅទីនេះ ជាពិសេសនៅរដូវចូលឆ្នាំ និងរដូវបុណ្យភ្ជុំ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh