ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងថ្នាក់ដឹកនាំសភាសមាជិកអាយប៉ា ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីហ្វីលីពីន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងថ្នាក់ដឹកនាំសភាសមាជិកអាយប៉ា ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីហ្វីលីពីន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/19/2017 5:13:00 PM )

ថ្នាក់ដឹកនាំគណៈប្រតិភូសភាប្រទេសសមាជិកអាយប៉ាទាំង១០ បានជួបសវនាការជាមួយ ឯកឧត្តម RodrigoR Duterte ប្រធានាធិបតី សាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នាសណ្ឋាគារ Makati Shangri La នាទីក្រុងម៉ានីល ដែលជាថ្ងៃបិទបញ្ចប់ មហាសន្និបាតលើកទី៣៨ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) ដែលប្រទេសហ្វីលីពីន​ទទួលធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីបានលើកឡើងថា ប្រទេសហ្វីលីពីនមានកិត្តិយសណាស់ នៅក្នុងឆ្នាំ២០១៧នេះ ដែលបានធ្វើម្ចាស់ផ្ទះ ជំនួបកំពូលអាស៊ានផង និងបានធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតរបស់អាយប៉ាទៀត។ ឯកឧត្តម RodrigoR Duterte មានប្រសាសន៍ថា មហាសន្និបាតអាស៊ានលើកទី៣៨ ក្រោមប្រធានបទ “អាយប៉ា និងអាស៊ាន គឺជាដៃគូដើម្បីការផ្លាស់ប្តូរប្រកបដោយបរិយាប័ន្ន“ ពិតជាមាន សារៈសំខាន់ណាស់ ពីព្រោះថាអាយប៉ា និងអាស៊ាន ត្រូវរួមសហការគ្នាដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យសមាហរណកម្មអាស៊ាននៅឆ្នាំ២០២៥។

ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការចែករំលែកបទពិសោធន៍នានារបស់សមាជិកសភាអាស៊ានទាំងអស់ ក្នុងការតាក់តែងសេចក្តី សម្រេចនានាឡើង ដើម្បីជំរុញនិង​លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ អាស៊ានមានបញ្ហារួមដែលត្រូវដោះស្រាយ ហើយក៏មាន ផលប្រយោជន៍រួមក្នុងការទទួលបានការអភិវឌ្ឍប្រកបដោយចីរភាពទាំងអស់គ្នាដែរ។

ក្នុងនាមរដ្ឋាភិបាលប្រទេសសមាជិកអាស៊ានមួយ ឯកឧត្តម Rodrigo R Duterte បានគាំទ្រចំពោះសកម្មភាពរបស់អាយប៉ា និងស្នើសូមឲ្យអ្នក តាក់តែងច្បាប់របស់អាយប៉ា បញ្ចេញមតិយោបល់ក្នុងនាមជាតំណាងរាស្រ្ត ក្នុងការដោះស្រាយបញ្ហារួមជាវិជ្ជមាននូវរាល់បញ្ហារបស់អាស៊ាន​។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតីក៏បានអំពាវនាវដល់អាស៊ាន និងអាយប៉ា រួមសាមគ្គីគ្នាឲ្យកាន់តែស៊ីជម្រៅ ដើម្បីទិសដៅសហគមន៍មួយ វាសនាតែមួយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh